ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃសៅរ៍ទី០៤ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ នាវេលាម៉ោង២និង៣០នាទីរសៀល (ម៉ោងក្នុងស្រុក) ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនិងមានផ្សែងផេះហោះហើរពាសពេញមេឃកម្ពស់ដល់ ៥០,០០០ហ្វីត (ប្រមាណ១៥,២៤០ម៉ែត្រ) ដែលបណ្ដាលឲ្យមានមនុស្ស១៣នាក់..ស្លា..ប់ និង៤១នាក់ទៀតរង..រ..បួស ដោយសាររលាកភ្លើង រួមទាំងមានការជម្លៀសប្រជាជនឲ្យទៅកន្លែងមានសុវត្ថិភាព។
ទន្ទឹមនឹងនេះ អាជ្ញាធរបានដាក់កំហិតមួយចម្ងាយប្រមាណ៥គីឡូម៉ែត្រ បន្ទាប់ពីហេតុការណ៍បានកើតឡើង។ ផ្លូវ និងស្ពានពីតំបន់ ឆ្ពោះទៅកាន់ក្រុងម៉ាឡាំង ត្រូវបានខូចខាតជាបន្ដបន្ទាប់ ខណៈអ្នកស្រុកព្យាយាមរត់គេចខ្លួន។
តួយ៉ាង អ្នកឧតុនិយមនៅមជ្ឈមណ្ឌលប្រឹក្សាភ្នំភ្លើង (VAAC) បានឲ្យដឹងថា ពពកនៃផ្សែងផេះមានរយៈកម្ពស់ខ្ពស់ជាងយន្ដហោះភាគច្រើន ដែលអាចបណ្ដាលឲ្យមានការបង្វែរ។ យន្ដហោះភាគច្រើនទំនងជាព្យាយាមចៀសវាងការជាប់គាំងក្នុងផ្លូវ ព្រោះភាពមើលឃើញរបស់អ្នកបើកយន្ដហោះ និងគុណភាពខ្យល់នៅក្នុងកាប៊ីន នឹងរងផលប៉ះពាល់។
យ៉ាងណាមិញភ្នំភ្លើងខាងលើ ជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន១៣០របស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ចេញផេះយ៉ាងទៀងទាត់រហូតដល់ទៅកម្ពស់ប្រមាណ៤,៣០០ម៉ែត្រ ដែលមានន័យថា ការផ្ទុះលើកនេះគឺមានភាពធ្ងន់ធ្ងរមិនធម្មតា។ ហើយវាស្ថិតនៅកម្ពស់ប្រមាណ៣,៦៥៧ពីលើនីរ៉ូទឹកសមុទ្រ និងផ្ទុះចុងក្រោយបង្អស់ក្នុងខែធ្នូ ឆ្នាំ២០២០។ វាបានបញ្ចេញផេះយ៉ាងក្រាស់ឡើងលើមេឃ បង្កឲ្យមានការភ័យស្លន់ស្លោរដល់ប្រជាជនដែលរស់នៅក្បែរៗនោះ និងបានបន្សល់ទុកនូវភូមិជាច្រើនឲ្យគ្របដណ្ដប់ដោយផេះ ដែលបានធ្លាក់ចុះមកផងដែរ៕
ប្រភព: Daily Mail / BBC
សូមទស្សនារូបភាពខាងក្រោម៖





