អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp បានបង្ហើបការយល់ឃើញផ្ទាល់ខ្លួនថា ក្រុមជម្រើសជាតិហូឡង់ មិនគួរកោះហៅ ខ្សែការពារឆ្នើមប្រចាំក្រុមគឺ Virgil van Dijk ឲ្យទៅលេងនៅ ព្រឹត្តិការណ៍បាល់ទាត់ Euro 2020 ឡើយហើយលោកគ្រូក៏មិនចង់ឲ្យគេទៅដែរព្រោះវាជាការប្រថុយប្រថានពេក។

Van Dijk បានរងរបួសធ្ងន់កាលជំនួបរវាង Liverpool និង Everton ធ្វើឲ្យគេត្រូវបាត់មុខចេញពីទីលានអស់រយៈពេល ៧ខែ មកហើយ។មកទល់ពេលនេះ កីឡាករសញ្ជាតិហូឡង់រូបនេះបានមកហ្វឹកហាត់ពង្រឹងកាយសម្បទាឡើងវិញ ប៉ុន្តែគេមិនអាចចូលលេងរហូតដល់ចប់រដូវកាលនេះ ដែលមានន័យថា សូម្បីការលេងឲ្យក្រុមជម្រើសជាតិក៏មិនគួរណាអាចទៅរួចដែរ។


ដូច្នេះហើយទើប លោកគ្រូ Klopp ផ្ដល់យោបល់ដល់ លោកគ្រូបង្វឹក Frank de Boer នៃក្រុមជម្រើសជាតិហូឡង់ ថាមិនគួរកោះហៅ Van Dijk ទៅលេងនៅ Euro ឡើយ។


លោកគ្រូបាននិយាយថា៖
ខ្ញុំមិនចង់ឃាត់ដំណើរ Virgil ទេប៉ុន្តែអ្នកមិនគួរបង្ខំគេឲ្យចូលលេងនោះឡើយ គេសម្រាកព្យាបាលរយៈពេលយូរគួរសមទើបគេត្រូវតែចូលហ្វឹកហាត់ឲ្យសកម្មដើម្បីអាចលេងបាល់សាជាថ្មី។ វាអាចនឹងចំណាយពេលប៉ុន្មានសប្តាហ៍ឯណោះ អ្នកមិនអាចបាត់មុខពីទីលានដល់ទៅ១០ឬ១១ខែ ហើយហ្វឹកហាត់តែមួយសប្តាហ៍ បន្ទាប់មកក៏ចូលលេងតែម្ដងបាននោះឡើយ។ ការបង្ហាញមុខរបស់គេ(ក្នុងព្រឹត្តិការណ៍ Euro) គឺមើលទៅមិនអាចទៅរួចឡើយ ហើយមិនគួរទៅរួចឡើយ។ គ្មានអ្នកណានៅទីនេះឃាត់ Virgil ទេ ខ្ញុំសូមស្បថ! ពួកយើងគ្រាន់តែចង់ឲ្យដំបូន្មានដល់កីឡាករយើងទាក់ទងនឹងអាជីពរបស់គេគឺ គ្មានអ្នកណាបង្ខំអ្នកណាទាំងអស់។ គ្មានអ្នកណាអាចស្មានបានទេ ប៉ុន្តែវាពិតជាពិបាកសម្រាប់ Virgil ក្នុងការបង្ហាញខ្លួននៅ Euro ព្រោះគេមិនបានចូលហ្វឹកហាត់ជាមួយក្រុមឡើយ ហើយអាចនឹងប្រើពេលយូរទៀត។ ដូច្នេះខ្ញុំមិនដឹងទេ ប៉ុន្តែការសម្រចចិត្តស្ថិតនៅលើខ្លួនគេផ្ទាល់។

គួររម្លឹកផងដែរ Virgil van Dijk ផ្ទេរពីក្លិប Southampton មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៨ និងបានវិវត្តន៍ខ្លួនក្លាយជាខ្សែការពារជួរមុខម្នាក់ក្នុងពិភពបាល់ទាត់ដោយគេមានចំណែកជួយ Liverpool លើកពាន Champions League និង Premier League ផងដែរ៕

ប្រភព៖ mirror
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload