ពិតណាស់ការដឹងថាមានជំងឺមហារីក អាចធ្វើឲ្យជីវិតរបស់អ្នកជំងឺប្រឈមនឹងការប្រែប្រួលដ៏ធំមួយ។ ជាទូទៅ អ្នកកើតជំងឺមហារីកតែងមានការព្រួយបារម្ភ ខឹង ពិបាកចិត្ត សង្ស័យ និងភ័យខ្លាចច្រើន ហើយដើម្បីជម្នះស្ថានភាពដ៏លំបាកនេះ យើងចាំបាច់ត្រូវមានការតាំងចិត្តខ្ពស់ និងអត់ធ្មត់ខ្លាំង។ ទន្ទឹមនឹងនេះដែរ ការយល់ដឹងពីគន្លឹះរស់នៅជាមួយនឹងជំងឺមហារីក គឺជារឿងចាំបាច់បំផុត។
តិចនិករស់នៅជាមួយនឹងជំងឺមហារីក
ទទួលបានព័ត៌មានគ្រប់គ្រាន់៖ ចូរស្វែងយល់អំពីការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ផលប៉ះពាល់ និងការជួយជ្រោមជ្រែងអំឡុងពេលព្យាបាល។ ហេតុនេះហើយ គ្នាយើងមិនគួរភ័យខ្លាចក្នុងការសួរសំណួរ ក៏ដូចជាស្រាវជ្រាវបន្ថែមឡើយ។
ធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណតិចតួចក៏មានអត្ថប្រយោជន៍ច្រើនក្នុងការកាត់បន្ថយស្រ្តេសផងដែរ។ សូម្បីតែការដើរជិតៗ ក៏ជួយបង្កើនថាមពលដល់យើងដោយមិនដឹងខ្លួន។
ជៀសវាងនៅតែឯង៖ ការរក្សាទំនាក់ទំនងដើម្បីទទួលបានការគាំទ្រផ្នែកសង្គម មិនថាតាមរយៈទូរស័ព្ទ ហ្វេកប៊ុក ឬអ៊ីម៉ែលនោះទេ គឺមានសារសំខាន់ណាស់ចំពោះអ្នកជំងឺ។ មិត្តភ័ក្ដិ និងគ្រួសារដែលយកចិត្តទុកដាក់ចំពោះយើង និងតែងតែស្ដាប់រាល់ការត្អូញត្អែររបស់យើង គឺពិតជាមិនអាចខ្វះបានឡើយនៅអំឡុងពេលនេះ។
ពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យ៖ ប្រសិនបើយើងមានបញ្ហាក្នុងការរស់នៅ ក៏ដូចជាការព្យាបាល យើងគប្បីពិគ្រោះជាមួយនឹងក្រុមគ្រូពេទ្យជំនាញ។
ញ៉ាំអាហារល្អ និងសម្រាកឲ្យបានច្រើន៖ ដើម្បីរក្សាសុខភាពឲ្យបានល្អអំឡុងពេលព្យាបាល អ្នកជំងឺមហារីកគប្បីញ៉ាំរបបអាហារសុខភាពដូចជាត្រី សាច់ និងបន្លែផ្លែឈើឲ្យបានច្រើន។ ជាមួយគ្នានេះដែរ យើងចាំបាច់គ្រប់គ្រងបញ្ហាស្រ្តេសឲ្យបានល្អ ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet