ជប៉ុនផ្តល់ថវិកា ជាង៥២ម៉ឺនដុល្លារ ​សាងសង់ស្ពាន និងប្រព័ន្ធធារាសាស្ត្រ​ ក្នុងខេត្តចំនួន៣នេះ

//s9.kh1.co/86/86e1745d210f0c5e9f372e04a6630bd459d9ff54.jpg
សង្គម

 ០២-មីនា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥២៧,១២២ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាននៅក្នុងខេត្តកណ្តាល និងខេត្តក្រចេះ និងប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥២៧,១២២ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាននៅក្នុងខេត្តកណ្តាល និងខេត្តក្រចេះ និងប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ជាប្រយោជន៍លើកស្ទួយដល់ការអភិវឌ្ឍនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះថា គម្រោងទី១ គឺការសាងសង់ស្ពានបេតុងនៅស្រុកកោះធំ ខេត្តកណ្តាល ដែលមានទឹកប្រាក់ជាង១២ម៉ឺនដុល្លារ សម្រាប់ការដាក់ជំនួសស្ពានឈើចាស់មួយកន្លែង ដែលបានសាងសង់កាលពីប្រហែល៧០ឆ្នាំមុន ដោយស្ពានបេតុងថ្មីវិញ។ សម្រាប់ជាអត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូនកសិផលទៅផ្សារ សិស្សទៅកាន់សាលារៀន ជាដើម។

គម្រោងទី២ គឺការសាងសង់ស្ពានបេតុងមួយកន្លែងដែលធន់នឹងទឹកជំនន់ នៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងទឹកប្រាក់ជាង១៣ម៉ឺនដុល្លារ។ តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៤ ដែលជារឿយៗមិនអាចធ្វើដំណើរចេញពីផ្ទះរបស់ពួកគាត់បាននៅរដូវវស្សា នឹងអាចមានលទ្ធភាពប្រើប្រាស់បរិក្ខារសាធារណៈនានាបានពេញមួយឆ្នាំ។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងលើកកម្ពស់សកម្មភាពរបស់កសិករ តាមរយៈការផ្តល់នូវផ្លូវដឹកជញ្ជូនប្រកបដោយសុវត្ថិភាពសម្រាប់ផលិតផលកសិកម្ម។

គម្រោងទី៣ គឺការជួសជុលទំនប់ទឹក និងទ្វារទឹកចំនួនពីរ និងការសាងសង់ទ្វារទឹកថ្មីចំនួនមួយ នៃប្រព័ន្ធធារាសាស្ត្រទានកាំ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងទឹកប្រាក់ជាង២៦ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ មានស្ថេរភាពបានពេញមួយឆ្នាំ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៤ពាន់នាក់ ដែលបានរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺននាក់ ដែលបានជួបប្រទះការខ្វះខាតទឹកម្តងម្កាល ដោយសារតែការបង្ហូរទឹកពីទំនប់ធំផ្នែកខាងលើ មកទំនប់ទានកាំ៕

https://s9.kh1.co/__image/w=650,h=488,q=100/cc/cca7c74ca04460102b881eab575066834d564c18.png
https://s9.kh1.co/__image/w=650,h=488,q=100/2d/2d504cbac6d770be4b9323d6ba26401133c78c20.png
https://s9.kh1.co/__image/w=650,h=488,q=100/73/73ffbb78c9c4f6e4c930f062c9a0e0296388fece.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T