កម្សាន្ត៖ កោះទន្សាយ គឺជាកោះមួយដែលមានឈ្មោះល្បីល្បាញជាយូរណាស់មកហើយប្រចាំខេត្តកែប ហើយក៏មានភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាលេងកម្សាន្តច្រើនមិនដាច់នោះដែរ ដោយសារតែកោះមួយនេះ សម្បូរទៅដោយបរិយាកាសអំណោយផលបែបធម្មជាតិ ទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់មានជម្រាលវែង ងាយស្រួលក្នុងការងូតទឹកលេងនិងសំដិលខ្លួនគយគន់ទេសភាព ស្ដាប់សម្លេងទឹករលកបានយ៉ាងរំភើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ សម្រាប់អ្នកដែលមិនទាន់បានទៅលេងកោះដ៏ស្អាតមួយនេះ ហើយមានបំណងចង់ទៅលេង តែមិនមានពេលទំនេរច្រើន ហើយមិនដឹងថាគួរធ្វើបែបណាសប្បាយនិងចំណេញពេលច្រើនពេលទៅដល់ទីនោះ។ ថ្ងៃនេះ ខ្មែរឡូតក៏បានចុះទៅផ្តិតយករូបភាព និងប្រាប់ពីគន្លឹះផ្សេងៗមួយចំនួន ដើម្បីធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកសប្បាយ ហើយចំណេញពេលច្រើនថែមទៀតផង៕
១.ការធ្វើដំណើរ
សម្រាប់អ្នកដែលនៅទីក្រុងភ្នំពេញ គួរលៃលកចេញដំណើរទៅពីព្រឹកព្រលឹមបន្តិច ព្រោះកុំឲ្យទៅដល់ទីនោះថ្ងៃត្រង់ពេក ហើយពេលទៅដល់យើងក៏មានពេលច្រើនសម្រាប់ការត្រៀមខ្លួនសម្រាកបានយូរផងដែរ។

២.ត្រៀមទិញគ្រឿងសមុទ្រពីផ្សារក្ដាមទៅឲ្យហើយ
ចំណុចនេះ គួរតែចាំបាច់ដែរ ព្រោះថានៅលើកោះ ពុំសូវមានរបស់របរលក់ដូរ និងអាហារសម្រាប់ញ៉ាំគ្រប់គ្រាន់នោះទេ បើយើងមានរបស់ផ្ទាល់ខ្លួនយកទៅខ្លួនឯង គឺងាយស្រួលក្នុងការឲ្យខាងម្ចាស់ផ្ទះស្នាក់គេ រៀបចំឲ្យយើងបានផងដែរ។

៣.ពេលចេញដំណើរជិះទូកទៅលើកោះ
សម្រាប់មធ្យោបាយធ្វើដំណើរទៅលើកោះនេះត្រូវចំណាយពេលប្រហែល ១៥ ទៅ ២០នាទីទើបអាចទៅដល់ ដោយយើងធ្វើការជិះទូកឈើដែលមានទំហំធំល្មមដែរ។ ហើយតម្លៃជួលវិញប្រមាណ ២៥ ដុល្លារទាំងទៅទាំងមក ដែលអាចផ្ទុកចំនួនមនុស្សបាន ៨នាក់ ដែលចំណុចនេះ បើយើងមានគ្នាច្រើន ក៏អាចសម្រួលដល់ការចំណាយមួយកម្រិតដែរ ដោយគ្រាន់តែរៃលុយគ្នាម្នាក់បន្តិចៗគឺគ្រប់ល្មម។

៤.ពេលទៅដល់កោះ
ពេលទៅដល់ភ្លាម សម្រាប់អ្នកដែលទៅគេងស្នាក់នៅទីនោះក៏អាចចូលទៅ Check in បន្ទប់បានប្រសិនបើយើងបានធ្វើការកក់ផ្ទះរួចហើយ(គួរកក់ផ្ទះស្នាក់ជាមុនទើបល្អ)។ នៅពេលដែលបានចូលផ្ទះស្នាក់រៀបចំទុកដាក់ឥវ៉ាន់រួចរាល់ យើងក៏អាចដើរលេងមើលទេសភាពតាមមាត់ឆ្នេរ អង្គុយមើលទឹករលក និងដើរថតរូបកម្សាន្តនៅជុំវិញកោះបានយ៉ាងរីករាយ។ ហើយនៅទីនោះ មានកន្លែងស្អាតៗច្រើនខ្លាំងមែនទែន ដូច្នេះសម្រាប់អ្នកចូលចិត្តថតរូប អាចនឹងសប្បាយថត រហូតភ្លេចឃ្លានបាយក៏ថាបានដែរ។

៥.ធ្វើសាច់អាំង BBQ ញ៉ាំជុំគ្នា
ពេលល្ងាចបន្តិច នៅពេលដែលយើងដើរថតរូបជុំវិញកោះអស់ចិត្តហើយ ពេលដែលត្រូវសប្បាយក៏បានមកដល់។ សម្រាប់ការជួបជុំបែបជាអាំងសាច់ អាំងគ្រឿងសមុទ្រស្រស់ៗញ៉ាំជុំគ្នានៅមាត់ឆ្នេរ អង្គុយមើលថ្ងៃលិច ញ៉ាំអាហារបណ្ដើរជជែកគ្នាពីនេះពីនោះបណ្ដើរ រួចហើយចាក់ភ្លេងកំដរអារម្មណ៍ រាំលេងកម្សាន្ត ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយខ្លាំងថែមមួយកម្រិតផងដែរ ( យើងអាចដាក់ Speaker ពីផ្ទះទៅបាននិងត្រៀមឧបករណ៍សាកថ្មឲ្យគ្រប់គ្រាន់ផង)។
យ៉ាងណាមិញ សម្រាប់ដំណើរកម្សាន្តនៅលើកោះរយៈពេលមួយយប់មួយថ្ងៃនៅទីនោះ ជឿជាក់ថា នឹងអាចធ្វើឲ្យអ្នកសប្បាយរីករាយខ្លាំង។ ហើយនៅពេលព្រឹកឡើង បន្ទាប់ពីធ្វើដំណើរជិះទូកចេញពីកោះមកដល់ច្រាំងវិញ យើងក៏អាចនឹងនៅសល់ពេលវេលាខ្លះៗ ឈានចូលទៅលេងកន្លែងផ្សេងៗដូចជាឆ្នេរកែប ឬកាហ្វេលើភ្នំជាដើម៕
ទស្សនារូបភាពខាងក្រោយបន្ថែម៖













