យល់ដឹង៖ ជីវិតរបស់មនុស្ស តែងតែមានឡើងហើយក៏មានចុះ ការដែលទទួលបានសេចក្តីសុខក៏ដូចគ្នា ថ្ងៃខ្លះក៏សប្បាយ ហើយថ្ងៃខ្លះទៀតក៏កើតទុក្ខ វាមិនអាចនៅមួយកន្លែងនោះទេ ហេតុនេះហើយ បើថ្ងៃខ្លះ ជីវិតអ្នកហាក់បីដូចជាអស់សង្ឃឹមជាខ្លាំង អ្នករាល់គ្នាគួរតែកុំបាក់ទឹកចិត្តឱ្យសោះ ព្រោះបើជីវិតអ្នកអាចធ្លាក់ដល់ចំណុចសូន្យបាន នោះជីវិតរបស់អ្នកក៏អាចឡើងមកខ្ពស់ត្រដែតមកវិញបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអញ្ចឹងហើយ ប្រសិនបើជីវិតរបស់អ្នកនៅពេលនេះ កំពុងតែធ្លាក់ដល់ចំណុចសូន្យ ដែលជាចំណុចមួយធ្វើឱ្យអ្នកគិតថាពិតជាអស់សង្ឃឹម និងគ្មានឃើញកោះ គ្មានឃើញត្រើយនោះ ចូរអ្នកចងចាំចំពោះរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ លុះដល់ពេលដែលអ្នកចងចាំរឿងទាំងអស់នេះហើយ ទោះអ្នកធ្លាក់ដល់ចំណុចក្រោមសូន្យទៀត ក៏អ្នកនៅតែអាចព្យាយាមងើបមកវិញបានដែរ។
បើជីវិតអ្នកកំពុងធ្លាក់ដល់ចំណុចសូន្យ ចូរចងចាំរឿងទាំង៥យ៉ាងនេះ៖
១. អ្វីៗដែលអ្នកកំពុងជួប បន្តិចទៀតវានឹងរំលងផុត

មិនថានៅពេលនេះ ជីវិតរបស់អ្នកកំពុងតែជួបការលំបាក ឬធ្លាក់ដល់ចំណុចសូន្យ ដែលពិបាកនឹងបន្តដំណើរទៅមុខទៀតប៉ុណ្ណានោះទេ ចូរអ្នកត្រូវចងចាំថា អ្វីៗដែលអ្នកកំពុងតែជួបនៅពេលនេះ បន្តិចទៀតនេះ អ្នកនឹងរំលងបញ្ហាទាំងអស់នេះបាន ដោយគ្រាន់តែអ្នកអត់ធ្មត់ និងមានភាពរឹងមាំក្នុងការប្រឈមមុខ ជាមួយនឹងបញ្ហាទាំងអស់នេះ អ្នកច្បាស់ជាអាចមានកម្លាំងចិត្ត បន្តដំណើរទៅមុខទៀតបានជាមិនខាន។
២. ការព្រួយបារម្ភ និងការត្អូញត្អែរច្រើនវាមិនអាចជួយអ្វីបានឡើយ

បើទោះបីជាដឹងថា រាល់ពេលដែលជួបបញ្ហា យើងមិនអាចបញ្ឈប់ការគិត ការព្រួយបារម្ភ និងការត្អូញត្អែរច្រើនក៏ពិតមែន ប៉ុន្តែយើងរាល់គ្នាក៏ត្រូវចងចាំដែរថា នៅពេលដែលយើងមានការព្រួយបារម្ភ និងការត្អូញត្អែរច្រើន វាមិនត្រឹមតែមិនអាចជួយអ្វីបាននោះទេ តែវាថែមទាំងធ្វើឱ្យយើង កាន់តែមានសម្ពាធបន្ថែមទៀតផងដែរ ហេតុនេះហើយ ទោះប្រឹងគិតច្រើន ឬព្រួយបារម្ភច្រើនទៀត ក៏គ្មានជួយអ្វីបាន ឱ្យមានភាពល្អប្រសើរឡើងវិញបានដែរ។
៣. ការឈឺចាប់គឺជាមេរៀនជីវិត

រាល់ការឈឺចាប់ ដែលកើតមានឡើងនៅក្នុងជីវិត វាសុទ្ធសឹងតែបង្កប់នូវអត្ថន័យ និងមេរៀនជាច្រើន ដែលនៅសាលាមិនដែលបានបង្រៀន នោះគឺជាមេរៀនជីវិត ដែលវាចង់ហ្វឹកហាត់ឱ្យអ្នករាល់គ្នា ចេះមានការតស៊ូ និងមានភាពរឹងមាំជាងមុន ហេតុនេះហើយ បើជីវិតកំពុងតែធ្លាក់ដល់ចំណុចសូន្យ អ្នករាល់គ្នាត្រូវចងចាំថា ការឈឺចាប់គឺជាមេរៀនជីវិតមួយ ដែលអ្នករាល់គ្នាត្រូវរៀនសូត្យពីវា។
៤. ស្លាកស្នាមនៃជីវិត គឺជាកម្លាំងចិត្ត

ការបរាជ័យ ការឈឺចាប់ វាសុទ្ធសឹងតែផ្តល់ស្លាកស្នាមនៃជីវិត ដែលស្លាកស្នាមនោះ គឺជាកម្លាំងចិត្តដែលរុញច្រានឱ្យអ្នក មានថាមពលនិងចិត្តតស៊ូខ្លាំងជាងមុន អញ្ចឹងហើយ មិនថានៅពេលនេះ អ្នកស្ថិតនៅក្នុងស្ថានភាពបែបណាទេ តែត្រូវចងចាំថាស្លាកស្នាមនៃជីវិតទាំងនេះ គឺតែងតែជាកម្លាំងចិត្តរុញច្រានឱ្យជីវិតរបស់អ្នក មានភាពល្អប្រសើរជាងមុន ដូច្នេះហើយ កុំបាក់ស្បាតទៅតាមភាពអស់សង្ឃឹមមួយពេលឱ្យសោះ។
៥. អ្វីដែលល្អបំផុតដែលអ្នកគួរធ្វើ គឺបន្តទៅមុខទៀត

ទោះដឹងថាជីវិតពេលដែលធ្លាក់ដល់ចំណុចសូន្យ គឺពិតជាមិនចង់ធ្វើអ្វី ឬបន្តដំណើរទៅមុខទៀតបានក៏ពិតមែន ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកត្រូវតែចងចាំថា អ្វីដែលល្អបំផុតដែលអ្នកគួរតែធ្វើនោះ គឺការបន្តដំណើរទៅមុខទៀត មិនថាអ្នកត្រូវដួលប៉ុន្មានដងទៀតនោះទេ អ្នកក៏ត្រូវតែក្រោកឡើងមកវិញដែរ ព្រោះជីវិតបើមិនធ្លាប់ដួលទេ វាក៏មិនធ្វើឱ្យអ្នកចេះក្រោកឡើងមកវិញបានដោយខ្លួនឯងដែរ៕
ប្រភព៖ phunutoday