ភ្នំពេញ៖ ថ្ងៃទី ០៤ ឧសភា ២០២២ - គណៈប្រតិភូ ក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយ អង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃនេះ បានជួបប្រជុំជាមួយនឹង ថ្នាក់គ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាតដែលអាចប្រើសេវា ហៅឆ្លងប្រទេស និងអ៊ិនធឹណិត ចំនួន ៧០០ ស៊ីម ដល់អត្តពលិកនិងគណៈប្រតិភូកម្ពុជា សម្រាប់ការប្រើប្រាស់ អំឡុងពេលចូលរួមក្នុង ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អត្តពលិក និងគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣១ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១២ ដល់ ២៣ ខែឧសភា ឆ្នាំ ២០២២។
ជាការជួយគាំទ្រ ដល់អត្តពលិក និង គណៈប្រតិភូកម្ពុជា ក្នុងការចូលរួម បេសកកម្មកីឡា នៅប្រទេសវៀតណាមនោះ ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និង បច្ចេកវិទ្យាឌីជីថលឈានមុខគេ នៅកម្ពុជាបានជួយផ្ដល់ស៊ីមកាត ដែលអាចប្រើប្រាស់សេវាហៅ ឆ្លងប្រទេសនិងអ៊ិនធឹណិត ក៏ដូចជាចំនួននាទីនៃការហៅចេញ សម្រាប់ឲ្យពួកគាត់ប្រើប្រាស់ ដោយឥតគិតថ្លៃនៅពេលកំពុង ស្ថិតនៅក្នុងប្រទេសវៀតណាម ។

លោក កៅ ម៉ាញ ឌឹក មានប្រសាសន៍ថា៖
“ក្នុងនាមជាក្រុមហ៊ុនឯកជន មួយដែលធ្វើប្រតិបត្តិការ អាជីវកម្មនៅកម្ពុជាអស់រយៈពេលជាង មួយទសវត្ស ហើយនោះ ក្រុមហ៊ុនមិតហ្វូន តែងមានមោទនភាព ក្នុងការចូលរួមចំណែកត្រលប់ទៅវិញ ដល់សង្គមរបស់កម្ពុជា ។ នៅពេលនេះ យើងបានគាំទ្រដល់អត្តពលិក និង គណៈប្រតិភូរបស់កម្ពុជា តាមរយៈការផ្ដល់ស៊ីមកាត ដើម្បីឲ្យពួកគាត់អាច ប្រើប្រាស់ទូរស័ព្ទ និង សេវាអ៊ិនធឹណិត ដោយឥតគិតថ្លៃ អំឡុងពេលបេសកកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅក្នុងប្រទេសវៀតណាម”។
លោក បានបន្តទៀតថា៖
“យើងសូមជូនពរ ឲ្យអត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា ធ្វើដំណើរ ដោយសុវត្ថិភាព និងពាំនាំមកនូវ ជោគជ័យសម្រាប់ជាតិ ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ” ។
មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធ ច្រើនបំផុត សម្រាប់បម្រើសេវាជូនប្រជាជនកម្ពុជាប្រមាណ ៩ លាន នាក់ ៕
