បរទេស៖ ខណៈសមរភូមិកំពុងមានការវិវត្តន៍ឥតឈប់ឈរ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានចាត់ចែងថវិការាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីចំណាយទៅលើវិស័យកងកម្លាំងយោធា ដែលខ្លួនគិតថាជាកិច្ចការចម្បងក្នុងការបម្រើផលប្រយោជន៍ និងអភិវវឌ្ឍវិស័យការពារជាតិ។ ថ្ងៃនេះដែរ ខ្មែរឡូត សូមនាំប្រិយមិត្តមកស្គាល់ប្រទេសទាំង ៥ ដែលជាប្រទេសមានកងកម្លាំងយោធា មានឥទ្ធិពលខ្លាំងជាងគេបំផុតក្នុងឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អាមេរិក

អាមេរិករក្សាតំណែងកំពូលរបស់ខ្លួនជាមហាអំណាចយោធាធំជាងគេលំដាប់ថ្នាក់ទី ១ នៅក្នុងពិភពលោក។ ប្រទេសនេះមានកងកម្លាំងដែនអាកាសច្រើនមហិមា ដែលក្នុងនោះមានយន្តហោះចម្បាំងចំនួន ២,០៨៥ គ្រឿង ឧទ្ធម្ភាគចក្រវាយប្រហារ ៩៦៧ គ្រឿង យន្តហោះដឹកជញ្ជូន ៩៤៥ គ្រឿង និងយន្តហោះបេសកកម្មពិសេស ៧៤២ គ្រឿង។ លើសពីនេះ អាមេរិកមានរថយន្តយោធាចំនួន ៣៩,២៥៣ គ្រឿង នាវាពិឃាត ៩១ គ្រឿង នាវាដឹកយន្តហោះ ២០ គ្រឿង និងមានទាហានយោធាសកម្មចំនួន ១,៤០០,០០០ នាក់។
២. រុស្ស៊ី

រុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីអាមេរិកលើវិស័យកងកម្លាំងយោធា ដោយមានរថក្រោះច្រើនជាងគេបំផុតចំនួន ១២,៩៥០ គឺច្រើនជាងអាមេរិកទ្វេដង និងមានទាហានយោធាសកម្មចំនួន ១,០១៣,៦២៨ នាក់ ទទួលបន្ទុកបញ្ជារថយន្តយោធាចំនួន ២៧,០៣៨ គ្រឿង និងមានកាំភ្លើងធំ ៦,០៨៣ រួមទាំងជើងបាញ់កាំជ្រួចមីស៊ីល ៣,៨៦០ គ្រឿង។ ដោយឡែក ចំពោះកងកម្លាំងដែនអាកាស រុស្ស៊ីមានយន្តហោះចម្បាំង ៨៧៣ គ្រឿង និងឧទ្ធម្ភាគចក្រវាយប្រហារ ៥៣១ គ្រឿង។ ហើយសម្រាប់កងទ័ពដែនទឹក រុស្ស៊ីមាននាវាមុជទឹកចំនួន ៦២ គ្រឿង និងនាវាចម្បាំងចំនួន ៤៨ គ្រឿង។
៣. ចិន

មហាយក្សកុំម្មុយនីស្តចិន ជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានទាហានយោធាសកម្មប្រមាណជា ២,១៨៣,០០០ នាក់ ច្រើនជាងគេនៅលើពិភពលោក និងមាននាវាមុជទឹកចំនួន ៧៤ គ្រឿង កងនាវាចរ ៥២ គ្រឿង និងនាវាពិឃាត ៣៦ គ្រឿង។ ចំណែកកងទ័ពដែនគោកវិញ ចិនមានរថយន្តយោធាចំនួន ៣៣,០០០ គ្រឿង និងរថក្រោះចំនួន ៣,៥០០ គ្រឿង។ ដោយឡែក កងទ័ពអាកាសរបស់ចិនរួមមាន យន្តហោះចម្បាំង ១,២៣២ គ្រឿង និងឧទ្ធម្ភាគចក្រវាយប្រហារ ២៨១ គ្រឿង។
៤. ឥណ្ឌា

ឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានប្រជាជនប្រមាណ ១,៤៤៤,០០០ នាក់កំពុងបម្រើការយ៉ាងសកម្មនៅក្នុងវិស័យកងកម្លាំងយោធារបស់ខ្លួន។ ឥណ្ឌាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក៏បានស្ថិតនៅក្នុងចំណោមប្រទេសនាំមុខគេលើពិភពលោកក្នុងវិស័យនេះផងដែរ ដោយក្នុងនោះ ឥណ្ឌាមានរថក្រោះចំនួន ៤,២៩២ គ្រឿង កាំភ្លើងធំ ៤,០៦០ និងយន្តហោះចម្បាំង ៥៣៨ គ្រឿង។
៥. ជប៉ុន

ជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ ៥ ដែលមានទាហានយោធាសកម្មប្រមាណជា ២៤៧,១៦០ នាក់ និងមានយន្តហោះបេសកកម្មពិសេសចំនួន ១៥២ គ្រឿង។ រីឯកងនាវាជើងទឹកវិញ ជប៉ុនមាននាវាពិឃាតចំនួន ៤០ គ្រឿង។ ទន្ទឺមនឹងនោះ ជប៉ុនក៏មានរថយន្តយោធាចំនួន ៣,១៣០ គ្រឿង រថក្រោះ ១,០០៤ និងឧទ្ធម្ភាគចក្រវាយប្រហារចំនួន ១១៩ គ្រឿងបន្ថែមទៀតដែរ៕
