យល់ដឹង៖ មនុស្សម្នាក់ៗត្រូវមានលក្ខណសម្បត្តិរៀងៗខ្លួន ទើបអាចឱ្យអ្នកដទៃផ្តល់តម្លៃ និងអាចរស់នៅក្នុងសង្គមមនុស្សនាពេលបច្ចុប្បន្ននេះបាន ជាពិសេស លក្ខណសម្បត្តិជាមនុស្សស្រី គឺត្រូវតែមាន មិនថាចូលដល់សម័យកាលណាទេ លក្ខណសម្បត្តិរបស់មនុស្សស្រី តែងតែត្រូវបានមនុស្សក្នុងសង្គមតាមមើលជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត លក្ខណសម្បត្តិសំខាន់ៗទាំងប៉ុន្មានចំណុច ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលមនុស្សស្រីគ្រប់រូបគួរតែមាននៅក្នុងខ្លួន ព្រោះវាមិនត្រឹមតែបង្ហាញភាពជាមនុស្សស្រី មានអាកប្បកិរិយាត្រឹមត្រូវទេ តែវាថែមទាំងធ្វើឱ្យមនុស្សទាំងពួង ស្រលាញ់និងចូលចិត្តទៀតផង។
លក្ខណសម្បត្តិ៧ចំណុច ដែលមនុស្សស្រីគ្រប់រូបគួរតែមាន៖
១. មានអត្តចរិតស្លូតត្រង់

លក្ខណសម្បត្តិដែលមនុស្សស្រីគួរតែមាន គួរតែជាអត្តចរិតស្លូតត្រង់ ដែលមានចំពោះមនុស្សគ្រប់គ្នា មិនមែនជាអត្តចរិតមិនល្អ ដែលចូលចិត្តប្រើអាកប្បកិរិយាមិនល្អ ដាក់មនុស្សដែលមានវ័យច្រើនជាងខ្លួននោះទេ ព្រោះលក្ខណសម្បតិ្តដ៏ស្លូតត្រង់ក្នុងនាមជាមនុស្សស្រី វាអាចជួយធ្វើឱ្យមនុស្សស្រីមើលទៅកាន់តែមានតម្លៃ និងធ្វើឱ្យអ្នកណាៗក៏ចង់នៅក្បែរដែរ។
២. មានសន្តានចិត្តល្អ

ការដែលមានសន្តានចិត្តល្អ វាជាលក្ខណសម្បតិ្តមួយរបស់មនុស្សស្រី ដែលគួរតែមានជាប់នៅក្នុងខ្លួនជានិច្ច ព្រោះវាជាទង្វើដែលចេះជួយយកអាសារ ដល់មនុស្សដែលកំពុងតែត្រូវការជំនួយ ហើយវាក៏ជាលក្ខណសម្បត្តិមួយ ដែលអាចបង្ហាញពីបេះដូងបរិសុទ្ធចេញពីខាងក្នុងខ្លួនរបស់មនុស្សស្រី បើទោះបីជាសម្រស់មិនសូវស្អាតក៏ដោយ ឱ្យតែបេះដូងស្រស់ស្អាត អ្នកណាៗក៏ស្រលាញ់ចូលចិត្តដែរ។
៣. មានភាពឧស្សាហ៍ព្យាយាម

មនុស្សស្រីប្រសិនមានភាពឧស្សាហ៍ព្យាយាមនៅក្នុងខ្លួន ទោះទៅដល់ទីណា ក៏មានមនុស្សចាំស្វាគមន៍និងរីករាយក្នុងការទទួលដែរ តែបើខ្ជិលច្រអូស មិនចេះជួយធ្វើអ្វីសោះវិញ មិនថាទៅដល់ទីណាទេ ក៏គ្មានមនុស្សត្រេកអរនិងចាំស្វាគមន៍ដែរ ហេតុនេះហើយ លក្ខណសម្បត្តិដែលមនុស្សស្រីគួរមាន គឺជាភាពឧស្សាហ៍ព្យាយាម ចេះមានទឹកចិត្តក្នុងការជួយអ្នកដទៃ។
៤. មិនត្រចៀកស

មនុស្សស្រីដែលមិនត្រចៀកស មិនងាយជឿទៅលើពាក្យសម្តីដែលគេនិយាយ វាជាលក្ខណសម្បត្តិដ៏ពិសេសមួយដែលមនុស្សស្រីគ្រប់រូបគួរតែមាន ព្រោះវាមិនត្រឹមតែមិនធ្វើឱ្យមនុស្សស្រី មើលទៅជាមនុស្សស្រីមានភាពឆ្លាតវៃទេ តែវាក៏បានធ្វើឱ្យមនុស្សស្រី ជៀសផុតពីការជួបបញ្ហា ដោយសារតែការជឿទៅលើពាក្យសម្តីចាក់រុករបស់អ្នកដទៃដែរ។
៥. មិននិយាយដើមគេ

មនុស្សស្រីគ្រប់រូប គួរតែកែប្រែខ្លួនឱ្យក្លាយទៅជាមនុស្សស្រី ដែលមានលក្ខណសម្បត្តិល្អមួយរូប គឺមិនគួរនិយាយដើមអ្នកដទៃទេ ព្រោះវាមិនត្រឹមតែមិនបានជួយឱ្យជីវិតរបស់មនុស្សស្រី មានការរីកចម្រើនទេ ផ្ទុយទៅវិញ គឺមានតែធ្វើឱ្យមនុស្សស្រីខាតពេលវេលា ក៏ដូចជាគ្មានសេចក្តីសុខនៅក្នុងចិត្ត ដោយសារតែត្រូវយករឿងរបស់អ្នកដទៃ មកគិតជំនួសគេគ្រប់ពេល។
៦. មានភាពច្បាស់លាស់

ជាពិសេសមនុស្សស្រីនៅក្នុងសម័យនេះ ដោយលក្ខណសម្បត្តិដែលមនុស្សស្រីគ្រប់រូបគួរតែមាន គឺការមានភាពច្បាស់លាស់ មុននឹងធ្វើអ្វីមួយ ព្រោះវាធ្វើឱ្យមនុស្សស្រី កាន់តែមានភាពហ្មត់ចត់នៅក្នុងខ្លួន ដែលអ្នកណាៗក៏គោរពនិងឱ្យតម្លៃ ដូច្នេះហើយភាពច្បាស់លាស់ គឺជាលក្ខណសម្បត្តិមួយ ដែលមនុស្សស្រីគ្រប់រូបគួរតែមានជានិច្ច។
៧. ប្រកាន់ភ្ជាប់នូវក្រមសីលធម៌

ក្រមសីលធម៌ គឺជាលក្ខណសម្បត្តិមួយដ៏សំខាន់បំផុត ដែលមនុស្សស្រីត្រប់រូបគួរតែមាន ព្រោះបើមានត្រឹមតែចំណេះដឹង មានមុខមាត់ស្អាតបាត ប៉ុន្តែបែរជាគ្មានសីលធម៌នៅក្នុងខ្លួនវិញនោះ អ្នកណាៗក៏គេមិនឱ្យតម្លៃដែរ លើសពីនេះ គឺមានតែមនុស្សស្អប់ខ្ពើម ដោយសារតែក្រមសីលធម៌ វាជារឿងចាំបាច់បំផុត ដែលមនុស្សស្រីត្រូវមាននៅក្នុងខ្លួន៕