បរទេស៖ ទីភ្នាក់ងារអវកាសណាសាទើបតែប្រកាសការបញ្ជូនបេសកកម្មចំនួនពីរទៅកាន់ភពសុក្រ (ផ្កាយព្រឹកឬផ្កាយចោរ) ដើម្បីត្រួតពិនិត្យលក្ខណៈបរិយាកាសនិងភូមិសាស្ត្រ។ បេសកកម្មទាំងនេះដែលទទួលបានប្រាក់ឧបត្ថម្ភនីមួយៗចំនួន៥០០លានដុល្លារ គឺនឹងចាប់ផ្ដើមចេញដំណើរនៅចន្លោះឆ្នាំ២០២៨និង២០៣០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson បាននិយាយថា បេសកកម្មទាំងនេះនឹងផ្ដល់ឱកាសតាមដានភពមួយនេះ ដែលពួកយើងមិនបានទៅដល់ អស់រយៈពេលជាង៣០ឆ្នាំហើយ។ យានអង្កេតចុងក្រោយដែលបានធ្វើដំណើរទៅកាន់ភពមួយនេះ មានឈ្មោះថា Magellan ដែលវាបានធ្វើដំណើរតាមគន្លងគោចរជុំវិញ នៅក្នុងឆ្នាំ១៩៩០។ ទោះជាយ៉ាងណា ក៏ធ្លាប់មានយានដទៃទៀតបានធ្វើដំណើរឆ្លងកាត់ភពនេះ ចាប់តាំងពីពេលនោះមកផងដែរ។
បេសកកម្មទាំងនេះត្រូវបានជ្រើសរើសតាមដំណើរការត្រួតពិនិត្យ ហើយត្រូវបានចាត់តាំងដោយផ្អែកទៅលើគុណតម្លៃវិទ្យាសាស្ត្រ ដែលមានសក្ដានុពលនិងលទ្ធភាពនៃផែនការអភិវឌ្ឍន៍របស់ពួកគេ។
បេសកកម្មទីមួយគឺ Davinci+ (ឈ្មោះពេញ Deep Atmosphere Venus Investigation of Noble gases, Chemistry, and Imaging) ដែលនឹងគណនាបរិយាកាសនៃភព ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលភពមួយបានបង្កើតនិងវិវឌ្ឍន៍។ វាក៏មានគោលដៅកំណត់ ថាតើភពសុក្រធ្លាប់មានមហាសមុទ្រឬអត់។ បេសកកម្ម Davinci+ ក៏នឹងរំពឹងថា បញ្ជូនត្រឡប់មកវិញនូវរូបភាពគុណភាពខ្ពស់នៃលក្ខណៈភូមិសាស្ត្រនៃភព។
បេសកកម្មទីពីរគឺ Veritas (ឈ្មោះពេញ Venus Emissivity, Radio Science, InSAR, Topography, and Spectroscopy) នឹងកំណត់ផែនទីផ្ទៃភព ដើម្បីសិក្សាពីប្រវត្តិភូមិសាស្ត្រនិងតាមដានពីរបៀបវិវឌ្ឍន៍ខុសឆ្ងាយពីផែនដី។ វានឹងប្រើប្រាស់ទម្រង់រ៉ាដា ដើម្បីគូរប្លង់រយៈកម្ពស់ពីផ្ទៃ និងស្វែងរកថាតើភ្នំភ្លើងនានានិងរញ្ជួយដីនៅមានសកម្មភាពឬអត់៕