អង់គ្លេស ៖ លោក Alan Smith ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal បានបញ្ចេញទស្សនៈអវិជ្ជមានតបទៅនឹងការដែលអតីតក្លិបរបស់លោកខ្ចីជើងខ្សែបម្រើ Martin Odegaard ពីក្លិបអធិរាជស Real Madrid ដោយប្រៀបធៀបថា Odegaard នឹងលេងអន់ដូចអតីតខ្សែបម្រើរបស់ Barcelona គឺ Denis Suarez ដែល Arsenal ធ្លាប់ខ្ចីជើងមកដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកគិតថា Odegaard មិនសូវមានភាពលេចធ្លោនោះឡើយនិងលេងមិនបានល្អដែលនោះជាហេតុផលដែល Real Madrid តែងតែព្យាយាមយកកីឡាករវ័យ២២ឆ្នាំរូបនេះដាក់ឲ្យក្លិបផ្សេងខ្ចីជើង។

លោក Alan Smith បានថ្លែងយ៉ាងដូច្នេះថា៖
កាលនៅ Real Madrid គេ(Martin Odegaard) មានបញ្ហាច្រើនណាស់ ហើយ Arsenal មិនគួរយកកីឡាករដែលមិនបានជួយអ្វីដូចគេនោះឡើយ។គេធ្វើឲ្យខ្ញុំនឹកដល់ Denis Suarez ដែលមកខ្ចីជើងនៅក្លិប Arsenal តែបែរជារងរបួសញឹកញាប់ នេះវាពិតជាគួរឲ្យខ្មាសគេមែន។

លោកក៏បានបន្តទៀតថា Arsenal គួរចៀសវាងកុំឲ្យដូចករណី Denis Suarez ព្រោះកីឡាករសញ្ជាតិអេស្ប៉ាញម្នាក់នេះបានចូលលេងតែ៦ប្រកួតគត់ឱ្យ Arsenal ៖
ខ្ញុំសង្ឃឹមថា Arsenal នឹងចេះប្រើប្រាស់ Odgaard គេជាកីឡាករវ័យក្មេងដែលបានផ្ទេរទៅលេងនៅReal Madrid ហើយមានមនុស្សជាច្រើននាក់ណាស់សង្ឃឹមខ្ពស់ថាគេនឹងលេងបានល្អ តែបើមើលតាមស្ថានភាពជាក់ស្ដែងទៅ គឺគេលេងមិនបានលេចធ្លោទេ។
គួរបញ្ជាក់ផងដែរថាក្រៅពី Martin Odegaard ក្លិបកាំភ្លើងធំ Arsenal ក៏បានខ្ចីជើង Dani Ceballos ពី Real Madrid ដែរប៉ុន្តែគេលេងមិនបានល្អដូចការរំពឹងទុកនោះឡើយ៕


ប្រភព៖ as