អង់គ្លេស៖ ព័ត៌មាននៃការតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United បានផ្ទុះឡើងពេញបណ្ដាញសង្គមដោយអ្នកកាសែត Fabrizio Romano បានបង្ហើបថាលោកបានយល់ព្រមមកដឹកនាំរយៈពេល៦ខែនៅទឹកដី Old Trafford ជំនួស លោក Ole Gunnar Solskjaer ដែលត្រូវបណ្ដេញចេញហើយ។

យ៉ាងណាមិញ ការពិតមួយគឺលោក Rangnick ធ្លាប់បដិសេធមិនមកធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបតោខៀវ Chelsea បន្ទាប់ពី Frank Lampard ត្រូវបញ្ចប់តំណែងនាខែមករាដើមឆ្នាំ២០២១នេះ។

លោក Rangnick បានបដិសេធមិនមកដឹកនាំ Chelsea ក៏ដោយសារលោកបាននិយាយថាលោកមើលទៅដូចជាតួកំប្លែងរបស់គ្រប់គ្នាព្រោះក្លិបនេះចង់តែងតាំងលោកជាគ្រូតែ៤ខែប៉ុណ្ណោះ។

លោក Rangnick ធ្លាប់បង្ហើបដោយផ្ទាល់មាត់កាលពីដើមឆ្នាំនេះថា៖
ខ្ញុំបាននិយាយថា ខ្ញុំចង់មកធ្វើការជាមួយអ្នកប៉ុន្តែខ្ញុំមិនអាចដឹកនាំតែ៤ខែបានទេ ខ្ញុំមិនមែនជាគ្រូបង្វឹកបណ្ដោះអាសន្នទេ។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនិងកីឡាករគឺ អ្នកនឹងត្រូវគេហៅថាជាគ្រូបង្វឹក៤ខែ គឺជាតួកំប្លែងសម្រាប់គ្រប់គ្នា។

ប្រភព៖ mirror