អង់គ្លេស៖ លោក Peter Crouch គិតថា លោកគ្រូបង្វឹក Ole Gunnar Solskjaer ត្រូវអ្នកគាំទ្របិសាចក្រហម Manchester United រិះគន់ខ្លាំងក៏ព្រោះតែលោកមិនមានបទពិសោធន៍ដឹកនាំក្លិបល្បីៗដូចលោក Thomas Tuchel, Pep Guardiola និង Jurgen Klopp ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាលោកបានដឹកនាំឲ្យ Man United យកឈ្នះ Atlatanta ៣ ទល់នឹង២ ក្នុងក្របខណ្ឌ Champions League កាលពីយប់ថ្ងៃទី២១ខែតុលាកន្លងទៅនេះក៏ដោយ ក៏លោកនៅតែរងសំពាធនិងការរិះគន់ ដោយសារព័ត៌មានមួយចំនួនបានចុះផ្សាយថាលោកអាចនឹងត្រូវគេបញ្ចប់តំណែងនាពេលឆាប់ៗព្រោះលោកបានដឹកនាំក្រុមឲ្យចាញ់ដល់ទៅ៤ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ។

ដូច្នេះលោក Crouch គិតថា Solskjaer ទទួលបានការរិះគន់ឥតល្ហែរាល់ពេលដែលក្រុមចាញ់ការប្រកួតក៏ដោយសារតែអ្នកគាំទ្រ Man UTD យកលោកទៅប្រៀបធៀបនឹងគ្រូបង្វឹករបស់ក្លិប Man City, Chelsea និង Liverpool ដែលគ្រូបង្វឹកទាំងបីរូបនេះសុទ្ធតែធ្លាក់ដឹកនាំក្លិបធំៗដូចជា Barcelona, PSG និង Borussia Dortmund ជាដើម។

លោក Crouch បានថ្លែងប្រាប់ BT Sport ថា៖
បញ្ហារបស់ Ole គឺ Thomas Tuchel, Pep Guardiola និង Jurgen klopp ។ អ្នកគាំទ្ររបស់ Manchester United មើលគម្រូតាមគ្រូបង្វឹកទាំងបីនាក់នោះដូចជា តើពួកគេលើកពានបានប៉ុន្មាន ក៏ដូចជាប្រវត្តិនៃការដឹកនាំកន្លងមកថាឈ្នះបានពានអ្វីខ្លះ។ Ole ធ្លាប់ដឹកនាំក្លិបដូចជា Cardiff និង Molde និងមិនមានបទពិសោធន៍ដឹកនាំស្មើគ្រូបង្វឹកបីរូបទៀតទេ។ នៅពេលដែលក្រុមចាញ់ឬធ្លាក់ទម្រង់លេងម្ដងៗ គឺពួកគេតែងតែនិយាយពីលោកថាលោកបានការងារជាគ្រូបង្វឹកក្លិបនេះដោយរបៀបណា បន្ទាប់មកពួកគេក៏មានភាពច្រណែនទៅនឹងក្រុមទាំងបីដែលចាត់ទុកថាជាក្រុមល្អបំផុតក្នុងលីគ។ United មានក្រុមមួយដែលអាចប្រជែងជាមួយក្រុមទាំងបីនោះបាន តែពួកគេបែរជាធ្វើមិនបាន តើអ្នកគិតថាមូលហេតុមកពីអ្វី? ដូច្នេះហើយទើបពួកគេនាំគ្នាទៅវាយប្រហារគ្រូបង្វឹក។

ប្រភព៖ metro