កូនខ្មែរគួរដឹង! នេះជាព្រះរាជជីវប្រវត្តិសង្ខេប សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ឥស្សរជននយោបាយខ្មែរដ៏ឆ្នើម

//s9.kh1.co/5a/5a0b6211c8ec6b0b4ab891178aed81e982a3f425.png
សង្គម

 ២៩-វិច្ឆិកា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

នេះជាព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ

រាជធានីភ្នំពេញ៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រានៃសម្តេចព្រះនរោត្តម សីហនុ អតីតព្រះចៅក្រុងកម្ពុជា និងមានព្រះមាតាមាននាមថាអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គមានព្រះនាមពេញថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ទ្រង់ប្រសូតនៅ ថ្ងៃអាទិត្យ ទី ០២ ខែ មករា ឆ្នាំ ១៩៤៤ នាប្រាសាទខេមរិន្ទ ក្រុងភ្នំពេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីនៅកុមារភាពព្រះអង្គធ្លាប់ទទួលបានការសិក្សា នៅសាលាព្រះនរោត្តម និង Lycée Descartes រួចក៏បានយាងទៅបន្តការសិក្សានៅឯប្រទេសបារាំង ។ នៅឆ្នាំ ១៩៦៨ ទ្រង់ទទួលបរិញ្ញាប័ត្រផ្នែកច្បាប់សាធារណៈ ពីសាកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រនយោបាយនៅប្រទេសបារាំង ។ ក្នុងឆ្នាំ ១៩៦៩ ទ្រង់ទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់សាធារណៈ(ស្មើនិងអនុបណ្ឌិត) ពីប្រទេសប្រទេសបារាំង ។ បន្ទាប់មកនៅឆ្នាំ ១៩៦៩ ដល់ ១៩៧០ ព្រះអង្គជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងច្បាប់នៅសកវិទ្យាល័យ ភ្នំពេញ ។ ក្នុងកំឡុងឆ្នាំ ១៩៧៤ ទ្រង់ទទួលបានបណ្ឌិតច្បាប់សាធារណៈ មកពីប្រទេសបារាំង ។ យ៉ាងណាមិញនៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ព្រះអង្គគង់ប្រថាប់នៅប្រទេសបារាំង ។ នាឆ្នាំ ១៩៧៩ ទទួលសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកដឹកជញ្ជូនផ្លូវអាកាស នៅប្រទេសបារាំង ។

នៅខែមិថុនា ឆ្នាំ ១៩៨៣ ព្រះអង្គត្រូវបានតែងតាំងជាតំណាងផ្ទាល់ នៃព្រះបិតា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅប្រទេសកម្ពុជានិងអាស៊ី ហើយទទួលបន្ទុកការិយាល័យដែលមានមូលដ្ឋាននៅទីក្រុងបាងកកនិង ត្រួតត្រារាល់សកម្មភាពការទូត នយោបាយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅតំបន់អាស៊ាន ។ នៅឆ្នាំ ១៩៨៦ ព្រះអង្គជា អគ្គមេបញ្ជាការនិងជាប្រធានអគ្គសេនាធិការនៃ ANS ។

បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃសន្និសីទអន្តរជាតិទីក្រុងប៉ារីសស្តីពីបញ្ហានៅកម្ពុជានៅខែសីហាឆ្នាំ ១៩៨៩ ព្រះអង្គម្ចាស់ត្រូវបានតែងតាំងជា អគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច ។ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ ព្រះអង្គត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (SNC) ។ ឆ្នាំ ១៩៩២ ព្រះអង្គត្រូវបានបោះឆ្នោតជ្រើសរើសជាព្រះប្រធានគណបក្សហើយព្រះអង្គបានដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជ័យជំនះក្នុងការបោះឆ្នោតសភាដែលរៀបចំនិងត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនៅខែឧសភាឆ្នាំ ១៩៩៣ ។ ព្រះអង្គបានក្លាយជាសហប្រធាននៃរដ្ឋាភិបាលជាតិបណ្ដោះអាសន្ន នៃប្រទេសកម្ពុជានិងបន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសកម្ពុជាត្រូវបានប្រកាសនៅខែកញ្ញា ឆ្នាំ ១៩៩៣ ព្រះអង្គបានក្លាយជានាយករដ្ឋមន្រ្តីទីមួយនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ។ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ១៩៩៣ ព្រះអង្គត្រូវបានព្រះបិតា សម្តេចព្រះ នរោត្តម សីហនុ ប្រទានព្រះឋានៈជាទីស្តេចក្រុមហ្លួង ។ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ តំឡើងព្រះឋានៈជាទី « សម្តេចក្រុមព្រះ » ។ - បន្ទាប់ពីការបោះឆ្នោតខែកក្កដា ឆ្នាំ ១៩៩៨ ពេលនោះគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានសំឡេងគាំទ្រភាគច្រើនជាលើកទី ២ ព្រះអង្គបានចូលរួមក្នុងរដ្ឋាភិបាលចម្រុះថ្មីជាមួយគណបក្សប្រជាជនកម្ពុជានិង កាន់តំណែងប្រធានរដ្ឋសភានៃប្រទេសកម្ពុជា ។ ថ្ងៃទី ០៦ ធ្នូ ២០០៨ ព្រះអង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើនាយករដ្ឋមន្ត្រី ។

សព្វថ្ងៃព្រះអង្គជា ព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ( ២០២០ ) ។ ទ្រង់បានទទួលគ្រឿងឥស្សរិយយសជាច្រើនរួមមាន នៅឆ្នាំ ២០០៣ ព្រះអង្គទទួលមេដាយជាតូបការ ,ឆ្នាំ ២០០១ ទទួលមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍, នៅឆ្នាំ ២០០១ ទទួលមេដាយសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ - ឆ្នាំ ២០០០ ទទួលមេដាយ Grand Officer de l’Ordre de la Pleiyade (Ordre de la Francophonie) - ឆ្នាំ ១៩៩៣ ទទួលមេដាយ Grand Officer de l’Ordre Royal du Cambodge ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ជាដំណឺងដែលសែនសោកស្តាយ និងជាព្រះរាជមរណទុក្ខជាខ្លាំង ក្រោយពេលដែលសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ​ ព្រះប្រធាន​ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ទ្រង់យាងចូលព្រះរាជទីវង្គតនៅថ្ងៃ អាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ នាវេលារសៀលម៉ោង ៣ និង ៤០ នាទី ( ម៉ោងនៅរាជធានីភ្នំពេញ ) នៅ​សាធារណរដ្ឋ​បារាំង៕

ប្រភពដកស្រង់៖ ឯកសារ សិរប្រណាមចោមហ្លួង ដោយ ក្រូច លីហ៊ន់

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T