បរទេស៖ អ្នកចាត់ការរបស់ក្រុម Liverpool លោក Jurgen Klopp បានលើកសរសើរជាខ្លាំងពីសមត្ថភាពកូនក្រុមរបស់ខ្លួនកីឡាករ Mohamed Salah បន្ទាប់ពីក្រុម ហង្សក្រហម ទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុម Watford ក្នុងលទ្ធផល ៥ ទល់នឹង ០ កាលពីយប់ថ្ងៃ សៅរិ៍ កន្លងទៅ, ក្នុងនោះបុរសសញ្ជាតិ អាល្លឺម៉ង់ បានអះអាងថា Salah ជាខ្សែប្រយុទ្ធល្អដាច់គេនៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Salah ជាអ្នកស៊ុតបញ្ចូលបានទី ១ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបាន ១ លើកនៅក្នុងជ័យជម្នះរបស់ Liverpool កាលពីយប់មិញ, ហើយពេលនេះក្រុម ហង្សក្រហម កំពុងឈរនៅលេខរៀងទី ២ នៃក្របខណ្ឌ Premier League ជាបណ្តោះអាសន្ន ដោយតាមពីក្រោយក្រុមកំពូលតារាង Chelsea តែ ១ ពិន្ទុប៉ុណ្ណោះ។

ថ្លែងប្រាប់ BT Sport ក្រោយបញ្ចប់ការប្រកួតលោក Klopp បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រាកដណាស់, បច្ចុប្បន្នគាត់ជាកីឡាករដ៏ល្អបំផុតនៅលើភពផែនដីយើងនេះ, ប៉ុន្តែវាគឺមិនអាស្រ័យលើខ្ញុំនោះទេ ហើយអ្វីដែលខ្ញុំលើកឡើង គឺខ្ញុំលើកឡើងតែកីឡាករណាដែលជាកីឡាករល្អបំផុតប៉ុណ្ណោះ។ សម្រាប់ខ្ញុំគាត់គឺល្អបំផុត។ ខ្ញុំបានជួបគាត់សឹងតែរាល់ថ្ងៃ ហើយប្រហែលជាបែបនេះហើយទើបធ្វើឱ្យខ្ញុំមើលឃើញគាត់ថាជាកីឡាករដែលល្អជាងគេ, ប៉ុន្តែបច្ចុប្បន្ន Robert Lewandowski, Cristiano Ronaldo នៅតែបង្ហាញថ្វីជើងស៊ុតអស្ចារ្យដដែល ចំណែកឯ Lionel Messi វិញនៅតែអាចរកគ្រាប់បាល់បាន និងលេងនៅក្នុងកម្រិតមួយខ្ពស់ដដែល។ ប៉ុន្តែឥឡូវនេះ គាត់ (Salah)កំពុងតែល្អដាច់គេហើយ៕

ប្រភព៖ Marca