យល់ដឹង៖ មនុស្សភាគច្រើនអាចនឹងគិតថាប្តីប្រពន្ធឱ្យតែលែងលះគ្នា គឺដឹងតែលែងជួបមុខគ្នា ឬឈប់និយាយរកគ្នាហើយ ប៉ុន្តែតាមពិតទៅ ប្តីប្រពន្ធទោះបីជាត្រូវបែកបាក់គ្នាក៏ដោយ ក៏មិនមែនបានន័យថាត្រូវធ្វើជាសត្រូវនឹងគ្នានោះទេ គឺនៅតែអាចរាប់អានគ្នាធ្វើជាបងជាប្អូន ឬជាមិត្តបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្តីប្រពន្ធដែលបែកបាក់គ្នាហើយ តែនៅតែអាចរាប់អានគ្នាបាន នោះក៏ព្រោះតែហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបធ្វើឱ្យប្តីប្រពន្ធដែលលែងលះគ្នាហើយ គឺនៅតែអាចរាប់អានគ្នា អញ្ចឹងហើយ មិនចាំបាច់ឆ្ងល់ទេថាគេធ្វើចិត្តបែបណា ទើបអាចនៅរាប់អានគ្នាបានទៀតនោះ។
ហេតុផល៤យ៉ាង ដែលប្តីប្រពន្ធបែកបាក់គ្នាហើយ នៅតែអាចរាប់អានគ្នាបាន៖
១. ដើម្បីកូនៗ

ជាការពិត ប្តីប្រពន្ធដែលបែកបាក់គ្នាហើយ ម្នាក់ៗច្បាស់ជាមានកូនចិត្ត មិនសប្បាយចិត្តជាមួយគ្នាហើយ ក៏ប៉ុន្តែដើម្បីផ្តល់ភាពកក់ក្តៅដល់កូនៗ ហើយក៏មិនចង់ឱ្យកូនៗ ត្រូវទទួលរងសម្ពាធពីមនុស្សធំ ទើបធ្វើឱ្យមនុស្សពីរនាក់ដែលជាឪពុកម្តាយ ត្រូវសម្រេចចិត្តនៅបន្តរាប់អានគ្នាជាបងជាប្អូនឬជាមិត្តនឹងគ្នាដើម្បីជួយគ្នាមើលថែកូន។
២. ព្រមទទួលយកការពិត

នៅលើលោកនេះ គ្មានអ្វីដែលអាចនៅស្ថិតស្ថេររហូតបាននោះទេ គ្រាន់តែយូរឬក៏ឆាប់តែប៉ុណ្ណោះ ហើយរាល់ការជួបជុំក៏ដូចគ្នា បើមានជួបគឺត្រូវតែមានព្រាត់ ដូច្នេះមានតែទទួលស្គាល់ការពិត ហើយរៀនសប្បាយចិត្តជាមួយនូវអ្វីដែលកំពុងតែមានក្នុងពេលបច្ចុប្បន្នទេ ទើបមានក្តីសុខខ្លះ ម្យ៉ាងដោយសារតែការយល់ឃើញបែបនេះហើយ ទើបធ្វើឱ្យមនុស្សនាក់ដែលលែងលះគ្នាហើយ គឺនៅតែអាចបន្តរាប់អានគ្នាបាន។
៣. ពេលជាប្តីប្រពន្ធ មិនសូវស្រលាញ់គ្នា

នៅពេលជាប្តីប្រពន្ធនឹងគ្នា មនុស្សពីរនាក់មិនសូវស្រលាញ់គ្នា ដូច្នេះមនោសញ្ចេតនារវាងគ្នា ក៏មិនស៊ីជម្រៅខ្លាំងដែរ ទើបវាក្លាយទៅជាហេតុផលមួយ ដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នាហើយ នៅតែអាចបន្តនៅក្បែរ និងរាប់អានគ្នាក្នុងនាមជាមិត្តបាន ហើយក៏មិនសូវមានអារម្មណ៍ថាទើសទាល់គ្នាដែរ។
៤. ម្នាក់ៗមានគំនិតចាស់ទុំ

ក៏ព្រោះតែម្នាក់ៗមានគំនិតចាស់ទុំ មិនធ្វើចរិតដូចកូនក្មេងនេះហើយ ទើបធ្វើឱ្យប្តីប្រពន្ធដែលលែងលះគ្នាហើយ នៅតែបន្តរាប់អានគ្នាជាមិត្តបាន ព្រោះរាល់ការដែលបែកបាក់គ្នាហើយ មិនមែនមានន័យថាត្រូវធ្វើជាសត្រូវនឹងគ្នា ឬចែកពិភពលោកគ្នារស់នៅនោះទេ ម្យ៉ាងមនុស្សយើងម្នាក់ៗក៏មិនត្រូវរស់នៅឱបទុក្ខ និងភាពសោកសៅពេញមួយជីវិតដែរ គឺត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបរស់នៅមានក្តីសុខ៕