គន្លឹះសំខាន់ៗ ថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់!

//s9.kh1.co/82/8282888a97b8d34323a4be41bd5ea682316db5ca.jpg
យល់ដឹង

 ២៥-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ការថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់មានសារៈសំខាន់ណាស់ ព្រោះ​​អាកាសធាតុត្រជាក់​អាចបង្កបញ្ហាសុខភាពដូចជា

ការថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់មានសារៈសំខាន់ណាស់ ព្រោះ​​អាកាសធាតុត្រជាក់​អាចបង្កបញ្ហាសុខភាពដូចជា ជំងឺហឺត ផ្តាសាយ ឈឺបំពង់ក ឈឺសន្លាក់ និងបង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង។ តើយើងត្រូវធ្វើដូចម្តេចដើម្បី​ថែរក្សាសុខភាព​ពេលអាកាស​ធាតុ​ចុះ​ត្រជាក់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងអាចសាកល្បងថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់តាមវិធីសាស្រ្តដូចខាងក្រោម៖

១. រក្សារាងកាយឱ្យមានភាពកក់ក្តៅ

ប្រសិនបើរងា យើងគួរពាក់អាវរងា ស្រោមដៃ ស្រោមជើង មួក រុំកន្សែង​នៅ​ក ដើម្បីរក្សា​រាងកាយ​ឱ្យ​មាន​ភាពកក់ក្តៅ ព្រោះអាកាសធាតុ​ត្រជាក់អាចធ្វើ​ឱ្យយើងផ្តាសាយ គ្រុនផ្តាសាយ រលាកសួត ឬគាំងបេះដូងជាដើម។

២. ឧស្សាហ៍ហាលថ្ងៃ

ពេលអាកាសធាតុចុះត្រជាក់ មេឃឧស្សាហ៍ស្រទំ មិនសូវមានពន្លឺថ្ងៃទេ។ យើង​ក៏មិនសូវចេញក្រៅ​ដែរព្រោះត្រជាក់។ ការមិនបានប៉ះ​ពន្លឺព្រះអាទិត្យ​​គ្រប់គ្រាន់​ក្នុង​អំឡុង​រដូវរងា​អាច​បណ្តាល​ឱ្យ​ស្បែក​យើងស្លេក និងអាចធ្វើឱ្យយើង​ខ្វះ​វីតាមីន D ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ជាពិសេស​សុខភាព​​ឆ្អឹង​។

៣. ឧស្សាហ៍លាងដៃ

យើងត្រូវឧស្សាហ៍លាងដៃដើម្បីការពារខ្លួនពីការឆ្លង ឬចម្លងបាក់តេរី ឬវីរុស។

៤. ឈប់ជក់បារី

ការជក់បារីធ្វើឱ្យយើងងាយនឹងឆ្លងមេរោគផ្លូវដង្ហើមក្នុងរដូវរងាណាស់។

៥. ញុំាទឹកឱ្យបានច្រើន

យើងគួរញុំាទឹកយ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃដើម្បីកុំឱ្យរាងកាយខ្វះ​ជាតិ​ទឹក​។ ទឹក​អាច​ជួយ​កម្ចាត់​ជាតិពុលចេញពីរាងកាយ និងធ្វើឱ្យស្បែកយើងមានសំណើម។ យើងគួរចៀសវាង​ការញុំា​គ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹង​ធ្វើឱ្យយើងបត់ជើងតូចច្រើនដែលងាយធ្វើឱ្យយើងខ្សោះជាតិទឹក។

៦. ហាត់ប្រាណឱ្យបានទៀងទាត់

ពេលអាកាសធាតុចុះត្រជាក់ យើងអាចមានអារម្មណ៍ងងុយគេង ឬខ្ជិល។ ការហាត់ប្រាណ​អាចជួយ​ដាស់អារម្មណ៍ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ ព្រោះ​ខួរក្បាលរបស់យើងនឹងបញ្ចេញអ័រម៉ូន Endorphins ដែលជាអ័រម៉ូនធ្វើឱ្យយើង​សប្បាយចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ​ ការហាត់ប្រាណ​ជួយ​បង្កើន​កម្តៅរាងកាយ និងជួយពង្រឹង​ប្រព័ន្ធការពាររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងគ្រុនផ្តាសាយ ព្រមទាំងអាចជួយឱ្យយើងរក្សា ឬសម្រកទម្ងន់ ធ្វើឱ្យឈាមរត់បានល្អ (បន្ថយ​សម្ពាធឈាម) និងជួយឱ្យយើងគេងលក់ស្រួល។

៧. ញុំាអាហារល្អចំពោះសុខភាព

យើងគួរចៀសវាងញុំាអាហារដែលមានផ្ទុកជាតិខ្លាញ់ ស្ករ និងហ្គាស​ច្រើន ព្រោះអាហារ​ទាំងនេះ​អាច​បណ្តាល​ឱ្យមានបញ្ហារំលាយអាហារ និងក្រហាយទ្រូងដែល​អាចប៉ះពាល់ដល់​ដំណេក​របស់​យើង។

យើងគួរញុំាគ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ត្រី បសុបក្សី គ្រាប់ផ្លែឈើ គ្រឿងទេស បន្លែ និងផ្លែឈើ​ស្រស់ៗឱ្យបានច្រើន ជាពិសេសអាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា​ ក្រូច ទទឹម កន្ទួតព្រៃ សារីព្រៃ សេដា ខាត់ណាខៀវ ស្ពៃក្តោប ម្ទេសហាវៃជាដើម ព្រោះអាហារ​ទាំងនេះ​ជួយ​ពង្រឹង​ប្រព័ន្ធការពារ​រាងកាយរបស់យើង។

៨. គេង ៨ម៉ោងក្នុង ១ថ្ងៃ

ការគេងគ្រប់គ្រាន់មានសារៈសំខាន់ណាស់នៅរដូវរងា ដែលជាពេលប្រព័ន្ធរាងកាយ​របស់យើង​ចុះ​ខ្សោយ។ យើងគួរគេងឱ្យបាន ៨ម៉ោងដើម្បីបំពេញថាមពល ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងដុតបំផ្លាញកាឡូរី។ ម្យ៉ាងទៀត យើងក៏​មិនគួរគេងលើសពី ៨ម៉ោងដែរ​ ព្រោះអាចធ្វើឱ្យយើងអសកម្ម។

លើសពីនេះទៅទៀត ដើម្បីថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់ យើងគួរចៀសវាងការញុំាទឹកកក ព្រោះការញុំាទឹកកកអាចធ្វើឱ្យយើងផ្តាសាយ ឬរលាកបំពង់ក។ យើងគួរញុំាទឹកក្តៅឧណ្ហៗ ឬអាហារក្តៅៗដូចជា ស៊ុប បបរ គុយទាវ ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T