អង់គ្លេស៖ លោក Antonio Conte បានប្រាប់លោក Mikel Arteta ឱ្យឈប់ត្អូញត្អែរ បន្ទាប់ពីក្រុម មាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal 3-0 ក្នុងការប្រកួតដ៏ចម្រូងចម្រាសនៅជំនួប North London Derby កាលពីយប់ថ្ងៃព្រហស្បតិ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពីរគ្រាប់របស់ Harry Kane ក្នុងតង់ទីមួយ និងមួយគ្រាប់ទៀតពី Heung Min Son នៅតង់ទី២ បានជួយឱ្យ Spurs ទទួលជ័យជម្នះនៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេ ហើយបន្តគម្លាតតែ១ពិន្ទុប៉ុណ្ណោះពី Arsenal ដែលធ្វើឲ្យការប្រកួតដណ្តើមយកចំណាត់លេខបួនយកកៅអីក្របខ័ណ្ឌ Champions League កាន់តែតានតឹង។

ជាការពិតណាស់ អ្វីដែលធ្វើឲ្យការប្រកួតនេះ មានភាពចម្រូងចម្រាស គឺកីឡាករនៃក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើននៅលើទីលាន រហូតបណ្ដាលឲ្យខ្សែការពារ Arsenal កីឡាករ Rob Holding ត្រូវបានបណ្ដេញចេញពីទីលានទៀតផង បន្ទាប់ពីបង្កកំហុសលើម្ចាស់អាវលេខ៧របស់ក្រុម Spurs កីឡាករ Son ទទួលបានកាតក្រហម។

ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួតលោក Arteta បានឆ្លៀតនិយាយាដៀមដាមថា៖
ខ្ញុំមិនអាចធ្វើអ្វីផ្ដេសផ្ដាសទេ ព្រោះខ្ញុំចង់ឈរបញ្ជាកូនក្រុមក្នុងការប្រកួតនៅថ្ងៃច័ន្ទ(ទល់នឹង Newcastle) ។ អត់កុហកទេ បើខ្ញុំហ៊ានតែនិយាយរឿងហ្នឹង ខ្ញុំនឹងត្រូវព្យួរឈ្មោះ អ៊ីចឹងខ្ញុំមិនចង់ទេ។
មិនបង្អង់យូរក្រោយឮដូចនេះ លោក Conte បានតបទៅវិញ៖
Mikel Arteta កំពុងធ្វើការងារបានល្អ ប៉ុន្តែខ្ញុំបានឮគាត់ត្អូញត្អែរច្រើនណាស់។ខ្ញុំគិតថាគាត់ត្រូវតែផ្តោតលើក្រុមរបស់គាត់បន្ថែមទៀត ហើយឈប់ត្អូញត្អែរ។
