ហុងគ្រី៖ ក្រុមហ៊ុនទឹកក្រូច កូកាកូឡា ដ៏ល្បីឈ្មោះបានខាតបង់ទឹកប្រាក់ដល់ទៅ៤កោដដុល្លារនៅលើតម្លៃទីផ្សារ បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo បានរុញដបទឹកក្រូចម៉ាកនេះចេញក្នុងសន្និសិទបើកការប្រកួតរវាង ហុងគ្រី ទល់នឹង ព័រទុយកាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលណោះ កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះបានរុញដប Coca Cola ពីរដបដែលដាក់តាំងបង្ហាញនៅលើតុសម្រាប់ផ្ដល់បទសម្ភាសន៍ចេញនិងប្រាប់អ្នកទាំងអស់គ្នាថាឲ្យផឹកទឹកបរិសុទ្ធជំនួសវិញ។

ហេតុការណ៍មួយនេះត្រូវគេយកទៅនិយាយយ៉ាងគគ្រឹកគគ្រេងខណៈដែលក្រុមហ៊ុន Coca Cola ជាដៃគូសហការជាមួយខាង UEFA ក្នុងព្រឹត្តិការណ៍ Euro 2020 នេះផងដែរ។

យ៉ាងណាមិញ ភ្លាមៗក្រោយ Ronaldo រុញដបកូកាកូឡាចេញ ក្រុមហ៊ុនមួយនេះធ្លាក់តម្លៃភាគហ៊ុនពី ៥៦.១០ដុល្លារ ទៅ ៥៥.២២ដុល្លារភ្លាមៗ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក តម្លៃភាគហ៊ុនក៏ឡើងមក ៥៥.៤៤ដុល្លារ វិញ។

ទាក់ទងនឹងហេតុការណ៍នេះដែរ ក្រុមហ៊ុនកូកាកូឡា បានបង្ហោះសារមួយថា៖
អ្នកគ្រប់គ្នាមានចំណង់ចំណូលចិត្តលើភេសជ្ជៈផ្សេងៗពីគ្នាហើយពួកគេត្រូវការអ្វីផ្សេងៗពីគ្នា។ ការពិតទៅដបទឹកសុទ្ធក៏ត្រូវបានផ្ដល់ជូនកីឡាករដែរ និងមានដបកូកាកូឡាធម្មតា និង កូកាកូឡាគ្មានជាតិស្ករ នៅក្នុងកិច្ចសម្ភាសន៍មួយនោះ។

Cristiano Ronaldo ដែលមានអាយុដល់ទៅ៣៦ឆ្នាំអាចរក្សាទម្រង់លេងបានល្អមកទល់សព្វថ្ងៃក៏ដោយសារគេគិតគូលើរបបអាហារបែបតឹងតែងណាស់ដោយតមមិនញ៉ាំរបស់ផ្អែមឡើយ ដោយកាលស្នាក់នៅ Real Madrid ដុកទ័រនៅទីនោះធ្លាប់បាននិយាយថា រាងកាយរបស់គេក្មេងជាងអាយុដល់ទៅ១០ឆ្នាំឯណោះ និងអាចលេងបាល់រហូតដល់អាយុ៤០ឆ្នាំ។

Ronaldo បានដឹកនាំក្រុមជម្រើសជាតិព័រទុយកាល់ឲ្យយកឈ្នះ ហុងគ្រី ៣ ទល់នឹង ០ ដោយបានរួមចំណែកស៊ុតបញ្ចូលទី២គ្រាប់គឺបាល់ប៉េណាល់ទីនៅនាទីទី ៨៧ និង១គ្រាប់ទៀតនៅចុងម៉ោងនាទីទី៩០+២ ដែលធ្វើឲ្យគេក្លាយជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Euro ផងដែរ៕

ប្រភព៖ thesun