មុនបញ្ជូនអូនតូចចូលរៀនមតេ្តយ្យ ប៉ាម៉ាក់គួរធ្វើអ្វីខ្លះ?

//s9.kh1.co/10/1020c5c31c495cda96160c92ec7b314c73a2db8f.jpg
យល់ដឹង

 ២៩-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ការចូលរៀនមត្តេយ្យអាចជាដំណាក់កាលដំបូងដែលអូនតូចឃ្លាតឆ្ងាយពី ប៉ា​ម៉ាក់ ឬអ្នកផ្ទះ។ អូនតូច​អាចមិនទម្លាប់នឹង​មជ្ឈដ្ឋាន​ថ្មី ឬចូលរៀនបាន ១ ថ្ងៃលែងចង់ទៅរៀនទៀត។

ការចូលរៀនមត្តេយ្យអាចជាដំណាក់កាលដំបូងដែលអូនតូចឃ្លាតឆ្ងាយពី ប៉ា​ម៉ាក់ ឬអ្នកផ្ទះ។ អូនតូច​អាចមិនទម្លាប់នឹង​មជ្ឈដ្ឋាន​ថ្មី ឬចូលរៀនបាន ១ ថ្ងៃលែងចង់ទៅរៀនទៀត។ ដូច្នេះដើម្បី​ជួយអូនតូច​ឱ្យ​ត្រៀមខ្លួនជាស្រេចក្នុងការចូលរៀនដំបូង ​មុនពេល​បញ្ចូន​អូនតូច​ចូល​រៀន​មតេ្តយ្យ ប៉ាម៉ាក់​គួរ​​ធ្វើ​អ្វី​ខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចសាកល្បង​ដើម្បីជួយអូនតូច​ឱ្យត្រៀមខ្លួន​ជា​ស្រេចក្នុងការចូលរៀនដំបូង៖

១. បង្រៀនអូនតូចជំនាញជួយខ្លួនឯង

ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យចេះស្លៀកពាក់ ដោះសម្លៀកបំពាក់ ញុំាអាហារ បើក និងបិទ​ប្រអប់​អាហារ ពាក់ និងដោះស្បែកជើង ពាក់ និងដោះម៉ាស់ បាញ់អាល់កុល រក្សាគម្លាត យកសម្ភារៈ​សិក្សា​ចេញពីសម្ពាយ រៀបសៀវភៅ និងសម្ភារៈសិក្សាទុកចូលក្នុងសម្ពាយវិញ លាងដៃ ជូតមាត់ ញើស​សម្បោរ បត់ជើងជាដើម។ អូនតូចនឹងចេះជួយខ្លួនឯងពេលរៀបចំខ្លួនទៅសាលារៀន និងពេល​នៅ​សាលារៀន។

២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះខ្លួន

ប៉ាម៉ាក់គួរបង្រៀនអូនតូចឱ្យស្គាល់ឈ្មោះពេញរបស់ខ្លួន បើអាចគួរបង្រៀន​​ឱ្យអូនតូចចេះសរសេរ និងអានឈ្មោះខ្លួនទៀត ព្រោះអូនតូចនឹងមានភាពងាយស្រួលក្នុងពេលរៀន ឬប្រឡង។ ម៉្យាងទៀត​ចៀសវាងពេលគ្រូ​ហៅឈ្មោះ អូនតូចអត់ស្គាល់ឈ្មោះខ្លួន​ឯង ព្រោះអូនតូចមួយចំនួន​មានឈ្មោះ​​ផ្លូវការ​ខុស​ពីឈ្មោះនៅផ្ទះ។

៣. បង្រៀនអូនតូចជំនាញសង្គម

លោកស្រី Claire Haas អនុប្រធានផ្នែកអប់រំនៅសាលារៀន The Kiddie Academy នៅ Abingdon រដ្ឋ Maryland បានលើកឡើងថា ការចូលរៀនមត្តេយ្យបង្រៀនអូនតូចពីជំនាញសង្គម។ ប៉ាម៉ាក់​គួរ​បង្រៀន​អូនតូចឱ្យចេះ​ចែករំលែក រងចាំដល់វេនខ្លួន របៀបលេងជាមួយមិត្តរួមថ្នាក់ ចេះ​អរគុណ សូមទោស ជំរាបសួរ ជំរាបលា មិនរំខានពេលមិត្តរួមថ្នាក់លេង ចូលរួមសកម្មភាពក្នុងថ្នាក់ ដូច​ជាការ​លើកដៃឆ្លើយសំណួរ ឬយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់។

