យល់ដឹង៖ មនុស្សនៅក្នុងសង្គមសម័យនេះ ភាគច្រើនតែងតែយល់ឃើញថា ឱ្យតែមនុស្សស្រីណា ដែលប្តូរសង្សារ ឬដៃគូច្រើន គឺដឹងតែមើលឃើញថាជាមនុស្សស្រីម្នាក់ដែលមិនល្អហើយ ទើបបានជាគ្មានមនុស្សប្រុសណាម្នាក់ អាចនៅក្បែរបានយូរ លើសពីនេះ ថែមទាំងថាជាមនុស្សស្រីម្នាក់ ដែលមិនស័ក្តិសម នឹងឱ្យមនុស្សជុំវិញខ្លួន ផ្តល់តម្លៃឱ្យទៀតផង អញ្ចឹងហើយ តើមនុស្សស្រីដែលប្តូរសង្សារ ដៃគូច្រើន គឺសុទ្ធសឹងតែជាមនុស្សស្រីមិនល្អមែនទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមពិតទៅ បើគ្រាន់តែប្តូរសង្សារឬដៃគូច្រើន វាមិនមែនជាអ្វីដែលអាចបញ្ជាក់បានថា មនុស្សស្រីម្នាក់នោះ ល្អឬមិនល្អនោះទេ ព្រោះភាពល្អរបស់មនុស្សស្រី វាក៏មិនបានស្ថិតទៅលើការប្តូរមនុស្សដែលខ្លួនស្រលាញ់ដែរ ម្យ៉ាងវិញទៀត មនុស្សស្រីដែលប្តូរសង្សារច្រើន ក៏មិនបានទៅធ្វើអ្វីឱ្យខុសច្បាប់ ឬធ្វើឱ្យនរណាម្នាក់ ត្រូវរងទុក្ខដោយសារតែពួកគេនោះទេ មួយវិញទៀត មូលហេតុដែលធ្វើឱ្យមនុស្សស្រីប្តូរសង្សារច្រើន វាក៏អាចមកពីមនុស្សស្រីទាំងនោះ បានជួបតែមនុស្សប្រុសមិនល្អដែរ ទើបជាហេតុធ្វើឱ្យមនុស្សស្រី ជាប់ឈ្មោះជាមនុស្សស្រីមានសង្សារច្រើនបែបនេះ អញ្ចឹងហើយ បើបន្ទោសតែមនុស្សស្រី ក៏វាមិនកើតដែរ។

ជាងនេះទៅទៀត នៅលើលោកនេះ គ្មានមនុស្សស្រីណាម្នាក់ ដែលចង់ឱ្យខ្លួនឯងប្តូរសង្សារ ឬដៃគូច្រើននោះទេ ក៏ប៉ុន្តែប្រសិនបើមនុស្សប្រុស ដែលចូលមកក្នុងជីវិតពួកគេ មិនបានធ្វើឱ្យពួកគេមានក្តីសុខ តែបែរជាធ្វើឱ្យជីវិតរបស់ពួកគេកាន់តែវេទនា និងមានតែភាពអាប់អួរនោះ តើមានមូលហេតុអ្វី ដែលឱ្យមនុស្សស្រីត្រូវទ្រាំរស់នៅជាមួយទៀតនោះ? ម្យ៉ាងការដែលមនុស្សស្រីប្តូរសង្សារឬដៃគូច្រើន ក៏ព្រោះតែពួកគេ ចង់ស្វែងរកសេចក្តីស្រលាញ់ និងសេចក្តីសុខពិតប្រាកដ ដែលមិនមែនជាសេចក្តីស្រលាញ់ក្លែងក្លាយ ដែលពួកគេធ្លាប់បានឆ្លងកាត់កន្លងមក ហើយត្រូវបិទបេះដូងខ្លួនឯង ដោយសារតែមនុស្សប្រុសទាំងនោះទេ។

ម្យ៉ាងវិញទៀត មនុស្សស្រីមានភាពល្អ ឬមានតម្លៃឬក៏អត់ វាមិនបានស្ថិតនៅលើការដែលមនុស្សស្រី ប្តូរសង្សារច្រើនឬក៏អត់នោះទេ តែវាស្ថិតនៅលើចិត្តគំនិតរបស់មនុស្សស្រី ដែលមិនប្រព្រឹត្តអំពើអ្វីមួយដែលខុសច្បាប់ ឬធ្វើឱ្យអ្នកដទៃរងគ្រោះដោយសារតែខ្លួនឯងទៅវិញទេ លើសពីនេះ ពួកគេគ្រាន់តែចង់បានស្នេហាពិត ដូចមនុស្សទូទៅតែប៉ុណ្ណោះ ប៉ុន្តែបែរជាមិនត្រូវបានមនុស្សក្នុងសង្គមជួយលើកទឹកចិត្ត តែបែរជាចោទថាជាស្រីមិនល្អទៅវិញ។

ជារួមមក មនុស្សស្រីដែលប្តូរសង្សារ ឬដៃគូច្រើន មិនមែនសុទ្ធតែជាមនុស្សស្រីមិនល្អនោះទេ ព្រោះភាពល្អរបស់មនុស្សស្រី គឺស្ថិតនៅលើចិត្តគំនិត ដូច្នេះហើយ មនុស្សនៅក្នុងសង្គមសម័យនេះ គួរណាតែចេះលើកទឹកចិត្តគ្នា មិនមែនជាន់ពន្លិច ហើយមើលងាយតម្លៃរបស់មនុស្សស្រីនោះ ព្រោះថាមនុស្សប្រុស នៅពេលដែលប្តូរសង្សារច្រើន មិនត្រឹមតែមនុស្សនៅក្នុងសង្គមមិនមើលងាយទេ តែថែមទាំងថាជាមនុស្សប្រុសដែលពូកែទៀតផង។ អញ្ចឹងហើយ មនុស្សស្រីក៏មានតម្លៃរបស់ខ្លួនពួកគេដែរ មិនមែនឱ្យតែប្តូរសង្សារ ឬដៃគូច្រើន ដឹងតែជាមនុស្សស្រីមិនល្អនោះទេ៕