សង្វារ ជាប្រភេទស្នាមដែលមាននៅលើស្បែក ដែលបង្កពីការរីកធំលឿនពេកនៃរាងកាយ។ គេសង្កេតឃើញមានទាំងប្រុសនិងស្រី ប៉ុន្តែភាគច្រើនកើតលើស្រ្តីដែលមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំប្រឆាំងរលាក (Corticosteroids) ច្រើន ការវះកាត់ពង្រីកដើមទ្រូង សម្រកទម្ងន់ ឬឡើងទម្ងន់លឿនពេកជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាវិធីសាស្រ្ត៥យ៉ាងក្នុងកាត់បន្ថយសង្វារ៖
១. វីតាមីន A

វីតាមីនអា ឬរេទីណូអ៊ីត ជាសារធាតុមួយប្រភេទដែលជួយធ្វើឱ្យស្បែកកាន់តែរលោង ក្មេងជាងវ័យ និងត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពនៃការបំបាត់ស្នាមសង្វា បើយោងតាមរយៈការសិក្សាឆ្នាំ១៩៩៦។ អ្នកអាចប្រើជាប្រភេទលាប ឬលេប ដើម្បីជំនួយដល់សុខភាពស្បែក និងសភាពទូទៅនៃរាងកាយទាំងមូល ម្យ៉ងទៀត អ្នកក៏អាចបរិភោគអាហារដែលសំបូរទៅដោយវីតាមីនអា ដែលមានដូចជាការ៉ុត និងដំឡូងបារាំងជាដើម។
២. ស្ករស

អ្នកឯកទេសផ្នែកសើស្បែកបានបង្ហាញថា ការជម្រុះកោសិកាស្បែក (Microdermabrasion) ជាវិធីសាស្រ្តមួយប្រភេទដែលមានសមត្ថភាពក្នុងការជួយសម្រាលនូវស្លាកស្នាមសង្វា ជាពិសេសការជម្រុះតាមបែបធម្មជាតិ ដែលអ្នកអាចជ្រើសរើសស្ករសអនុវត្តវិធីសាស្រ្តនេះ។ អ្នកអាចចាប់ផ្ដើមដោយលាយស្ករសចំនួនមួយកែវជាមួយប្រេងធម្មជាតិបន្ទន់ស្បែក (អាចប្រើជាប្រងដូង) ក្នុងកម្រិត១/៤ និងក្រូចឆ្មារបន្តិច ឲ្យក្លាយជាល្បាយខាប់ៗ រួចទើបយកមកដុសត្រង់ទីតាំងដែលមានស្នាមរយៈពេល៥ទៅ៨នាទី ដោយអ្នកអាចអនុវត្តប្រហែល៣ទៅ៤ដងក្នុងមួយសប្ដាហ៍។
៣. ប្រទាលកន្ទុយក្រពើ

ថ្វីត្បិតតែមានការសិក្សាតិចតួចដែលបានអះអាងអំពីប្រសិទ្ធភាពរបស់ប្រទាលបន្ទុយក្រពើចំពោះស្នាមសង្វាក៏ដោយ ប៉ុន្តែលក្ខណៈផ្តល់សំណើម និងបន្ទន់ស្បែករបស់វាអាចជាគ្រឿងផ្សំធម្មជាតិដ៏ល្អមួយដើម្បីកំចាត់ចោលស្នាមសង្វារក្នុងរយៈពេលណាមួយដោយអ្នកអាចយកប្រទាលមកលាបត្រង់ស្នាមសង្វារទាំងនោះរាល់ពេលងូតទឹក ឬបន្ទាប់ពីជម្រុះកោសិការួចរាល់។
៤. អាស៊ីតយ៉ាឡូរ៉ូនិច

កូឡាជែនគឺជាប្រតេអ៊ីននៅក្នុងស្បែកដែលមាននាទីរក្សាទ្រង់ទ្រាយ និងផ្តល់សុខភាពដល់ស្បែក។ នៅពេលដែលវ័យកាន់តែចាស់ បរិមាណកូឡាជេននឹងថយចុះជាលំដាប់ ជាពិសេសនៅលើមុខ និងស្បែករាងកាយយរបស់យើង។ ចំណែកការផសិតកូឡាជែនត្រូវបានរំញោចដោយអាស៊ីតយ៉ាឡូរ៉ូនិច ហេតុនេះទើបអាស៊ីតប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់សម្រួលទៅដល់ស្លាកស្នាមសង្វារដែលមានឡើង។ អ្នកអាចរកទិញអាស៊ីតយ៉ាឡូរ៉ូនិចនេះបានក្រោមទម្រង់ជាថ្នាំលេប ឬលាបនៅលើទីផ្សារបានយ៉ាងងាយ។
៥. ប្រេងដូង

ដោយហេតុថា សង្វារជាប្រភេទស្នាមដែលកើតចេញពីការខូចខាតស្បែក ហេតុនេះប្រេងដូងប្រហែលជាអាចជួយសម្រាលសភាពស្នាមបានយ៉ាងលឿន។ ការសិក្សាទៅលើសត្វកណ្តុរបានបង្ហាញថា ប្រេងដូងមានប្រសិទ្ធភាពក្នុងការពន្លឿនការជាសះនៃរបួស ដូច្នេះ ការលាបប្រេងដូងសុទ្ធត្រង់ស្នាមសង្វាររបស់អ្នកជារៀងរាល់ថ្ងៃ នោះវានឹងអាចបន្ថយកម្រិតស្នាមក្រហមរបស់ស្បែកបានយ៉ាងល្អ។
គួរបញ្ជាក់ថា ប្រសិនបើអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយខាងលើ គួរចៀសវាងអនុវត្តជាដាច់ខាត ម្យ៉ាងទៀត ក្នុងករណីការអនុវត្តវិធីសាស្រ្តនានាកន្លងមកមិនទទួលបានប្រសិទ្ធភាព អ្នកអាចជួបជាមួយគ្រូពេទ្យឯកទេសលើស្បែក ដើម្បីទទួលការប្រឹក្សា និងព្យាបាលបែបវេជ្ជសាស្រ្តទំនើបៗដែលត្រឹមត្រូវទៅតាមប្រភេទស្នាមនីមួយៗ។ ទោះបីជាស្នាមទាំងនោះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយ ប៉ុន្តែវាក៏បានចូលរួចចំណែកធ្វើឱ្យស្បែកបាត់បង់ភាពស្រស់ស្អាត និងបង្អាក់ទំនុកចិត្តបង្ហាញសម្រស់របស់អ្នកទៀតផង។ យ៉ាងណាមិញ ប្រសិន បើសង្វារនោះទើបនឹងកើតថ្មីៗ អ្នកអាចព្យាយាមអនុវត្តជាមួយវិធីសាស្រ្តមួយចំនួនដែលបានរៀបរាប់ខាងលើ៕