អង់គ្លេស៖ បងប្រុសរបស់ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បានប្រើប្រាស់សម្ដីជះសាំងទៅលើភ្លើងដោយដាស់តឿន Manchester United ឲ្យប្រញាប់លក់ប្អូនប្រុសរបស់គេបើសិនជាក្លិបនៅចង់បានលុយព្រោះពេលកុងត្រាផុតសុពុលភាព Pogba នឹងចាកចេញដោយគ្មានតម្លៃខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុងត្រារបស់កីឡាករវ័យ២៧ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងរដូវកាលនេះហើយ ខណៈកាលពីចុងឆ្នាំកន្លងទៅ ភ្នាក់ងាររបស់គេគឺលោក Mino Raiola ធ្លាប់សុំឲ្យ Man UTD ដោះលែង Pogba ព្រោះកីឡាករម្នាក់នេះមិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Old Trafford នោះឡើយដែលគេបានផ្ដល់បទសម្ភាសន៍មុនការប្រកួតធំរបស់ Man UTD ទល់នឹង RB Leipzig ចំនួន១ថ្ងៃដោយរឿងនេះបានធ្វើឲ្យផ្អើលអស់អ្នកគាំទ្រហើយបណ្ដាវីរបុរសរបស់ក្លិបក៏បានរិះគន់ Pogba ដែរ។

Pogba ធ្លាប់និយាយថាការលេងនៅក្លិបអធិរាជស Real Madrid ជាក្ដីស្រមៃរបស់គេ ទើបអ្នកគាំទ្របិសាចក្រហមមិនអាចទាយបានទេថាគេនឹងបន្តកុងត្រាឬជ្រើសរើសចាកចេញ។ យ៉ាងណាមិញក្រោយផ្ទុះព័ត៌មាននៃការចាកចេញរបស់គេ Paul Pogba នៅតែបន្តចូលលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ជារឿយៗដោយបន្តរកគ្រាប់បាល់បានដដែល ខណៈសម្ពន្ធភាពរបស់គេជាមួយខ្សែបម្រើ Bruno Fernandes ខិតទៅរកភាពល្អប្រសើររហូតអ្នកគាំទ្ររំពឹងទុកថា Pogba នឹងស្នាក់នៅជាមួយបិសាចក្រហមបន្ត។

ស្រាប់តែពេលថ្មីៗនេះ Mathias Pogba ដែលលេងឲ្យក្លិប Racing Murcia ក្នុងប្រទេសអេស្ប៉ាញ បានចេញមុខបញ្ជាក់ហើយថា Paul Pogba ដែលជាប្អូនប្រុសរបស់គេអាចនឹងចាកចេញពីក្លិប។

Mathias Pogba បានថ្លែងប្រាប់ El Chiringuito ថា៖
គេ(Paul Pogba) សប្បាយចិត្តណាស់និងកំពុងធ្វើបានល្អជារឿយៗ គេនៅសល់ពេលមួយឆ្នាំទៀតក្នុងកុងត្រាអ៊ីចឹងហើយទើបខ្ញុំមិនទាន់ច្បាស់ទេថាគេនឹងស្នាក់នៅបន្តរហូតផុតកុងត្រាឬយ៉ាងណា ខ្ញុំមិនអាចនិយាយអីច្រើនបានទេ។ អ្វីតែម្យ៉ាងគត់ដែលខ្ញុំអាចនិយាយបានគឺបើសិន Man UTD ចង់បានលុយ ក្លិបគួរតែលក់ Pogba ពីពេលនេះទៅឲ្យហើយ ព្រោះគេនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ ខ្ញុំមិនទាន់បានឮថាគេបន្តកុងត្រាថ្មីនោះឡើយ។

គួរបញ្ជាក់ផងដែរថាកាលប្រកួតទល់នឹង Southampton ដែល Man UTD យកឈ្នះ ៩ ទល់នឹង ០ នោះគឺខ្សែបម្រើ Paul Pogba ត្រូវលោកគ្រូបង្វឹក Solskjaer ដាក់ឲ្យអង្គុយកៅអីបម្រុង ប៉ុន្តែអាចនឹងបានចូលលេងវិញពេលប៉ះក្លិបស្ករគ្រាប់Everton នៅចុងសប្តាហ៍នេះ៕

ប្រភព៖ goal