អង់គ្លេស៖ បុរសម្នាក់ បានដាស់តឿនមនុស្សគ្រប់គ្នា ឲ្យចៀសឆ្ងាយពីការផឹកភេសជ្ជៈប៉ូវកម្លាំង បន្ទាប់ពីរូបគាត់ រងនូវជំងឺគាំងបេះដូង ដោយសារការផឹកភេសជ្ជៈប៉ូវកម្លាំងដល់ទៅ១២កំប៉ុងក្នុងមួយថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសខាងលើនេះ មានឈ្មោះថា Lee Kamen អាយុ៥៥ឆ្នាំ មកពីទីក្រុង Hull នៃប្រទេសអង់គ្លេស ហើយគាត់បានទទូចថា ភេសជ្ជៈប៉ូវកម្លាំងគួរតែហាមឃាត់ និងមិនត្រូវលក់ឲ្យក្មេងក្រោមអាយុ១៦ឆ្នាំឡើយ។
យោងតាមសម្ដីរបស់គាត់ប្រាប់ប្រភពព័ត៌មានថា រូបគាត់ផ្ទាល់ជាមនុស្សដែលមិនជក់បារី ឬផឹកស្រាទេ និងចាប់ផ្ដើមមានជំងឺគាំងបេះដូង នៅអាយុ៤៩ឆ្នាំ។ ហើយមុនពេលមានជំងឺ គាត់បានផឹកភេសជ្ជៈប៉ូវកម្លាំងចាប់ពី៨ ទៅ១២កំប៉ុងក្នុងមួយថ្ងៃ ដោយសារការហត់នឿយពីការធ្វើការងារខ្លាំងពេក។ លុះមកដល់ថ្ងៃមួយ គាត់បានដួលសន្លប់បាត់បង់ស្មារតី ដោយសារគាំងបេះដូង និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានប្រាប់គាត់ថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំង គឺជាមូលហេតុបណ្ដាលឲ្យទៅជាបែបនេះ ដែលឮដូច្នេះហើយ ធ្វើឲ្យគាត់ស្រឡាំងកាំងយ៉ាងខ្លាំង។
យ៉ាងណាមិញ សព្វថ្ងៃនេះ គាត់ត្រូវលេបថ្នាំព្យាបាលជារៀងរាល់ថ្ងៃ ហើយគាត់ក៏បានហាមឃាត់កូនស្រីរបស់គាត់មិនឲ្យផឹកភេសជ្ជៈប៉ូវកម្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖


ប្រភព: ladbible.com