ជំនឿ៖ ពិធីបុណ្យចូលឆ្នាំចិននៅក្នុងឆ្នាំថ្មីនេះ គឺកាន់តែខិតជិតមកដល់ ដែលធ្វើឱ្យប្រជាជនខ្មែរ ជាប់សែស្រឡាយចិនជាច្រើន កំពុងតែត្រៀមខ្លួន រៀបចំនិងតុបតែងផ្ទះបណ្តើរៗដើម្បីអបរអរ ក៏ដូចជាធ្វើឱ្យផ្ទះ មានសេរីសួស្តី មានលាភមានជ័យ និងសុភមង្គលពេញមួយឆ្នាំពេញ ម្យ៉ាងវិញទៀត ថ្ងៃចូលឆ្នាំចិន ក៏ជាថ្ងៃជួបជុំញាតិមិត្ត ដ៏រីករាយសម្រាប់អ្នកដែលជាប់សែស្រឡាយចិនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ប្រជាជនខ្មែរដែលជាប់សែស្រឡាយចិនទាំងអស់ គឺគ្មាននរណាម្នាក់ចង់ឱ្យថ្ងៃចូលឆ្នាំចិន ក្លាយទៅជាថ្ងៃមួយ ដែលធ្វើឱ្យគ្រួសារជួបភាពអពមង្គលពេញមួយឆ្នាំទេ ដូច្នេះហើយ ត្រណមមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលប្រជាជនខ្មែរជាប់សែស្រឡាយចិន ហាមធ្វើជាដាច់ខាត ព្រោះវាអាចនឹងនាំភាពអពមង្គលចូលផ្ទះ ដែលនាំឱ្យកើតមានគ្រោះចង្រៃ ដែលមិនអាចនឹកស្មានដល់។
ជឿឬមិនជឿ? ត្រណមទាំងនេះ ដែលមិនគួរធ្វើជាដាច់ខាត ក្នុងថ្ងៃ ចូលឆ្នាំចិន៖
១. ហាមនិយាយពាក្យអសុរោះ

នៅក្នុងថ្ងៃចូលឆ្នាំចិន ដាច់ខាតមិនត្រូវនិយាយពាក្យអសុរោះ ដែលមិនគួរឱ្យចង់ស្តាប់ ឬជាពាក្យអវិជ្ជមាននោះទេ ព្រោះពាក្យអសុរោះ និងពាក្យអវិជ្ជមានទាំងអស់នោះ វានឹងនាំឱ្យជីវិតគ្រួសារជួបតែរឿងមិនល្អ និងមានតែគ្រោះចង្រៃដូចដែលបានពោលពាក្យទាំងអស់នោះ ដូច្នេះហើយ ការពោលពាក្យអសុរោះ ត្រូវបានគេដាក់បម្រាមជាដាច់ខាត។
២. ហាមធ្វើឱ្យវត្ថុធ្លាក់បែកនៅក្នុងផ្ទះ

ការធ្វើឱ្យធ្លាក់វត្ថុធ្លាក់បែកនៅក្នុងផ្ទះ ដែលមានដូចជាកែវ ចាន ឬកញ្ចក់ជាដើម នៅអំឡុងថ្ងៃចូលឆ្នាំចិននោះ គឺមានជំនឿតៗគ្នាថា ការបែករបស់នៅក្នុងថ្ងៃចូលឆ្នាំចិន បានន័យថាក្នុងឆ្នាំថ្មីនេះ នឹងមានគ្រោះចង្រៃ ដែលមានការព្រាត់ប្រាស់គ្នា រវាងសមាជិកនៅក្នុងគ្រួសារ ហេតុនេះហើយ ទើបរាល់ពេលដែលដល់ថ្ងៃចូលឆ្នាំចិនម្តងៗ តាមផ្ទះនីមួយៗតែងតែមានការប្រុងប្រយ័ត្ត ជាមួយនឹងវត្ថុដែលងាយនឹងបែក ដើម្បបញ្ចៀសគ្រោះចង្រៃ។
៣. ហាមប្រើវត្ថុមុតស្រួច

ការប្រើប្រាស់វត្ថុមុតស្រួច នៅក្នុងថ្ងៃចូលឆ្នាំចិន គេតែងមានជំនឿថា ដូចជាការកាត់ទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់ពួកគេ ទើបវាជាហេតុនៅក្នុងថ្ងៃចូលឆ្នាំចិន ភាគច្រើនមិនសូវមានគេ ចូលចិត្តប្រើរបស់មុតស្រួចនោះទេ បើទោះបីជាចង់កាត់សក់ក៏ដោយ ព្រោះវាអាចកាត់លាភជ័យ នៅក្នុងថ្ងៃសេរីសួស្តីនេះផងដែរ។
៤. ហាមមានជម្លោះ

មិនថាមានជម្លោះរវាងសមាជិកគ្រួសារ ឬជាមួយអ្នកដទៃទេ បម្រាមនេះ ត្រូវតែហាមជាដាច់ខាត ព្រោះការមានជម្លោះនៅក្នុងថ្ងៃចូលឆ្នាំចិន គឺវាមានន័យថា នឹងធ្វើឱ្យរយៈពេលមួយឆ្នាំពេញនេះ ជីវិតគ្រួសារនឹងជួបតែភាពអពមង្គល និងរកក្តីសុខមិនឃើញ បែបនេះហើយ ទើបមនុស្សភាគច្រើន តែងតែធ្វើឱ្យអារម្មណ៍សប្បាយៗ ដើម្បីឱ្យឆ្នាំថ្មីនេះ គ្រួសារមានតែសេចក្តីសុខ។
៥. ហាមបោសសម្អាតផ្ទះ

ប្រសិនបើសម្អាតផ្ទះ នៅមុនថ្ងៃចូលឆ្នាំចិន វាជារឿងដែលល្អ ដើម្បីត្រៀមទទួលសេរីសួស្តីឆ្នាំថ្មី ក៏ប៉ុន្តែដាច់ខាត ហាមបោសសម្អាតផ្ទះ នៅក្នុងថ្ងៃចូលឆ្នាំចិន ព្រោះការបោសសម្អាតផ្ទះក្នុងថ្ងៃចូលឆ្នាំ វាប្រៀបបីដូចជាបោសសម្អាតលាភជ័យចេញពីផ្ទះ ឬយកសំណាងទៅបោះចោលអញ្ចឹង ដូច្នេះហើយ គេរមែងតែទុកឱ្យផ្ទះពោរពេញដោយភាពរញ៉ៃរញ៉ៃសិន ចាំបន្ទាប់ពីចូលឆ្នាំរួចរាល់ ទើបគេធ្វើការបោសសម្អាតចេញ៕