ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យហើយ សិស្សានុសិស្សជាច្រើន ក៏បានបន្តការសិក្សានៅឯថ្នាក់ឧត្តមសិក្សា ប៉ុន្តែការបន្តសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ត្រូវការឱ្យសិស្សានុសិស្ស មានការគិតពិរចារណាឱ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសជំនាញ ដើម្បីសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សាដែរ ព្រោះថាជំនាញដែលត្រូវសិក្សា នៅឯថ្នាក់ឧត្តមសិក្សា វាក៏ជាផ្នែកមួយដ៏សំខាន់ សម្រាប់សិស្សានុសិស្សនាពេលអនាគតដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត ការជ្រើសរើសជំនាញ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សា វាក៏មិនអាស្រ័យទៅលើថាជំនាញនោះ ត្រូវតាមតម្រូវការទីផ្សារ ឬក៏អត់ដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺសមត្ថភាពពិតប្រាកដរបស់និស្សិត ដែលបានក្រេបជញ្ជក់ចំណេះដឹង ក្នុងជំនាញដែលខ្លួនបានសិក្សា នៅឯថ្នាក់ឧត្តមសិក្សា។

ជាក់ស្តែង ដូចជានិស្សិតចន សុវណ្ណឌី ដែលបានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ ជាមួយនឹងខ្មែរឡូត ដោយសព្វថ្ងៃ និស្សិតរូបនេះ ជានិសិ្សតឆ្នាំទី២ ដែលបានសិក្សាលើជំនាញវិចិត្រកម្ម នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លើសពីនេះ និស្សិតរូបនេះ មិនបានជ្រើសរើសជំនាញ ដោយមើលលើតម្រូវការទីផ្សារឡើយ ផ្ទុយទៅវិញនិស្សិតរូបនេះ បានជ្រើសយកជំនាញដែលខ្លួនស្រលាញ់ ដើម្បីបន្តការសិក្សានៅឯថ្នាក់ឧត្តមសិក្សាទៅវិញ។
ជាងនេះទៅទៀត ក្រោយពេលដែលនិស្សិតរូបនេះ បានជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ យកមកសិក្សាអស់រយៈពេល២ឆ្នាំមកនេះ ដោយមិនខ្លាចថានឹងគ្មានទីផ្សារនោះ និស្សិតឆ្នាំទី២ ផ្នែកវិចិត្រកម្មរូបនេះ ក៏បានប្រាប់ពីមូលហេតុ និងគោលបំណង ក្នុងការជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ ជាងមើលទៅលើតម្រូវការទីផ្សារផងដែរថា៖
មូលហេតុដែលធ្វើឱ្យខ្ញុំ ជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ ជាងមើលទៅលើតម្រូវការទីផ្សារនោះ គឺដោយសារតែវាជាជំនាញមួយ ដែលខ្ញុំស្រលាញ់តាំងពីតូច ជាពិសេសខ្ញុំចង់ក្លាយ ទៅជាផ្នែកមួយ ដែលអាចជួយលើកស្ទួយវិស័យគំនូរ ឱ្យកាន់តែមានភាពរីកចម្រើនកាន់តែខ្លាំង ព្រោះខ្ញុំដឹងថាសព្វថ្ងៃនេះ បើទោះបីជាវិស័យគំនូរនេះ ទទួលបានការគាំទ្រក៏ដោយ ក៏ប៉ុន្តែ វានៅតែមានកម្រិតនៅឡើយ ដូច្នេះហើយ ខ្ញុំចង់ឱ្យវិស័យគំនូរនេះ កាន់តែមានភាពរីកចម្រើនខ្លាំង នាពេលអនាគត។

