អង់គ្លេស៖ អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United គឺលោក Patrice Evra បានប្រកាសជាផ្លូវការថាលោកនឹងឡើងសង្វៀនប្រដាល់លើកដំបូងបង្អស់ជាមួយ តារាល្បីក្នុង Youtube គឺលោក Adam Saleh ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី៣០ខែ មេសា ដោយទីតាំងប្រកួតស្ថិតនៅឯ The O2 Arena ស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

Evra ធ្លាប់ចំណាយពេលហ្វឹកហាត់និងលេងបាល់តាំងពីឆ្នាំ១៩៩២ មុននឹងប្រកាសព្យួរស្បែកជើងនៅឆ្នាំ២០១៩ ដោយក្នុងនោះរូបគេធ្លាប់ចំណាយពេល ៨ឆ្នាំស្នាក់នៅទឹកដី Old Trafford ដោយ Sir Alex Ferguson ធ្លាប់កោតសរសើរថាគេជាខ្សែការពារឆ្នើមបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

យ៉ាងណាមិញ Evra សម្រេចចិត្តថានឹងលេចមុខមកសារជាថ្មីតែមិនមែនក្នុងនាមជាកីឡាករបាល់ទាត់ទេ។ ម្ដងនេះរូបគេនឹងវិលត្រឡប់ក្នុងនាមជាកីឡាករប្រដាល់ ដែលគូប្រកួត Adam Saleh ធ្លាប់ឡើងសង្វៀនចំនួនបីដងរួចមកហើយខណៈដែល Evra ទើបតែឡើងសង្វៀនជាលើកដំបូង។


Evra បានប្រកាសក្នុងគណនីបណ្ដាញសង្គម Instagram ថា៖
ការប្រកួតនេះនឹងធ្វើឡើងនាថ្ងៃទី៣០ខែមេសា នៅ The 02 Arena នៅក្នុងទីក្រុង ឡុងដ៍។ ដូច្នេះខ្ញុំចង់ឲ្យគ្រួសារប្រិយមិត្តនៅអង់គ្លេសទាំងមូលជួយគាំទ្រនិងបង្ហាញក្ដីស្រឡាញ់គឺមិនមែនតែនៅឡុងដ៍ទេ គឺនៅអង់គ្លេសទាំងមូល។ ខ្ញុំពិតជាត្រូវការអ្នកទាំងអស់គ្នាដោយសារវានឹងក្លាយជារឿងដ៏ឆ្កួតមួយ។ ខ្ញុំពិតជារំភើបក្នុងការចូលរួមក្នុងការប្រកួតកីឡាប្រដាល់លើកទីមួយក្នុងឆាកជីវិត ព្រោះខ្ញុំតែងតែគោរពកីឡាករប្រដាល់។ វាមិនមែនត្រឹមតែកម្លាំងនិងភាពរឹងមាំប៉ុណ្ណោះទេគឺយើងត្រូវប្រើយុទ្ធសាស្ត្រនិងតិកនិក វាដូចនឹងការលេងអុកអ៊ីចឹង។ អ្វីដែលខ្ញុំរំភើបខ្លាំងនោះគឺវិធីសាស្ត្រនៃការហ្វឹកហាត់គឺពិតជាខុសប្លែកម្នាក់ម្ខាងពីវិធីដែលកីឡាករបាល់ទាត់ហ្វឹកហាត់។

ប្រភព៖ thesun