បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារនៅលើគណនី Facebook របស់ខ្លួន ក្រោយឈ្នះពានកីឡាករល្អបំផុតប្រចាំខែរបស់ Premier League ជាលើកទី ២ នៅរដូវកាលនេះ។

ជាការពិតណាស់ នាជំនួបសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ Premier League យប់មិញនេះ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Norwich City ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២, ក្នុងនោះ ៣ គ្រាប់របស់ក្រុមបិសាចក្រហមគឺរកបានដោយ Ronaldo ទាំង ៣ គ្រាប់ ពោលគឺនៅនាទីទី ៧, ៣២ និង ៧៦។

គួរដឹងថា Ronaldo បានបំបាក់កីឡាករគូប្រជែងចំនួន ៧ នាក់រួមមាន Kevin De Bruyne, Gabriel Jesus, Son, Thiago Alcantara, Bruno Guimaraes, Leandro Trossard និង Nathan Collins ដើម្បីក្លាយជាកីឡាករល្អបំផុតរបស់ Premier League ប្រចាំខែ មេសា។
ក្រោយឈ្នះពានកីឡាករល្អបំផុតរបស់ Premier League ប្រចាំខែ មេសា Ronaldo បានបង្ហោះសារយ៉ាងដូច្នេះថា៖
នេះជាលើកទី ២ សម្រាប់ខ្ញុំដែលបានឈ្នះពានកីឡាករល្អបំផុតប្រចាំខែរបស់ Premier League, ហើយវាក៏ជាពានទី ៦ ផងដែរនៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះវានៅថ្ងៃនេះ, ការស្រែកឃ្លាននូវជ័យជម្នះ និងការសម្រេចបាននូវសមិទ្ធផលទាំងឡាយជាបន្តបន្ទាប់។ អរគុណអ្នកគ្រប់គ្នាដែលបានជួយខ្ញុំឱ្យសម្រេចបានរឿងមួយនេះ៕