សៀមរាប៖ មិនថានៅក្នុងពេលអតីតកាល និងបច្ចុប្បន្ននោះទេ ចំនួនអ្នកថតរូបជាច្រើននាក់ដើរកាន់កាំមេរ៉ា ស្ពាយកាតាបពីក្រោយ ក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ជាងថតមួយចំនួនតូចកំពុងថតរូបឱ្យអ្នកទេសចរ ខណៈអ្នកខ្លះទៀតបានត្រឹមអង្គុយក្បែរសួនស្រែកហៅភ្ញៀវឱ្យប្រើសេវារបស់ខ្លួន។ ប៉ុន្តែភ្ញៀវទេសចរបដិសេធ ព្រោះពួកគេមានទូរស័ព្ទផ្ទាល់ខ្លួន ដែលអាចផ្ដិតយករូបភាពតាមអ្វីដែលខ្លួនចង់បាន។ ការណ៍នេះធ្វើឱ្យអ្នកថតរូប នៅរមណីយដ្ឋានអង្គរបារម្ភបាត់បង់របរនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ចូលមកដល់ពេលមានវត្តមានជំងឺកូវីដ១៩ បូករួមនឹងការរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឱ្យជាងថតរូបខ្លះនៅរមណីយដ្ឋានអង្គរស្ទើរតែបាត់បង់ចំណូលទាំងស្រុង។ ភ្ញៀវទេសចរភាគច្រើន មានទូរស័ព្ទដៃទំនើបផ្ទាល់ខ្លួន ដែលអាចថតរូបឱ្យគ្រួសារ និងខ្លួនឯងបាន។ ភ្ញៀវទេសចរនាពេលបច្ចុប្បន្នមិនសូវនិយម ឱ្យជាងថតរូប ថតឱ្យនិងយករូបថតជាសន្លឹកនោះទេ។ អង្គុយនៅសួនច្បារ មុខប្រាសាទអង្គរវត្តតាំងពីម៉ោងប្រហែល៨ព្រឹក ដល់ថ្ងៃបាក់រសៀល ជាងថតរូបខ្លះមិនទាន់មានភ្ញៀវមួយផង។
អ្នកថតរូបខ្លះទៀត អាចរកចំណូលបានបន្តិចបន្តួចនាពេលបច្ចុប្បន្ន តែពួកគេនៅបន្តប្រកបរបរនេះ។ ជាក់ស្ដែងរបរថតរូបក្នុងរមណីយដ្ឋានអង្គរ បានចិញ្ចឹមគ្រួសារលោក ឆ្លង សាវិន តាំងពីឆ្នាំ២០១៧មកម៉្លេះ។ ដ្បិតលោកមិនសូវរកចំណូលបានច្រើនពីការថតរូប តែលោកមិនបោះបង់ការងារនេះទេ។ លោក ឆ្លង សាវិន ថា ការងារថតរូប ជាការងារមួយស្រាល និងមិនសូវហត់ដូចធ្វើការសំណង់ ម្យ៉ាងលោកមានអនុស្សាវរីយច្រើននៅរមណីយដ្ឋានអង្គរនេះ។
ជាងថតរូបម្នាក់ដើរចេញពីប្រាសាទអង្គរវត្ត ជាមួយដៃកាន់កាមេរ៉ាមួយ លោក មន់ ដេ រៀបរាប់ថា៖
«ភ្ញៀវទេសចរខ្លះគាត់ចង់បានរូបភាពសន្លឹកគាត់ក៏ហៅពួកខ្ញុំជាជាងថតរូបឱ្យថត តែអ្នកខ្លះគាត់ក៏ប្រើទូរស័ព្ទថត។ អ្នកគាំទ្រការថតរូបនៅមានតិចតួច។ បើអត់មានភ្ញៀវខ្ញុំប្រហែលជាត្រូវទៅធ្វើការស៊ីឈ្នួលគេវិញ»
យ៉ាងណាមិញ ការប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាបញ្ហាមួយ តែអ្វីដែលពិបាកនឹងដោះស្រាយនោះគឺ ការវិវត្តនៃបច្ចេកវិទ្យាថតរូប ដែលជំរុញឱ្យទេសចរជ្រើសរើសថតរូបតាមទូរស័ព្ទដៃដោយខ្លួនឯង។ មូលហេតុទាំងអស់នេះ ធ្វើឱ្យលោក មន់ ដេ និង លោក ឆ្លង សាវិន បារម្ភខ្លាចបាត់បង់អាជីពដែលចញ្ចឹមគ្រួសាររបស់លោក៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖


