អឺរ៉ុប៖ លោក Jose Mourinho ជឿជាក់ថា ការប្រកួតពានរង្វាន់ European Championship ឆ្នាំនេះ នឹងធ្វើឱ្យអ្នករាល់គ្នាដឹងពីគុណភាពពិតប្រាកដរបស់កីឡាករ Romelu Lukaku ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខលំដាប់ពិភពលោកម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក គឺធ្លាប់បានហ្វឹកហាត់នៅ Chelsea រយៈពេលខ្លីប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Jose Mourinho, លុះក្រោយមកអ្នកចាត់ការដែលមានរហស្សនាមថា Special One ក៏បានមកដឹកនាំនៅក្រុម Manchester United ហើយស្របពេលជាមួយគ្នានោះលោកក៏បានយក Lukaku មកកាន់ទឹកដី Old Trafford ផងដែរ។

គួរបញ្ជាក់ថា Lukaku ធ្លាប់បានលេងនៅ Premier League ចំនួន ៤ ក្លិប ហើយក្នុងនោះគាត់លេងបានចំនួន ២៥២ ប្រកួត និងស៊ុតបញ្ចូលទីសរុបបានចំនួន ១១៣ គ្រាប់ផងដែរ, ប៉ុន្តែយ៉ាងណាគាត់បានលេងនៅក្របខណ្ឌ PL ចុងក្រោយគឺនៅក្លិប Man UTD ហើយពេលដែលលោក Ole Gunna Solskjaer ឡើងកាន់តំណែងភ្លាម លោកក៏បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិកគឺលើសតម្រូវការក្លិប ទើបចុងក្រោយគាត់បានមកលេងនៅក្រុម Inter Milan មកទល់សព្វថ្ងៃ។

ថ្លែងប្រាប់គេហទំព័រ The Times អតីតអ្នកចាត់ការរបស់ក្រុម Chelsea និង Man UTD បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ខ្ញុំគិតថា វាដល់ពេលហើយដែលគាត់ (Lukaku) គួរតែប្រាប់ទៅពិភពលោកថា៖ ខ្ញុំគឺឈរនៅទីនេះ ហើយខ្ញុំគឺជាខ្សែប្រយុទ្ធដ៏ល្អបំផុត។ ២ ឆ្នាំកន្លងមកនៅ Inter Milan គាត់បានមានជំហររឹងមាំ និងលេងដោយភាពជឿជាក់ចំពោះខ្លួនឯង។ នៅ Chelsea គាត់គឺត្រឹមជាក្មេងម្នាក់។ នៅ Man UTD គាត់កំពុងអភិវឌ្ឍន៍ខ្លួន។ រីឯនៅ Inter Milan គាត់បានក្លាយជាកំពូលកីឡាករម្នាក់។ គាត់បានក្លាយជាក្តីស្រឡាញ់ចំពោះអ្នកគាំទ្រ, មិត្តរួមក្រុម ហើយវាក៏បានធ្វើឱ្យគាត់មានទំនាក់ទំនងល្អជាមួយគ្រូបង្វឹកថែមទៀតផង៕

ប្រភព៖ Metro