ចំពោះនិស្សិតរូបនេះ បើទោះបីជាដឹងថា ជំនាញដែលខ្លួនបានជ្រើសរើសនោះ មិនទាន់មានការរីកចម្រើនខ្លាំង ដែលធ្វើឱ្យងាយស្រួល រកការងារធ្វើនាពេលអនាគតក៏ដោយ ក៏និស្សិតរូបនេះ នៅតែពេញចិត្ត ក្នុងការប្រឹងប្រែងសិក្សាលើជំនាញវិចិត្រកម្មនេះដែរ។ លើសពីនេះ បើទោះបីជានិស្សិតចន សុវណ្ណឌីបានជ្រើសរើសមុខជំនាញ ដែលខ្លួនស្រលាញ់ យកមកសិក្សានៅថ្នាក់ឧត្តមសិក្សាក៏ដោយ ក៏វានៅតែធ្វើឱ្យនិស្សិតរូបនេះ បានជួបនូវផលលំបាកជាច្រើន ដោយនិស្សិតរូបនេះក៏បានបន្ត បន្ថែមទៀតផងដែរថា៖
គ្រប់ជំនាញទាំងអស់គឺសុទ្ធសឹងតែមានផលលំបាកដូចៗគ្នា ប៉ុន្តែចំពោះជំនាញវិចិត្រកម្ម ដែលខ្ញុំបានសិក្សាអស់រយៈពេល២ឆ្នាំមកនេះ វាក៏បានធ្វើឱ្យខ្ញុំ ជួបនូវផលលំបាកច្រើនគួរសមដែរ ដោយសារតែរាល់គំនូរនីមួយៗ គឺទាមទារការផ្តោតអារម្មណ៍ឱ្យបានខ្ពស់ ព្រោះប្រសិនបើយើងមិនមានការផ្តោតអារម្មណ៍ ឱ្យបានខ្ពស់ទេនោះ រូបគំនូរដែលយើងគូរចេញមក វាក៏មិនបានល្អដូចគ្នាដែរ។ មួយវិញទៀត ផលលំបាកដែលខ្ញុំបានជួបគឺ ខ្ញុំត្រូវចាយពេលវេលាច្រើន ដើម្បីផ្ចិតផ្ចង់ ក្នុងការគូរឱ្យបានល្អ ទើបរូបគំនូរចេញមក មានភាពស្រស់ស្អាត។

ជាចុងក្រោយ និសិ្សតឆ្នាំទី២ផ្នែកវិចិត្រកម្មរូបនេះ ក៏មានពាក្យផ្តែផ្តាំទៅដល់ប្អូនៗជំនាន់ក្រោយ ជាពិសេសប្អូនដែលជិតនឹងបញ្ចប់ថ្នាក់វិទ្យាល័យនាពេលខាងមុខនេះផងដែរថា៖
សូមប្អូនៗទាំងអស់ ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ហើយអ្វីដែលសំខាន់នោះ គឺព្យាយាមស្វែងរក នូវអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើវា នោះនៅពេលដែលប្អូនៗ បញ្ចប់ថ្នាក់វិទ្យាល័យហើយ វានឹងធ្វើឱ្យប្អូនៗ មានភាពងាយស្រួលក្នុងការជ្រើសមុខជំនាញរៀន ម្យ៉ាងវិញទៀត វាក៏ជាផ្នែកមួយ ដែលជួយធ្វើឱ្យប្អូនៗ មិនងាយបោះបង់ការសិក្សាចោល ពាក់កណ្តាលទីដែរ។
ជារួមមក រាល់មុខជំនាញទាំងអស់ គឺវាមិនមែនសុទ្ធតែមិនល្អនោះទេ គ្រាន់តែមុខជំនាញខ្លះ តម្រូវការលើទីផ្សារ នៅមានកម្រិតតែប៉ុណ្ណោះ តែអ្វីដែលសំខាន់បំផុតនោះ គឺស្ថិតនៅលើសមត្ថភាពផ្ទាល់ ដែលនិស្សិតបានក្រេបជញ្ចក់នៅឯងថ្នាក់ឧត្តមសិក្សា។ ដូច្នេះហើយ ប្អូនៗជំនាន់ក្រោយ ក៏ដូចជាប្អូនៗដែលជិតបញ្ចប់ថ្នាក់ទី១២ខាងមុខនេះ គួរតែមានការគិតពិចារណា ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្ត ជ្រើសរើសជំនាញមួយណា ដើម្បីយកមកបន្តការសិក្សា នៅឯថ្នាក់ឧត្តមសិក្សា។
អ្វីដែលសំខាន់នោះ គឺប្អូនៗគួរតែជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ ជាងមើលទៅលើតម្រូវការទីផ្សារ ព្រោះប្រសិនបើប្អូនៗ មិនបានជ្រើសជំនាញដែលខ្លួនស្រលាញ់ ដោយសារតែខ្លាចថានឹងគ្មានទីផ្សារ នាពេលអនាគតនោះ វាអាចធ្វើឱ្យប្អូនៗ ជួបនូវផលលំបាកជាច្រើន នៅថ្នាក់ឧត្តមសិក្សា ជាងនេះទៅទៀត អាចធ្វើឱ្យប្អូនៗងាយនឹងបោះបង់ការសិក្សារចោល ពាក់កណ្តាលទីទៀតផង៕
ខ្មែរឡូតសូមធ្វើការរក្សាសិទ្ធ
បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាបទសម្ភាន៍ផ្ទាល់របស់និស្សិតចន សុវណ្ណឌី ដែលមាននៅខាងក្រោមនេះ៖








