អឺរ៉ុប៖ កីឡាករ Francesco Totti ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិប AS Roma បានសារភាពថា មានតែក្លិប Real Madrid តែមួយគត់ ដែលអាចធ្វើឲ្យចាកចេញពីក្លិប AS Roma ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ លោក Totti ដែលបានព្យួរស្បែកជើងតាំងពីឆ្នាំ២០១៧ បានរួមរស់ជាមួយ Roma ច្រើនឆ្នាំបំផុត ហើយក៏ជាក្លិបចុងក្រោយ សម្រាប់អាជីពជាកីឡាករបាល់ទាត់ផងដែរ។ អតីតខ្សែប្រយុទ្ធ ដែលបច្ចុប្បន្នមានវ័យ៤៥ឆ្នាំរូបនេះ បានបង្ហាញខ្លួនលើកដំបូងឲ្យ Roma កំលុងឆ្នាំ១៩៩២ ហើយចូលលេងបាន ៧៨៦ប្រកួត មុនពេលចូលនិវត្ដន៍។

តាមពិតទៅ កាលនៅជាកីឡាករ លោក Totti ក៏ត្រូវបានក្លិបធំៗនៅតំបន់អឺរ៉ុបចាប់អារម្មណ៍ផងដែរ ប៉ុន្ដែបានជ្រើសយក Roma ជាក្លិបដែលលោកស្រលាញ់ចេញពីបេះដូង។ យ៉ាងណាមិញ លោកទើបបានទម្លាយថា លោកក៏ធ្លាប់ពិចារណាយ៉ាងពិបាក អំពីលទ្ធភាពផ្ទេរទៅកាន់ Real Madrid ផងដែរ ប៉ុន្ដែនៅទីបំផុតវាមិនអាចទៅរួច ដោយសារតែបេះដូងរបស់លោក បាននៅជាមួយ Roma ទៅហើយ។

បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានប្រាប់កាសែត Guardian ថា៖
ពិតណាស់ ខ្ញុំបានគិតអំពីវា (ការទៅលេងឲ្យ Real Madrid) ប៉ុន្ដែខ្ញុំតែងតែនិយាយ និងដឹងច្បាស់ថា ការស្នាក់នៅជាមួយ Roma ជាការសម្រេចចេញពីបេះដូង កាលគ្រានោះ។ នៅពេលអ្នកមានអារម្មណ៍បែបនេះ អ្នកនឹងមិនអាចចាកចេញទេ។ តែពិតណាស់ បើគិតបកក្រោយវិញ អំពីការបដិសេធមិនទៅចូលរួម Real Madrid ហាក់ដូចជាមិនមានទេ។ Real Madrid គឺជាក្លិបតែមួយគត់ដែលខ្ញុំអាចទៅលេង ជាក្លិបតែមួយគត់ដែលអាចឲ្យខ្ញុំដើរចេញពី Roma ៕
ប្រភព៖ 90min