អ្នកនាំ​ពាក្យរាជរដ្ឋាភិបាល​ បញ្ជាក់ខ្លីៗ​ជុំវិញ​គោល​ការណ៍​នៃ​ការ​បិទ​​ក្រុង​ (Lock down)

//s9.kh1.co/7a/7a87c55dd46820ebf9fa59badbd2efd46d1ec446.jpg
សង្គម

 ១៥-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

«ខ្ញុំសូមសង្ខេបការបិទក្រុង (Lock down) មានដូចជា កន្លែងការងារឯកជន និងរដ្ឋ ត្រូវធ្វើការនៅផ្ទះ (work from home) ភោជនីយដ្ឋាន ត្រូវបម្រើជាលក្ខណៈវេចខ្ចប់ ហាមលក់គ្រឿងស្រវឹង បិទផ្សារទំនើប...»

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ត​កណ្ដាល​​រយៈពេល ២សប្តាហ៍​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃ ១៤ មេសា ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយការប្រកាសបិទខ្ទប់ក្រុង ក៏មានចម្ងល់ពីពលរដ្ឋមួយចំនួននៅលើបណ្តាញទំនាក់ទំនងសង្គម។ បង្ហាញចម្ងល់​ដោយអ្នកទាំងនោះចង់ដឹងចំណុចចំៗលើករណី Lock down និងករណីលើកលែងណាខ្លះសម្រាប់​ជីវភាពប្រចាំថ្ងៃ។

ឆ្លើយតបនឹងមន្ទិលទាំងនេះ មន្ត្រីរដ្ឋាភិបាលជាបន្តបន្ទាប់បានចេញលិខិតពន្យល់ និងសារខ្លះៗនៅលើបណ្តាញសង្គម​ផ្លូវការ​របស់ខ្លួន។

លោក ផៃ​ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃ ១៥មេសានេះ បានបញ្ជាក់ត្រួសៗពីការបិទក្រុង (Lock down) ដោយលោក​សង្ខេប​មកត្រឹម ៩ចំណុច ក្នុងនោះលោកថា កន្លែងការងារឯកជន និងរដ្ឋត្រូវធ្វើការនៅផ្ទះ (work from home) ក្នុងអំឡុង ១៤ថ្ងៃនេះ។

លោក ផៃ ស៊ីផាន៖ «ខ្ញុំសូមសង្ខេបការបិទក្រុង (Lock down) មានដូចជា កន្លែងការងារឯកជន  និងរដ្ឋ ត្រូវធ្វើការ​នៅផ្ទះ (work from home) ភោជនីយដ្ឋាន  ត្រូវបម្រើជាលក្ខណៈវេចខ្ចប់ ហាមលក់គ្រឿងស្រវឹង បិទផ្សារទំនើប បំរាមគោចរនាពេលរាត្រី បិទកន្លែងកំសាន្ត និងរោងភាពយន្តគ្រប់ប្រភេទ បិទពេទ្យសត្វ គ្លីនិក កន្លែងកែសម្ផស្ស និងទន្តពេទ្យ បើកតែផ្សារណាដែលលក់របស់បរិភោគប្រចាំថ្ងៃ ដូចជាបន្លែ ត្រី សាច់និងគ្រឿងទេស បើកតែពេទ្យ​ព្យាបាល និងឱសថស្ថានលក់ថ្នាំពេទ្យប៉ុណ្ណោះ»។

ចំណែកលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលនៅយប់ថ្ងៃ ១៤ មេសានេះ ក៏បានបង្ហើប​តាម​រយៈ​បណ្តាញទំនាក់ទំនងតេលេក្រាមដោយអំពាវនាវឲ្យពលរដ្ឋជឿជាក់លើវិធានការ​របស់រាជ​រដ្ឋាភិបាល​ពាក់ព័ន្ធ​កូវីដ​១៩។ ក្នុងនោះលោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិត​ឈឹង​មិនឱ្យមានវិធីក្នុង​ការរក​ម្ហូប​អាហារ​ទទួលទាននោះឡើយ។ ការអំពាវនាវយ៉ាងដូច្នេះធ្វើឡើងក្រោយគេឃើញទិដ្ឋភាពទាំងជាក់ស្តែង និងនៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុកបង្ហាញ​ថាពលរដ្ឋក្នុងក្រុងមួយចំនួនកំពុងសម្រុកទិញទំនិញ និងស្បៀងទុក។

ជាការកត់សម្គាល់ គិតមកត្រឹមថ្ងៃ ១៤មេសា ២០២១នេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុបចំនួន ៤៨៧៤ នាក់ អ្នកជា​សះ​​ស្បើយ ២២៩០នាក់ អ្នកកំពុងព្យាបាល ២៥៤៤ នាក់ និងអ្នកស្លាប់ ៣៥ នាក់។ ហើយគិតត្រឹមយប់​ថ្ងៃទី១៣ ខែ​មេសា ២០២១ ប្រជាជនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចសរុប ១,១៧០,០២៩នាក់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T