ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន! - Khmerload

ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន!

https://s9.kh1.co/2d/2db5592db71a20d147e55ea84cb89b77246bb561.jpg
យល់ដឹង
 26-Jan-2022 2pm · 4 months ago

ការស្រឡាញ់កូនមិនស្មើគ្នាតែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារ​ភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់​បង្គាប់​ជា​ដើម​។

ការស្រឡាញ់កូនមិនស្មើគ្នាតែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារ​ភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់​បង្គាប់​ជា​ដើម​។ ជួនកាល​ប៉ាម៉ាក់​អាចលំអៀងលើកូនម្នាក់ ហើយមិនសូវយកចិត្តទុកដាក់លើកូនផ្សេងទៀតទេ។ តើការស្រឡាញ់កូនមិនស្មើគ្នាជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរធ្វើបែបម៉េច? តើ​អាច​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​កូន​បែប​ណា?​

១. កូន​អាចក្លាយជាក្មេង​ខូច ឬទំនើង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅ ដោយសារប៉ាម៉ាក់ស្រឡាញ់ខ្លាំង ​អូនតូចអាចបញ្ចេញ​អារម្មណ៍​មិនល្អបាន​គ្រប់ពេល ទារកាដូ ឬរបស់របរបានច្រើន។ លើសពីនេះទៅទៀត អូនតូចតែងតែ​បាន​ចិត្ត ហើយគិតថាខ្លួន​អាចបំពានច្បាប់ទម្លាប់​គ្រួសារ​បាន ឬទារអ្វីក៏បាន។ កត្តាទាំងនេះអាច​ប៉ះពាល់​ដល់សមត្ថភាពរបស់អូនតូចក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងអ្នកផ្ទះ មិត្តរួមថ្នាក់ ​មិត្តរួមការងារ ឬជីវិតគូនៅថ្ងៃអនាគត។

២. ជំរុញ​ការ​ប្រជែង​គ្នា​រវាង​បងប្អូន​បង្កើត

អូនតូច​ដែល​ប៉ាម៉ាក់មិន​សូវ​ស្រឡាញ់អាចច្រណែន និងមានចិត្តប្រកួតប្រជែង​ជាមួយ​បង​ប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំងដើម្បីទទួលបានការសរសើរ​ និងការស្រឡាញ់ពីប៉ាម៉ាក់។ យូរៗទៅ​អាអូន​អាចលែងស្រឡាញ់បង ឬប្អូន ឬមិនសូវមានមនោសញ្ចេតនាជាមួយបងប្អូនឯង។

៣. ប៉ះពាល់ផ្លូវចិត្តកូន

អាអូននឹងមិនអាចបំភ្លេចបានទេថា ខ្លួន​មិនទទួលបានភាពស្មើគ្នា ឬភាព​យុត្តិធម៌​ពី​ប៉ាម៉ាក់ ហើយក៏កើតចិត្តស្អប់ មិនពេញចិត្ត ឬគុំកួននឹងប៉ាម៉ាក់ ឬបងប្អូន។ ម្យ៉ាងទៀត អាអូនអាចនឹងបញ្ចេញអាកប្បកិរិយាមិន​សមរម្យនៅក្នុងសាលា ឬជាមួយបង ឬប្អូន​ដែល​ប៉ាម៉ាក់ស្រឡាញ់ខ្លាំង។

ការខ្វះក្តីស្រឡាញ់ និងភាពយកចិត្តទុកដាក់នឹង​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​​ក្នុង​ជីវិត​របស់​អាអូន និងអាចបណ្តាល​ឱ្យ​កូន​​មានជំងឺបាក់ទឹក​ចិត្ត​នៅពេលធំឡើង។

៤. រារាំងទេពកោសល្យកូន

តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អ​នឹងចង់បង្ហាញ​ទេព​កោសល្យ​របស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរ​កូន​គ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។

នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យ​របស់​គេ​ទេ ព្រោះគិតថាធ្វើមិនល្អដូចបង ឬប្អូន ឬដោយសារខ្វះការគាំទ្រពីប៉ាម៉ាក់ ហើយ​ចាប់​ផ្តើម​សង្ស័យពីសមត្ថភាពខ្លួនឯង ហើយ​យូរៗទៅ​ទេពកោសល្យ​របស់កូន​នឹងត្រូវកប់​ទុក​ចោល។

៥. កូនខ្វះជំនឿចិត្តលើខ្លួនឯង

អារម្មណ៍ ​ឬ​ការ​យល់​ឃើញ​ថា​ជា​កូនដែល​ប៉ាម៉ាក់មិន​សូវ​ចូលចិត្ត ឬស្រឡាញ់​អាច​បណ្តាលឱ្យអាអូនមិនឱ្យតម្លៃខ្លួនឯង។ ឧទាហរណ៍ ការ​និយាយថា​កូន​ម្នាក់នេះឆ្លាត និងពូកែជាងគេ​ក្នុង​ចំណោម​កូន​ទាំងអស់អាច​បណ្តាលឱ្យកូនផ្សេងទៀត ជាពិសេស​កូន​ដែលរៀនខ្សោយជាងគិតថាខ្លួនអន់ ឬមិនពូកែ។ ពេលធំឡើង អាអូនអាចខ្វះ​ជំនឿ​ចិត្ត​លើខ្លួនឯង និងមិនអាចបំពេញ​ការងារបានល្អក្នុងជីវិត។

ការស្រឡាញ់កូនមិនស្មើគ្នាអាចប៉ះពាល់ដល់ផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូន។ ប៉ុន្តែ​មិន​អាចទៅរួចទេដែលប៉ាម៉ាក់ស្រឡាញ់កូនស្មើៗគ្នា ដូច្នេះដើម្បីបង្ការបញ្ហា ប៉ាម៉ាក់​គួរ​ចៀសវាង​ការរើសអើង ហើយ​ត្រូវផ្តល់ភាពស្មើគ្នា និងព្យាយាមរក្សាភាព​យុត្តិធម៌តាម​ដែល​អាច​ធ្វើ​ទៅបាន ព្រោះកូនៗទាំងអស់ត្រូវការការ​យកចិត្តទុកដាក់ និងក្តីស្រឡាញ់ស្មើៗ​គ្នា​ពី​ប៉ាម៉ាក់។ ឧទាហរណ៍ បើមិន​មែន​ក្នុងឱកាសខួបកំណើតទេ ហើយប៉ាម៉ាក់ចង់ទិញអាវ​ថ្មីឱ្យកូន ប៉ាម៉ាក់ត្រូវទិញឱ្យកូនស្មើៗគ្នា និងមានតម្លៃប្រហាក់ប្រហែលគ្នា ទើបកូនមិនតូចចិត្ត ឬច្រណែនគ្នា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង