បរទេស៖ លោក Jose Mourinho បានចេញមុខទទួលខុសត្រូវទាំងស្រុង ជុំវិញលទ្ធផលដែលក្រុម Roma បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Bodo/Glimt នៃពានរង្វាន់ Europa Conference League រហូតដល់ទៅ ៦-១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានោះ លោកក៏បានលើកឡើងផងដែរថា កីឡាករដែលលោកដាក់ឱ្យលេងយប់មិញគឺមិនពេញសាច់នោះទេ ជាពិសេសនៅទីនោះគឺពិតមានអាកាសធាតុត្រជាក់មែនទែន ដែលជាហេតុធ្វើឱ្យកូនក្រុមរបស់លោកពិបាកសម្របខ្លួន ដូច្នេះហើយទើបក្រុមរបស់លោកចាញ់ធ្ងន់កបែបនេះ។

មុនការប្រកួតពូល C ចាប់ផ្តើមក្រុម Roma ត្រូវបានគេរំពឹងថា ពួកគេគឺមានលទ្ធភាពស្ទើរតែ ១០០ ភាគរយទៅហើយ ដើម្បីអាចទទួលជ័យជម្នះនៅក្នុងការប្រកួតនេះ ប៉ុន្តែក្រោយមកលទ្ធផលបែជាមិនគាប់ប្រសើរសម្រាប់ក្លិបយក្សរបស់ អ៊ីតាលី ទៅវិញ ដោយពួកគេបានប្រកួតចាញ់ក្រុមដែលមកពីលីគប្រទេស ន័រវែស យ៉ាងចាស់ដៃ។

ក្រោយបញ្ចប់ការប្រកួតលោក Mourinho បានថ្លែងប្រាប់សារព័ត៌មាន Sky Sport Italia យ៉ាងដូច្នេះថា៖
ខ្ញុំបានសម្រេចចិត្តលេងជាមួយទម្រង់លេងបែបនេះ, ដូច្នេះខ្ញុំនឹងទទួលខុសត្រូវទាំងស្រុង។ ខ្ញុំបានធ្វើវាប្រកបដោយចេតនាដ៏ត្រឹមត្រូវ, ហើយខ្ញុំធ្វើបែបនេះគឺដើម្បីផ្តល់ឱកាសទៅឱ្យកីឡាករដែលពុំសូវបានលេង ក៏ដូចជាកីឡាករដែលមានការព្យាយាមខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ម្យ៉ាងទៀតយើងធ្វើបែបនេះក៏ដើម្បីសម្របខ្លួនទៅនឹងទីលានដែលកំពុងមានអាកាសធាតុត្រជាក់ដែរ។ នោះហើយអាចថាជាមូលហេតុ ដែលខ្ញុំបានសម្រេចចិត្តដាក់ឱ្យកីឡាករសំខាន់ៗសំរាកច្រើន។ យើងបានប្រកួតចាញ់ក្រុម ដែលមើលទៅពួកគេពិតជាថ្នឹកមែនទែនសម្រាប់ការលេងនៅពេលយប់។ យ៉ាងណាវាជារឿងសាមញ្ញទៅហើយ។ ប្រសិនបើយើងដាក់កីឡាករ ១១ នាក់ពេញសាច់ដូចគ្នា, ក្រោយមក ក្រុមរបស់យើងច្បាស់ជាអាចឈ្នះ។ វាជាការលេងដោយប្រថុយមួយ, ព្រោះអ្នករាល់គ្នាច្បាស់ជាដឹងហើយថា កម្រិតលេងរបស់ក្រុមទាំង ២ គឺមានគម្លាតគ្នាប៉ុណ្ណា។... ដូចដែលខ្ញុំបាននិយាយអ៊ីចឹង, ក្នុងក្រុមទាំងមូលគឺវាអាស្រ័យលើការសម្រេចចិត្តរបស់ខ្ញុំ, ដូច្នេះគ្រប់យ៉ាងខ្ញុំនឹងទទួលខុសត្រូវទាំងស្រុង...៕
ប្រភព៖ Metro