បារាំង៖ យោងតាមការរាយការណ៍ ខ្សែប្រយុទ្ធ Memphis Depay ដែលបច្ចុប្បន្នលេងឲ្យក្លិបបារាំង Lyon បានចាប់ផ្ដើមស្វែងរកផ្ទះថ្មីសម្រាប់ស្នាក់នៅឯទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បណ្ដើរៗហើយ បន្ទាប់ពីរូបគេបានព្រមព្រៀងទទួលយកសំណើរបស់ Barcelona ដោយសុខចិត្តឲ្យក្លិបកាត់ប្រាក់ឈ្នួលទៀតផង។
Depay នឹងផុតកុងត្រាជាមួយ Lyon នៅចុងបញ្ចប់រដូវកាលនេះហើយ ទើបគេគ្រោងនឹងផ្ទេរទៅទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន ព្រោះគេចង់មកលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman ដែលធ្លាប់ជាអតីតគ្រូ-សិស្សនៅ ជម្រើសជាតិហូឡង់។
សារព័ត៌មាន Mundo Deportivo បានបង្ហើបថា កីឡាករវ័យ២៧ឆ្នាំរូបនេះពិតជាបានស្វែងរកផ្ទះដ៏ប្រណីតនៅម្ដុំ Pedralbes សម្រាប់ស្នាក់នៅពិតមែនដោយ Depay បានមកដល់ទីនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារផ្ទាល់តែម្ដង មុននឹងត្រូវត្រឡប់ទៅ Lyon វិញដើម្បីប្រកួតជាមួយក្លិប AS Monaco ដែលរូបគេបានរួមចំណែកស៊ុតបាន១គ្រាប់និងបញ្ជូនមួយគ្រាប់ផងដែរ។
យ៉ាងណាមិញ មិនមែនមានតែ Barcelona មួយទេដែលចង់បាន Depay ពោលគឺក្លិបធំៗនៅអឺរ៉ុបផ្សេងទៀតដូចជា Atletico Madrid, Juventus និង Inter Milan សុទ្ធតែចាប់អារម្មណ៍ចង់បានគេទាំងអស់។
ទូរទស្សន៍របស់កាតាឡាន់ Esport3 បានរាយការណ៍ថា Depay បានពិភាក្សាជាមួយ Barcelona ប៉ុន្តែក្លិបនឹងផ្ដល់ប្រាក់ឈ្នួលដល់គេមិនច្រើនជាង Atletico Madrid,Juventus និង Inter Milan ឡើយប៉ុន្តែ Depay បានប្តេជ្ញាចិត្តចង់ផ្លាស់ទៅ Barcelona ។
គួររម្លឹកផងដែរថានៅរដូវកាលនេះ Memphis Depay បានស៊ុតបញ្ចូលទី២១គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៣៨ប្រកួតនិងបញ្ជូនបាក់ចំនួន១០គ្រាប់ផងដែរ៕
ប្រភព៖ dailymail
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload