អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes បានបង្ហើបថារូបគេចាប់ផ្ដើមមានជំនឿជាក់លើក្រុមថាអាចមានលទ្ធភាពប្រជែងយកពាន Premier League បានចាប់តាំងពី Man UTD ប្រកួតទល់នឹង Leicester City កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០មកម៉្លេះដែលកាលណោះពួកគេលេងបានស្មើ ២ ទល់នឹង ២ ជាមួយ Leicester ដោយ Fernandes រួមចំណែកស៊ុតបញ្ចូលទីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបបិសាចក្រហម Manchester United ខានបានកាន់ពានជាង៨ឆ្នាំមកហើយ ប៉ុន្តែ Fernandes មានភាពសុទិដ្ឋិនិយមថាក្រុមពិតជាអាចសម្រេចគោលដៅឈ្នះពាន Premier League បានព្រោះមិត្តរួមក្រុមរបស់គេសុទ្ធតែមានទឹកចិត្តប្រយុទ្ធដើម្បីដណ្ដើមពាន។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានថ្លែងថា៖
បន្ទាប់ពីពួកយើងប្រកួតជាមួយ Leicester ដែលពួកយើងលេងបានត្រឹមស្មើ ខ្ញុំបានឃើញមិត្តរួមក្រុមរបស់ខ្ញុំបញ្ចេញអារម្មណ៍តក់ស្លុត ទើបខ្ញុំសប្បាយចិត្តដែលឃើញដូច្នេះព្រោះនេះជាលើកទីមួយហើយដែលកីឡាករទាំងអស់ស្រេកឃ្លានចង់ឈ្នះបែបនេះ។ ខ្ញុំគិតថាពួកយើងគួរតែព្យាយាមប្រឹងប្រែងបន្តទៀត។
Bruno Fernandes បានជួយកែប្រែស្ថានភាពលំបាកលំបិនរបស់ក្រុមតាំងពីចូលរួមជាមួយ Man UTD តិចជាង១២ខែមុនដោយផ្ទេរពីក្លិប Sporting Lisbon ហើយបន្ទាប់ពីនោះមក Man UTD បានបន្តឈ្នះការប្រកួតក្នុងដីរហូតដែលជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយប៉ុន្តែគេនៅតែគិតថាក្រុមទាំងមូលនៅត្រូវកែលម្អចំណុចមួយចំនួនទៀត។

នៅពេលដែលខ្ញុំមកដល់ទីនេះដំបូងៗ ខ្ញុំអាចមើលឃើញថាក្រុមទាំងមូលពិតជាធ្វើបានប្រសើរច្រើន តាំងពីមួយប្រកួតទៅមួយប្រកួតទៀត ពួកយើងចាប់ផ្ដើមលេងល្អឡើងជារឿយៗ ឥលូវនេះវាមានរយៈពេលជិតមួយឆ្នាំហើយ តែខ្ញុំគិតថាពួកយើងនៅប្រឈមនឹងបញ្ហាខ្លះ ដូចជាពួកយើងរបូតគ្រាប់បាល់ច្រើននៅដើមតង់នៃការប្រកួត៕

ប្រភព៖ metro