អឺរ៉ុប៖ Lionel Messi នៅតែត្រូវបានប្រិយមិត្ដបាល់ទាត់ ចាត់ទុកជាកីឡាករល្អបំផុតមួយរូបនៅលើពិភពលោក ថ្វីត្បិតបច្ចុប្បន្នខ្សែប្រយុទ្ធមកពីក្រុម PSG រូបនេះ មានវ័យ ៣៤ឆ្នាំហើយក្ដី។ ជាក់ស្ដែង គាត់បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១នេះ តាមរយៈសមិទ្ធផលដ៏ធំមួយ គឺការជួយឲ្យជម្រើសជាតិអាហ្សង់ទីនឈ្នះពាន Copa America ឆ្នាំ២០២១នេះតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទោះបី Messi មានវ័យជ្រេបន្ដិចហើយក៏ដោយ ប៉ុន្ដែគាត់ពុំបានផ្ដល់សញ្ញាណាមួយ ចំពោះផែនការព្យួរស្បែកជើងពីបាល់ទាត់នៅឡើយទេ ហើយនៅពេលគេសួរថា តើពេលនាំគាត់នឹងចូលនិវត្ដន៍ គាត់បានឆ្លើយតបវិញ ដូច្នេះថា៖
ពួកគេបានសួរខ្ញុំថា តើខ្ញុំនឹងចូលនិវត្ដន៍នៅពេលនេះ ប៉ុន្ដែពេលនេះខ្ញុំនៅប៉ារីស ហើយរីករាយណាស់ដែលបាននៅទីនេះ។ ខ្ញុំពិតជាចង់បន្ដការប្រកួតប្រជែងថ្មីទៀត។ ខ្ញុំមិនដឹងថាពេលណា ជាពេលដែលលាគ្នានឹងមកដល់នោះទេ ព្រោះខ្ញុំស្រលាញ់បាល់ទាត់ខ្លាំងណាស់។ សូមអរគុណដល់មិត្ដរួមក្រុមរបស់ខ្ញុំនៅ Bacerlona និង PSG ក៏ដូចជាក្រុមគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន។

ដោយឡែក ជុំវិញពានរង្វាន់ Ballon d’Or គាត់ក៏បាននិយាយដែរថា៖
វាពិតជាមិនគួរឲ្យជឿ ក្នុងការមកដល់ទីនេះម្ដងទៀត។ ពីរឆ្នាំមុន ខ្ញុំនិយាយថា វាជាឆ្នាំចុងក្រោយរបស់ខ្ញុំ តែពេលនេះ ខ្ញុំឈរទីនេះម្ដងទៀត។ ខ្ញុំបានឈ្នះពានរង្វាន់នេះពីមុនមក ប៉ុន្ដែខ្ញុំតែងតែមានអារម្មណ៍ថាខ្វះអ្វីមួយ។ ឆ្នាំនេះខ្ញុំបានសម្រេចក្ដីសុបិន ដែលខ្ញុំចង់បានយ៉ាងខ្លាំង បន្ទាប់ពីស្វែងរកវាអស់ជាច្រើនឆ្នាំ។ វាគឺជាពានរង្វាន់ Copa America ហើយខ្ញុំសូមអរគុណមិត្ដរួមក្រុមរបស់ខ្ញុំ៕
ប្រភព៖ tribuna