៤. នំាអូនតូចទៅមើលសាលារៀនផ្ទាល់

ប៉ាម៉ាក់គួរនាំអូនតូចទៅមើលសាលារៀន ថ្នាក់រៀន កន្លែងលេង បន្ទប់ទឹក ជួបអនាគតគ្រូ និងមិត្ត​រួមថ្នាក់​មុនពេលចូលរៀន ដើម្បីឱ្យអូនតូចស្គាល់បរិយាកាសនៅសាលា និងមានអារម្មណ៍​ស្និទ្ធជាមួយគ្រូ និងមិត្តរួមថ្នាក់។ ប៉ាម៉ាក់ក៏អាចសួរពីរបៀបគ្រូបង្រៀន និងសកម្មភាពដែលអូនតូច​ត្រូវ​ធ្វើប្រចាំថ្ងៃក្នុងថ្នាក់ ដូច្នេះប៉ាម៉ាក់អាចប្រាប់ និងបង្រៀនអូនតូចជាមុន។

​៥. លេង​សម្តែងថាអូនតូច​ទៅរៀន

ប៉ាម៉ាក់អាចប្តូរវេនគ្នាធ្វើជា គ្រូ និងអាណាព្យាបាល ហើយឱ្យអូនតូចអនុវត្តទម្លាប់ប្រចាំថ្ងៃដូចជា ក្រោក​ពីគេង រៀបចំខ្លួនទៅរៀន ញុំាអាហារ លាម៉ាក់ ឬប៉ាមុនទៅសាលារៀន ជំរាប​សួរគ្រូ​ពេលដល់​សាលា ចូលអង្គុយតាមកន្លែង រៀនច្រៀង រៀនអាន រៀនសរសេរអក្សរ រៀនឆ្លើយសំណួរ ចេញលេង ញុំាអាហារ លេងជាមួយមិត្តរួមថ្នាក់ ទៅបន្ទប់ទឹក និងតម្រង់ជួរជា​ដើម​។​ ការ​ធ្វើ់​ដូច​នេះ​ ដើម្បីឱ្យអូន​តូចសុំានឹងការ​រៀបចំ​ខ្លួន​ទៅរៀន បរិយាកាសនៅក្នុងថ្នាក់ និងនៅសាលា។

៦. ផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ

ប្រសិនបើអូនតូចចូលគេងយប់ជ្រៅ ហើយក្រោកយឺត ប៉ាម៉ាក់គួរកែទម្លាប់​ឱ្យអូនតូចគេងពីព្រលប់ និងក្រោកពីព្រលឹម ទើបអូនតូចមិនទៅរៀន​យឺត។

មុនពេលបញ្ចូនអូនតូចចូលរៀនមតេ្តយ្យ ប៉ាម៉ាក់គួរបង្រៀនអូនតូច​ពីចំណុចដូច​ដែរបានរៀបរាប់​ខាង​លើយ៉ាងហោចណាស់ ១ ខែមុន និងត្រូវអនុវត្ត​ជារៀងរាល់ថ្ងៃដើម្បីអូនតូចសុំា ដូច្នេះអូនតូចនឹង​មិន​ខ្លាច​ការចូលរៀនដំបូង។ ប៉ាម៉ាក់គួរបង្រៀនអូនតូចសន្សឹមៗ និងដោយភាព​អត់ធ្មត់​ដើម្បី​កុំឱ្យ​អូន​តូចមានភាពតានតឹង ព្រោះការមានភាពតានតឹងអាចធ្វើ​ឱ្យអូនតូចខ្លាច និងលែងចង់ទៅរៀន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T