លោកវេជ្ជបណ្ឌិត គួច ម៉េងលី៖ ការ​ដែលថា «ការពាក់វ៉ែនតា​ធ្វើឱ្យ​​ភ្នែក​​ស្រវាំង ឡើងដឺក្រេខ្ពស់ ឬខូចភ្នែក» គឺជាការ​យល់​ច្រឡំ

//s9.kh1.co/0e/0e9b1ef46bd963ee751264b718624afc96fd9d60.jpg
យល់ដឹង

 ១៩-ឧសភា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ការពាក់វ៉ែនតាធ្វើឱ្យ​ភ្នែកស្រវាំង ឡើងដឺក្រេខ្ពស់ និងធ្វើឱ្យខូចភ្នែកមែនឬទេ?

លោកវេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃ ១៩ ឧសភា ២០២១នេះ បានលើកឡើងថា​៖ «ពលរដ្ឋខ្មែរ​មួយចំនួនតែង​យល់​ច្រឡំ​ថា ការពាក់វ៉ែនតាធ្វើឱ្យ​ភ្នែកស្រវាំង ឡើងដឺក្រេខ្ពស់ និងធ្វើឱ្យខូចភ្នែក។ ឯអ្នកខ្លះទៀត ឃើញគេពាក់វ៉ែនតា គាត់​បែរ​​ជាមានគំនិតឆ្វេង​និយម​ទៅវិញ ពោលគឺគាត់គិតថា គេពាក់ដើម្បីភាពសង្ហានិងពាក់ដើម្បី​បង្ហាញថា​ជាអ្នកចេះ​ដឹង ឬជាបញ្ញវន្តជាដើម។ ផ្នត់គំនិតនេះ កំពុងធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនអត់ហ៊ានពាក់វ៉ែនតា ដែលជា​ហេតុធ្វើឱ្យភ្នែក​ពួកគេ​មានបញ្ហា ជាពិសេស​​អ្នកប្រើប្រាស់កុំព្យូទ័រ លេងទូរសព្ទ ឬមើលទូរទស្សន៍ច្រើនម៉ោង​ក្នុងមួយថ្ងៃៗជាដើម»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបញ្ជាក់ថា៖ មិនដូចការយល់ច្រឡំរបស់ពលរដ្ឋមួយចំនួននោះទេ ពោលគឺវាថែមទាំងជួយការពារសុខភាពភ្នែក​យើងបានយ៉ាង​ល្អថែមទៀតផង។ បានសេចក្ដីថា ការពាក់វ៉ែនតា គឺ​ជួយ​ឱ្យយើងមើលឃើញច្បាស់ដោយមិនបាច់​ប្រឹង​សម្លឹង ជួយទប់ពន្លឺដែលចាំង​ចូលភ្នែក ការពារធូលី ខ្យល់ និងផ្សែងជាដើមកុំឱ្យចូលភ្នែក។ 

វេជ្ជបណ្ឌិត គួច ម៉េងលី
វេជ្ជបណ្ឌិត គួច ម៉េងលី

ក្នុងការលើកឡើងខាងលើ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា៖ ដោយសង្កេតឃើញអ្នកពាក់វ៉ែនតាមាន ៣ប្រភេទគឺ ពាក់ព្រោះភ្នែកមីញ៉ូប ពាក់ដើម្បីការពារពន្លឺ និងពាក់ដើម្បីភាព​សង្ហា (កម្រមានអ្នកពាក់ក្នុងហេតុផលនេះ​ណាស់)។ ប្រសិនបើភ្នែកស្រវាំង យើងត្រូវទៅពិនិត្យសុខភាពភ្នែក វាស់ដឺក្រេភ្នែក ហើយកាត់វ៉ែនតាពាក់។ សូមកុំនៅខំប្រឹងសម្លឹងមើលរាល់ថ្ងៃដោយអត់ពាក់វ៉ែនតា ព្រោះវានឹង​ធ្វើឱ្យភ្នែកយើងប្រទាញឬខូច។ ចំណែកអ្នកប្រើ​កុំព្យូទ័រឬមើលទូរសព្ទច្រើនម៉ោងក្នុងមួយថ្ងៃៗ ក៏គួរតែទៅ​កាត់វ៉ែនតា​ពាក់ការពារពន្លឺផងដែរ ព្រោះកញ្ចក់កុំព្យូទ័រ កញ្ចក់ទូរសព្ទ មានកាំរស្មីពណ៌ខៀវ (Blue color ray) ដែលធ្វើឱ្យភ្នែកក្រហាយ ស្រវាំង និងខូច។ មិនតែប៉ុណ្ណោះ គេក៏មានអេប (App) សម្រាប់យើងដោនឡូត​ដាក់លើកុំព្យូទ័រឬទូរសព្ទ ដើម្បីជួយកាត់​បន្ថយពន្លឺកុំឱ្យជះ​មករកភ្នែក​របស់យើង។

មួយវិញទៀត យើងអាចទិញស្គ្រីនមកបំពាក់លើកញ្ចក់កុំព្យូទ័ររបស់យើងក៏បាន ព្រោះវាក៏មានមុខងារទប់​កាំរស្មី​ពណ៌ខៀវកុំឱ្យ​ជះមកលើភ្នែកយើងពេកផងដែរ។ 

លោកបន្តថា៖ ភ្នែកស្រវាំង ភ្នែកឡើងដឺក្រេ ឬធ្វើឱ្យភ្នែក​ខូចឱ្យសោះ។ ផ្ទុយទៅវិញ យើងត្រូវតែយល់ដឹងអំពី​អត្ថប្រយោជន៍​​​ពីការពាក់​វ៉ែនតា។ យើងត្រូវទៅពិនិត្យសុខភាពភ្នែក វាស់ដឺក្រេភ្នែក និងកាត់វ៉ែនតាពាក់ ប្រសិនបើ​យើងធ្វើការប្រឈម​នឹងពន្លឺ ឬកាំរស្មីខ្លាំង។ ចំណែកអាណាព្យាបាលដែលមានកូនតូចគ្រប់វ័យចូលរៀន ក៏គួរយក​កូន​ទៅពិនិត្យសុខភាព​ភ្នែក​ផងដែរ ព្រោះជួនកាលភ្នែកគាត់ស្រវាំងឬមីញ៉ូប ធ្វើឱ្យគាត់រៀនខ្សោយ។ បើសិនពិនិត្យឃើញ​ថា ភ្នែកគាត់មីញ៉ូប ឬស្រវាំង យើងត្រូវជូនគាត់ទៅកាត់វ៉ែនតាពាក់ ចៀសវាងគិត​ថា “កូននៅតូចអ៊ីចឹង ពាក់វ៉ែនតាមិន​ល្អ​មើលទេ ខ្លាចគេសើច!” ឱ្យ​សោះ៕

Kun Nikay
គុណ និកាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T