អង់គ្លេស៖ ខ្សែប្រយុទ្ធ Riyad Mahrez នៃក្លិបមេឃខៀវ Manchester City បានដៀមដាមកីឡាកររបស់ Paris Saint-Germain ថាពួកគេប្រើកម្លាំងបាយនិងទាត់កីឡាកររបស់ Man City នៅតង់ទី២ទៀតផង។

កាលពីយប់ថ្ងៃទី៥ខែ ឧសភាកន្លងទៅនេះ ក្លិប Man City បានបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ PSG ដែលជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជើងទី២ ដែលចប់ការប្រកួត Man City បានទម្លាក់ PSG ក្រោមលទ្ធផល គឺ Man City យកឈ្នះ PSG ២ ទល់នឹង ០ ដែល Riyad Mahrez រកបានទាំង២គ្រាប់គឺនៅនាទីទី ១១ និងនាទីទី៦៣ ដែលសរុបទាំងពីរជើងគឺ Man City យកឈ្នះ ៤ ទល់នឹង ១។



យ៉ាងណាមិញ ក្នុងការប្រកួតជើងទី២នេះ បរិយាកាសទាំងមូលមានភាពក្ដៅគគុកណាស់ ដោយ Angel Di Maria ទទួលបានកាតក្រហម និងត្រូវបណ្ដេញចេញពីទីលាន ខណៈកីឡាករបីរូបផ្សេងទៀតទទួលបានកាតលឿងដែលមានន័យថាកីឡាករ PSG ព្យាយាមប្រើកម្លាំងបាយរារាំងកីឡាកររបស់ Man City ធ្វើឲ្យ Mahrez ចោទថាពួកគេបាត់បង់ម្ចាស់ការលើខ្លួនឯង។

Mahrez បានថ្លែងថា៖
វាពិតជាការប្រកួតមួយដ៏ល្អ នៅតង់ទី១ យើងលេងមិនសូវបានល្អទេ ប៉ុន្តែពេលរកបាន១គ្រាប់ ក្រុមពួកយើងរាងមានកម្លាំងចិត្តជាងមុន។ពួកយើងលេងបានល្អនៅតង់ទី២និងអាចរកគ្រាប់បាល់បានថែមទៀត។ កីឡាករ PSG បាត់បង់ស្មារតីនិងចាប់ផ្ដើមប្រើកម្លាំងបាយទាត់ធាក់យើង ហើយបន្ទាប់ពីអាជ្ញាកណ្ដាលចាយកាតក្រហមមក គ្រប់យ៉ាងក៏រាងធូរស្បើយទៅវិញ។ ពួកយើងសប្បាយចិត្តដែលរកគ្រាប់បាល់បាន ខ្ញុំគិតថាពួកយើងឈ្នះមកពីពួកយើងលេងការពារបានល្អដែរ ពួកយើងមិនរបូតគ្រាប់បាល់ទៅពួកគេ ដូច្នេះហើយទើបពួកយើងបានឡើងមកវគ្គផ្ដាច់ព្រ័ត្រ តែពួកយើងនៅមានការប្រកួតក្នុងលីគនៅថ្ងៃសៅរ៍។ពួកយើងត្រូវផ្ដោតអារម្មណ៍លើការប្រកួតនៅ Premier League បន្ទាប់មកសឹមបកមកគិតនៅ Champions League ទៀត។

គួរបញ្ជាក់ផងដែរថា Manchester City ត្រូវរង់ចាំមើលថាតើអ្នកណាជាអ្នកឈ្នះក្នុងការប្រកួតរវាង Chelsea និង Real Madrid សិនទើបអាចដឹងថាក្រុមពួកគេត្រូវប៉ះក្រុមមួយណាក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលធ្វើឡើងនៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី៕

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖
ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម :
https://t.me/khmerload