អង់គ្លេស៖ លោក Gabriel Agbonlahor ដែលជាអតីតកីឡាកររបស់ Aston Villa បាននិយាយថាការមាន Cristiano Ronaldo ក្នុងក្រុម Manchester United នឹងកាន់តែធ្វើឲ្យក្រុមនេះដុនដាបហើយលោក Ole Gunnar Solskjaer មិនគួរឲ្យគេជាប់ជម្រើស១១នាក់ដំបូងច្រើនប្រកួតពេកទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មកទល់ពេលនេះ Ronaldo រកបាន៦គ្រាប់ហើយឲ្យ Manchester United ដោយគ្រាប់ចុងក្រោយគឺទើបតែស៊ុតបញ្ចូលទីក្នុងការប្រកួតទល់នឹង Atalanta ក្នុងក្របខណ្ឌ Champions League ។

អ្នកគាំទ្របិសាចក្រហមធ្លាប់បានរិះគន់ទម្រង់លេងរបស់លោក Solskjaer ពេលលោកមិនដាក់ឲ្យ Ronaldo ចូលលេងក្នុងការប្រកួតជាមួយ Everton ប៉ុន្តែលោក Agbonlahor គិតថា Solskjaer ធ្វើនេះគឺត្រឹមត្រូវហើយព្រោះលោកចង់ឲ្យលោកគ្រូដាក់ Jadon Sancho, Marcus Rashford និង Mason Greenwood ឲ្យលេងជុំគ្នា ដោយការលេងរបស់ Ronaldo មិនត្រូវនឹងរបៀបលេងរបស់ក្រុមនេះទេ។

លោក Agbonlahor បានថ្លែងប្រាប់ Football Insider ថា៖
ខ្ញុំមិនគិតថា Ronaldo ធ្វើឲ្យក្រុមល្អប្រសើរទេ។ Ronaldo លេងយ៉ាប់ណាស់នៅ Juventus កាលពីរដូវកាលមុន ហើយនៅរដូវកាលនេះជាមួយ Man UTD គេក៏ពុំបានរកគ្រាប់បាល់ស្អាតៗដែរ។ គ្រាប់ដែលស៊ុតទល់នឹង Newcastle ជាកំហុសរបស់អ្នកចាំទី វាចូលមកចន្លោះជើងរបស់គេ ហើយគ្រាប់ទល់នឹង Villarreal ក៏មិនពិសេសអ្វីនោះដែរ។ បើសិនខ្ញុំជាអ្នកគាំទ្រ Man United គឺខ្ញុំចង់ឃើញ Greenwood លេងនៅស្លាបកណ្ដាល Rashford នៅស្លាបខាងឆ្វេង Sancho នៅស្លាបស្ដាំ ព្រោះគេពូកែនៅស្លាបស្តាំ។ ហើយ ខ្ញុំចង់ឲ្យដាក់ Pogba, Fernandes និង Fred ឬ McTominay នៅតំបន់បម្រើ។ Ronaldo មិនសមនឹងទម្រង់លេងរបស់ Manchester United ទេ។ បញ្ហាគឺមកពីគេមានប្រវត្តិល្អ អ៊ីចឹងហើយទើបគ្រប់ក្លិបគិតថាត្រូវតែយកគេឲ្យបាន។ គេនឹងធ្វើឲ្យក្រុមនេះដុនដាប សម្រាប់ខ្ញុំក្លិបគ្រាន់តែទិញយកគេដើម្បីបញ្ឈប់កុំឲ្យផ្ទេរទៅ Man City ប៉ុណ្ណោះនិងដើម្បីធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត។ កុំល្ងីល្ញើពេកអី Ronaldo អាចនឹងទៅ Man City ១០០០ភាគរយ គេប្រហែលបានចរចាជាមួយ Manchester City ទៅហើយ៕

ប្រភព៖ metro