អ៊ីតាលី៖ ខ្សែប្រយុទ្ធ Olivier Giroud បានកោតសរសើរអតីតមិត្តរួមក្រុមនៅ Chelsea គឺ Mason Mount និង Kai Havertz ថាពួកគេនឹងក្លាយជាកីឡាករកំពូលនាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Giroud ធ្លាប់ជាមិត្តរួមក្រុមរបស់ Mount និង Havertz ដោយពួកគេបានជួយក្រុមលោកគ្រូ Thomas Tuchel ឲ្យលើកពាន Champions League កាលពីរដូវកាលមុន បន្ទាប់មក កីឡាករសញ្ជាតិបារាំងរូបនេះក៏ផ្លាស់ទៅលេងនៅក្លិប AC Milan ។

Mason Mount ដែលជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Chelsea ត្រូវលោក Frank Lampard ហៅមកលេងនៅឈុតធំដោយមកទល់ពេលនេះគេបង្ហាញខ្លួនបាន១១៦ប្រកួតហើយ និងក្លាយជាកីឡាករស្នូលរបស់ Chelsea និងក្រុមជម្រើសជាតិអង់គ្លេស។

ចំណែក Kai Havertz ដែលជាខ្សែបម្រើឆ្នើមរបស់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់វិញ រកបាន១០គ្រាប់ឲ្យក្លិប ដែលមួយក្នុងនោះគឺគ្រាប់ជ័យជំនះនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Manchester City ផងដែរ។

ដូច្នេះហើយទើប Giroud បានចុចយក Mount និង Havertz ពេលអ្នកកាសែតសួរថាតើមិត្តរួមក្រុមដែលធ្លាប់លេងជាមួយរូបណាខ្លះដែលមានទេពកោសល្យ៖
កីឡាករឆ្នើមបំផុតដែលខ្ញុំធ្លាប់លេងជាមួយនៅ Arsenal គឺ Santi Cazorla ហើយនៅ Chelsea គឺមាន Eden Hazard និងកីឡាករក្មេងៗដ៏ឆ្នើមដូចជា Mason [Mount]និង Kai Havertz ដែលជាកីឡាករមានគុណភាពខុសពីពួកយើង។ ខ្ញុំកំពុងរង់ចាំមើលពេលដែលពួកគេរីកលូតលាស់និងក្លាយជាកីឡាករកំពូល។

ប្រភព៖ metro