អង់គ្លេស៖ លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនៃក្លិបកាំភ្លើងធំArsenal គឺលោក Mikel Arteta បានកោតសរសើរទម្រង់លេងរបស់ខ្សែប្រយុទ្ធ Alexandre Lacazette ដែលល្អឡើងៗពីមួយប្រកួតទៅមួយប្រកួតបើធៀបនឹងពេលមុនៗរបស់គេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិបារាំងរូបនេះធ្លាប់ជួបភាពលំបាកដោយធ្លាក់ទម្រង់លេងកាលពីដើមរដូវកាលប៉ុន្តែពេលនេះលោកគ្រូសង្កេតឃើញថាគេមានភាពជឿជាក់ជាងមុន និងបានជះឥទ្ធិពលល្អដល់អ្នកជុំវិញខ្លួនទៀតផង។ ក្រៅពីនោះលោកគ្រូក៏បានគូសបញ្ជាក់ដែរថាគេប្រៀបដូចកីឡាករថ្មីម្នាក់អ៊ីចឹងនិងបង្ហើបថាក្លិបអាចនឹងស្នើកុងត្រាថ្មីដល់ Lacazette ដើម្បីចងជើងរូបគេនៅទឹកដី Emirates ឲ្យបានយូរ។

លោកគ្រូ Arteta បានថ្លែងថា៖
គេ(Alexandre Lacazetta) ពិតជាបានផ្លាស់ប្ដូរព្រោះគេមើលទៅមានភាពជឿជាក់ជាងមុន ដូចមនុស្សផ្សេងពីលើកមុនអ៊ីចឹង។ ខ្ញុំគិតថាដោយសារគេមានទំនុកចិត្តលើខ្លួនឯងនេះហើយទើបគេអាចជាប់ជម្រើស១១នាក់ដំបូងសឹងតែគ្រប់ការប្រកួតនិងរកគ្រាប់បាល់បានជារឿយៗ។គេពិតជាកំពុងលេងបានល្អណាស់ គេចេះមើលស្ថានការណ៍ក្នុងការប្រកួតនិងចេះប្រើប្រាស់កាយវិការទាក់ទងជាមួយមិត្តរួមក្រុម។

លោកគ្រូបានបន្តទៀតថា៖
ពួកយើងនឹងនិយាយពីរឿងបន្តកុងត្រារបស់គេ តែនៅពេលនេះខ្ញុំចង់ឲ្យគេរក្សាទម្រង់លេងបែបនេះរហូតដល់ចប់រដូវកាលដែលជាពេលវេលាដ៏សក្តិសមសម្រាប់ពិភាក្សារឿងកុងត្រានេះ។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Alexandre Lacazette ផ្ទេរមកលេងឲ្យក្លិបកាំភ្លើងធំ Arsenal នៅឆ្នាំ២០១៧ ពីក្លិបបារាំង Lyon ដោយមកទល់ពេលនេះគេបង្ហាញខ្លួនបាន១១៥ដងឲ្យក្លិបនិងស៊ុតបញ្ចូលទីបាន៤៥គ្រាប់ ខណៈលោកគ្រូ Arteta កាន់តែជឿទុកចិត្តដោយដាក់គេឲ្យជាប់ជម្រើស១១នាក់ដំបូងញឹកញាប់៕

ប្រភព៖ caughtoffside