អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola បានចេញមុខនិយាយថាលោកនឹងបើកផ្លូវឲ្យខ្សែប្រយុទ្ធ Raheem Sterling ចាកចេញពីក្លិប Manchester City បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបង្ហើបថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះកំពុងសម្លឹងចង់រកទ្រនំថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sterling បានក្លាយជាកីឡាករស្នូលមួយរូប ក្នុងក្រុមរបស់លោក Pep ប៉ុន្តែនៅរដូវកាលនេះ ក្រោយការទិញយក ខ្សែបម្រើ Jack Grealish មក គឺ គេពុំសូវជាបានចូលលេងញឹកញាប់ដូចមុនឡើយ ហើយសារព័ត៌មានជាច្រើនបានចុះផ្សាយថានេះជាដើមចមនាំឲ្យ ខ្សែប្រយុទ្ធរូបនេះមិនសប្បាយចិត្តនិងចង់ចាកចេញពីទឹកដី Etihad ។

ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាចង់បាន Sterling ហើយរូបគេផ្ទាល់ក៏ធ្លាប់បាននិយាយថាកំពុងគិតគូពីអនាគតខ្លួនឯង។

ដោយឡែក ទន្ទឹមនឹងព័ត៌មាននេះ លោក Pep បានថ្លែងប្រាប់ The Guardian ទាក់ទងនឹងរឿងនេះថា៖
បើសិនជាមានជម្រើសអាចផ្លាស់ទៅកន្លែងផ្សេងដើម្បីគេអាចចូលលេងបានច្រើនប្រកួត ខ្ញុំមិនថាអីនោះទេ។ ក្នុងនាមជាកីឡាករអង់គ្លេសមួយរូប អ្វីដែលអ្នកដឹងពី Premier League គឺខ្ញុំតែងតែគិតថា អ្នកដឹងទេថាថ្ងៃណាមួយ ខ្ញុំចង់លេងនៅប្រទេសផ្សេង និងសាកល្បងខ្លួនឯងដើម្បីទទួលយកការប្រកួតប្រជែងថ្មី។ អ្វីដែលខ្ញុំចង់បានពី Raheem និងគ្រប់គ្នាគឺ ខ្ញុំចង់ឲ្យពួកគេស្កប់ស្កល់ក្នុងការស្នាក់នៅទីនេះនិងរីករាយក្នុងការនៅក្លិបនេះ។ បើពួកគេមិនសប្បាយចិត្តទេ នោះពួកគេអាចធ្វើការសម្រេចចិត្តណាមួយដោយគ្មានការឃាត់ឃាំង។

ប្រភព៖ caughtoffside