អង់គ្លេស៖ លោក Rio Ferdinand បាននិយាយពេញៗមាត់ថាបើខ្សែបម្រើ Paul Pogba ជាមិត្តរួមក្រុមរបស់លោកនៅ Manchester United វិញ លោកនឹងរករឿងគេហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba បានផ្ដល់បទសម្ភាសន៍ក្រោយចប់ការប្រកួតរវាង Man UTD និង Leicester City ដែល ភាគីលោក Ole Gunnar Solskjaer លេងចាញ់ ៤ ទល់នឹង ២ កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ ដោយ កីឡាករសញ្ជាតិបារាំងរូបនេះបង្ហាញពីការមិនសប្បាយចិត្តនិងព្រលះក្រុមខ្លួនខ្លាំងៗ ថាលេងបែបនេះសមនឹងចាញ់ហើយ និងបានដៀមដាមទៅកាន់ទម្រង់លេងរបស់គ្រូបង្វឹកខ្លួនដោយនិយាយថា Manchester United ត្រូវការការផ្លាស់ប្ដូរទៀតផង។

ដូច្នេះហើយទើបលោក Rio Ferdinand បានបញ្ចេញប្រតិកម្មថា Pogba មិនគួរនិយាយបែបនេះទេ។

លោកបានថ្លែងថា៖
ខ្ញុំមិនដឹងទេថា ពាក្យសម្ដីរបស់គេដូចស្តាប់មិនចូលត្រចៀកខ្ញុំសោះ។ ខ្ញុំនឹងនិយាយឲ្យស្មោះត្រង់តែម្ដងថាបើខ្ញុំស្ថិតនៅបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគេក្នុងនាមជាមិត្តរួមក្រុម គឺខ្ញុំនឹងនិយាយថាខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំនឹងសួរគេត្រង់ៗថាតើអ្នកចង់មានន័យថាម៉េច?វាមានន័យថាម៉េច? តែបើខ្ញុំយល់ស្របនឹងសម្ដីគេ អានោះជារឿងមួយផ្សេងទៀត។ ខ្ញុំគ្រាន់តែគិតថា Pogba ជាមនុស្សត្រង់ នោះជាអ្វីដែលខ្ញុំចូលចិត្តក្នុងខ្លួនគេ។ គេពិតជាកីឡាករដែលចង់ឈ្នះការប្រកួតណាស់។ ប៉ុន្តែសម្ដីរបស់គេធ្វើឲ្យខ្ញុំរាងខឹង។ គេពិតជាមិនចេះលាក់អីបន្តិចសោះ។ ជាធម្មតា អ្នកត្រូវផ្ដល់បទសម្ភាសន៍ជាមួយពាក្យសម្ដីដែលមានក្រិត្យក្រម ប៉ុន្តែ គេបាននិយាយពីរឿងដែលបំផុសឲ្យមានសំណួរជាច្រើន។

ប្រភព៖ metro