បរទេស៖ ខណ:ដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ យើងកាន់តែបានឃើញយានប្លែកៗដែលនឹងហោះហើរនៅថ្ងៃអនាគត លើពិភពលោកយើងនេះ។ ឡានហោះ ឬតាក់ស៊ីហោះគឺជាសុបិន្តរបស់មនុស្សតាំងពីជំនាន់មុនៗ ដែលស្រមៃថា ថ្ងៃណាមួយនឹងមានយានទាំងនោះហោះពេញផ្ទៃមេឃ ហើយការស្រមៃនេះហាក់ដូចជាបានក្លាយមកជាការពិតហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងវីដេអូពីរដែលបញ្ចេញដោយក្រុមហ៊ុន Joby Aviation គេបានបញ្ចេញរូបរាងតាក់ស៊ីហោះ និងបង្ហាញពីការហោះហើររបស់វា។
លោក Paul Sciarra ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Joby បាននិយាយថា តាក់ស៊ីហោះនេះមានសំឡេងរំខានទាបបំផុត ដែលមានសំឡេងតិចជាង65ដេស៊ីបេលក្នុងរយ:កម្ពស់100ម៉ែត្រក្នុងពេលហោះឡើងនិងចុះចត ហើយវាស្ទើរតែមានសំឡេងស្ងាត់ឈឹងនៅរយ:កម្ពស់ហោះហើរកាន់តែខ្ពស់។ ការធ្វើឱ្យតាក់ស៊ីហោះមានសំឡេងស្ងាត់ល្អគឺជាគន្លឹះដ៏សំខាន់មួយ ដែលធ្វើឱ្យយានក្លាយជាជម្រើសមួយសម្រាប់មធ្យោបាយដឹកជញ្ជូនតាមទីក្រុង ព្រោះគ្មាននរណាម្នាក់ចង់បានយានដែលមានសំឡេងខ្លាំងហោះឆ្លងកាត់តំបន់របស់ពួកគេទាំងយប់ទាំងថ្ងៃនោះទេ ទោះបីជាយាននោះល្អយ៉ាងណាក៏ដោយ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Joby បាននិយាយថា ខ្លួនបានបញ្ចប់ការហោះហើរសាកល្បងជាងមួយពាន់ដង ចាប់តាំងពីការបង្កើតរបស់ខ្លួនក្នុងឆ្នាំ2009មក នេះជាលើកដំបូងហើយដែលសាធារណជនបានឃើញតាក់ស៊ីហោះនេះដំណើរការ។ យានអគ្គិសនីសុទ្ធសាធនេះ មានល្បឿនអតិបរមា200ម៉ាយក្នុងមួយម៉ោង (300km/h)។ វាអាចផ្ទុកមនុស្សបានប្រាំនាក់រួមទាំងអ្នកបើកយន្ដហោះ ហើយពេលខ្លះវាអាចត្រូវបានគ្រប់គ្រងពីចម្ងាយពីដីមកក៏បាន។
ទោះបីជាមានការប្រកួតប្រជែងជាច្រើននៅក្នុងវិស័យនេះពិតមែន តែក្រុមហ៊ុន Joby បានទទួលការគាំទ្រពីក្រុមហ៊ុនតូយ៉ូតាឯណោះ ហើយថ្មីៗនេះខ្លួនបានទិញអាជីវកម្មតាក់ស៊ីអាកាស Uber Elevate របស់ Uber ទៀតផង៕