៤ចំណុចដែលប្អូនៗគួរដឹង មុនត្រៀមខ្លួនចូលរៀនសកលវិទ្យាល័យ

//s9.kh1.co/5b/5bb296f97738419453826ea6fee0e1942fcc1fee.jpg
នារី

 ១៥-មករា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

៤ចំណុចដ៏សំខាន់ៗទាំងអស់នេះ ដែលសិស្សានុសិស្សទាំងអស់គួរតែបានដឹង មុននឹងត្រៀមខ្លូនចូលរៀនសាកលវិទ្យាល័យ ដើម្បីកុំឱ្យមានការសម្រេចចិត្តខុស។

យល់ដឹង៖ បន្ទាប់ពីប្រកាសលទ្ធផលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរួចមក សិស្សានុសិស្សដែលទទួលប្រឡងជាប់ ក៏កំពុងតែស្វែងរកជំនាញ និងសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត ដើម្បីបន្តការសិក្សានៅឯសាកលវិទ្យាល័យ ក៏ប៉ុន្តែសិស្សានុសិស្សក៏ត្រូវមានការត្រៀមខ្លួនឱ្យបានល្អជាមុនសិនផងដែរ ដើម្បីជៀសវាងរើសយកជំនាញ និងសាកលវិទ្យាល័យខុស ព្រោះការជ្រើសរើសនេះ វាក៏ជាផ្នែកមួយ ពាក់ព័ន្ធទៅនឹងអនាគតរបស់សិស្សានុសិស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មុននឹងត្រៀមខ្លួនចូលរៀនសាកលវិទ្យាល័យ ចំណុចសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលប្អូនៗត្រូវតែបានដឹង ទើបមិនអាចឱ្យប្អូនៗរើសយកជំនាញ ឬសាកលវិទ្យាល័យខុស ព្រោះបើរើសខុសហើយ វានឹងធ្វើឱ្យប្អូនៗខាតទាំងពេលវេលា ខាតទាំងថវិការ ម្យ៉ាងវិញទៀត ប៉ះពាល់ទៅលើការសិក្សារៀនសូត្ររបស់ប្អូនៗទៀតផង។

៤ចំណុចដែលអ្នកគួរដឹង មុនត្រៀមខ្លួនចូលរៀនសាកលវិទ្យាល័យ៖

១. ឈ្វេងយល់ពីខ្លួនឯង

រូបតំណាង
រូបតំណាង

មុននឹងត្រៀមខ្លូន ចូលរៀនថ្នាក់សាកលវិទ្យាល័យ ចំណុចដែលប្អូនៗត្រូវដឹងនោះ គឺការឈ្វេងយល់ពីខ្លួនឯងឱ្យបានច្បាស់ជាមុនសិន ត្រូវដឹងថាខ្លួនឯងស្រលាញ់ និងចូលចិត្តធ្វើអ្វីជាងគេ ទើបធ្វើឱ្យប្អូនៗដឹងថា ខ្លួនស័ក្កសមនឹងរៀនជំនាញអ្វី ម្យ៉ាងវិញទៀត បើទោះបីជាមុខជំនាញនៅឯសាកលវិទ្យាល័យ មានការលំបាកយ៉ាងណាក៏ដោយ ក៏មិនធ្វើឱ្យប្អូនៗងាយបោះបង់ដែរ ព្រោះវាជាអ្វីដែលប្អូនៗស្រលាញ់ ដូច្នេះហើយ ទើបការឈ្វេងយល់ពីខ្លួនឯង វាជាចំណុចដែលសំខាន់ ដែលប្អូនៗត្រូវដឹង។

២. ឈ្វេងយល់ពីមុខជំនាញ

រូបតំណាង
រូបតំណាង

ការឈ្វេងយល់ពីមុខជំនាញ មុននឹងត្រៀមខ្លួនចូលរៀនសាកលវិទ្យាល័យ វាពិតជាចាំបាច់ខ្លាំងណាស់ ដែលប្អូនត្រូវដឹង ព្រោះគ្រប់មុខជំនាញទាំងអស់ វាសុទ្ធសឹងតែមានចំណុចល្អ និងចំណុចខ្សោយ ម្យ៉ាងប្រសិនបើមុខជំនាញមួយដែលប្អូនៗស្រលាញ់ និងចង់ចាប់យកធ្វើជាជំនាញ រៀននៅសាកលវិទ្យាល័យ ទាំងដែលវាមិនត្រូវនឹងសមត្ថភាពរបស់ប្អូនៗនោះ វានឹងធ្វើឱ្យប្អូនៗងាយនឹងបាក់ទឹកចិត្តខ្លាំងបំផុត អំឡុងពេលដែលប្អូនៗកំពុងសិក្សាលើជំនាញនោះ ដូច្នេះហើយ ការឈ្វេងយល់ពីមុខជំនាញនីមួយៗ វាពិតជាចាំបាច់ខ្លាំងណាស់ ដែលប្អូនៗត្រូវដឹង មុននឹងនឹងជ្រើសរើសជំនាញរៀន។

៣. ឈ្វេងយល់ពីសាកលវិទ្យាល័យដែលត្រូវរៀន

រូបតំណាង
រូបតំណាង

វាជាការពិត គ្រប់សាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេស គឺសុទ្ធសឹងតែល្អសម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ គ្រាន់តែគុណភាពនៃការបង្រៀន ទៅតាមសាកលវិទ្យាល័យនីមួយៗ មានទៅតាមកម្រិតខុសៗគ្នាតែប៉ុណ្ណោះ ហេតុនេះហើយ ត្រូវឈ្វេងយល់ថាសាកលវិទ្យាល័យមួយណា ដែលនឹងមិនធ្វើឱ្យប្អូនៗជួបការលំបាកច្រើន អំឡុងពេលដែលប្អូនៗកំពុងតែសិក្សា ទើបវាជាចំណុចដែលប្អូនៗត្រូវតែឈ្វេងយល់។

៤. ឈ្វេងយល់ពីសេដ្ឋកិច្ចគ្រួសារ និងការបង់ថ្លៃសាលា

រូបតំណាង
រូបតំណាង

ចំណុចនេះក៏សំខាន់ដូចគ្នា គ្រប់សាកលវិទ្យាល័យទាំងអស់ តម្លៃនៃការសិក្សាគឺមិនដូចគ្នាទេ ហេតុនេះហើយ ប្រសិនបើប្អូនៗ ជ្រើសរើសសាកលវិទ្យាល័យ ដោយមិនបានឈ្វេងយល់ពីសេដ្ឋកិច្ចគ្រួសារ និងការបង់ថ្លៃសាលាជាមុនទេនោះ វានឹងធ្វើឱ្យប្អូនៗប្រឈម ទៅនឹងការបោះបង់ការសិក្សាចោលពាក់កណ្តាលទីខ្លាំងណាស់ បែបនេះហើយ ទើបចំណុចដែលសំខាន់ មុននឹងចូលរៀនសាកលវិទ្យាល័យ គឺត្រូវចេះជ្រើសរើសសាកលវិទ្យាល័យណា ដែលសេដ្ឋកចិ្ចក្នុងគ្រួសារអាចផ្គត់ផ្គង់បាន ទើបវាមិនធ្វើឱ្យប្អូនៗ ជួបហានិភ័យនៅថ្ងៃក្រោយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T