អេស្ប៉ាញ៖ ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Gareth Bale គឺលោក Jonathan Barnett បានបន្ទោសថា អតីតគ្រូបង្វឹក Zinedine Zidane ជាមូលហេតុដែលធ្វើឲ្យប្រធានក្រុមជម្រើសជាតិវែលរូបនេះលេងមិនសូវល្អដូចមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីរដូវកាលមុន Bale បានចាកចេញពី Real Madrid និងទៅលេងខ្ចីជើងនៅ Tottenham Hotspur បន្ទាប់ពីលោក Zidane កម្រដាក់ឲ្យគេចូលលេង ខណៈដែលព័ត៌មានចចាមអារ៉ាមមួយចំនួនបានចុះផ្សាយថាទំនាក់ទំនងរបស់ខ្សែប្រយុទ្ធរូបនេះជាមួយ Zidane គឺមិនល្អនោះទេ។

ដោយឡែក Zidane បានលាលែងពីតំណែងជាគ្រូបង្វឹក Real Madrid នៅចុងរដូវកាលមុននិងត្រូវជំនួសដោយលោក Carlo Ancelotti ទើប Bale មានឱកាសបានបង្ហាញខ្លួនបាន៣ប្រកួតហើយ។

យ៉ាងណាមិញ ឥលូវកីឡាកររូបនេះបានរងរបួសសារជាថ្មីកំលុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Real Madrid និងអាចត្រឡប់មកវិញនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។

ថ្លែងប្រាប់ Diario AS លោក Barnett បានចេញមុខនិយាយថា៖
ការរងរបួសនិងការមិនយល់ពីគ្នារវាងគេនិង Zidane កាលពីប៉ុន្មានរដូវកាលចុងក្រោយនេះធ្វើឲ្យគេលេងមិនសូវល្អដូចមុន។ វាពិតជាគួរឲ្យអាម៉ាស់ណាស់ដែលគេរងរបួសឥលូវនេះ ក្រោមការដឹកនាំរបស់ Carlo Ancelotti ក្នុងនាមជាគ្រូរបស់ Real Madrid ។ គេរបួសដាច់សរសៃភ្លៅ និងត្រូវប្រើពេលយូរដើម្បីសម្រាកព្យាបាល។

ប្រភព៖ football-espana