អង់គ្លេស៖ លោកគ្រូបង្វឹករបស់ក្រុមខ្នាយមាន់មាស Tottenham Hotspur គឺ Jose Mourinho បានទូរស័ព្ទទៅខ្សែបម្រើ Luka Modric ដើម្បីបញ្ចុះបញ្ចូលឱ្យរូបគេត្រឡប់មកចូលរួមជាមួយ Spurs វិញ នេះបើយោងតាមការរាយការណ៍ពីប្រភពព័ត៌មាននៅប្រទេសអេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Modric បានចំណាយពេល៤ឆ្នាំជាមួយក្លិប Spurs មុននឹងចូលរួមជាមួយក្លិបអធិរាជស Real Madrid ដែលរូបគេបានឈ្នះពាន Champions League ដល់ទៅ៤ ដងក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ។

ម្ចាស់អាវលេខ១០រូបនេះបានវិវត្តន៍ខ្លួនឲ្យក្លាយជាខ្សែបម្រើដ៏ល្អម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់Real Madrid ដោយបានលោកគ្រូ Jose Mourinho នេះហើយដែលព្យាយាមបញ្ចុះបញ្ចូលអូសទាញគេឲ្យមក Real Madrid នៅពេលដែលលោកគ្រូនៅដឹកនាំក្លិបយក្សម្ចាស់ពាន UCL ១៣សម័យ។ កាលណោះ Modric បានបង្ហើបថាលោកគ្រូ Mourinho បានទូរស័ព្ទទៅប្រាប់ថ្នាក់ដឹកនាំរបស់ Spurs ដោយផ្ទាល់ដើម្បីចរចាយក Modric មកទឹកដី Santiago Bernabeu ។

យោងតាម El Chiringuito ពេលនេះ Mourinho មានបំណងចង់ឈ្នះពាន ជាមួយ Spurs ហើយលោកក៏បានទូរស័ព្ទទៅ Modric ដើម្បីអូសទាញគេមកកាន់ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍វិញផងដែរ។

កុងត្រារបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះជាមួយក្លិប Real Madrid នឹងផុតកំណត់នៅចុងរដូវកាលនេះហើយ អ៊ីចឹងមានន័យថា Modric អាចពិភាក្សាជាមួយអ្នកតំណាងក្លិបផ្សេងៗដែលចង់បានរូបគេចាប់ពីខែមករានេះតទៅ ប៉ុន្តែមើលទៅលោកគ្រូ Mourinho បានបើកការចរចាលឿនជាងការរំពឹងទុក។

Luka Modric ឯណោះវិញក៏បានផ្ដល់បទសម្ភាសន៍ប្រាប់ The Times ទាក់ទងនឹងលោកគ្រូបង្វឹកJose Mourinho ដែរថា៖
ខ្ញុំមានអារម្មណ៍ល្អណាស់ចំពោះគាត់(Jose Mourinho)ដែលគាត់បានជួយអ្វីៗដល់ខ្ញុំ Tottenham ពិតជាធ្វើបានល្អណាស់ដែលតែងតាំងគាត់ជាគ្រូបង្វឹកព្រោះគាត់ជាគ្រូបង្វឹកដ៏ខ្លាំង...ពេលដឹកនាំនៅ អ៊ីតាលី និង អេស្ប៉ាញ លោកគ្រូបានឈ្នះពានរង្វាន់ឲ្យក្លិបហើយខ្ញុំសង្ឃឹមថាគាត់នឹងនាំពានរង្វាន់មកឲ្យ Spurs ដែរ...វាជារឿងល្អដែល Spurs អាចយករូបគាត់មកដឹកនាំបាន ព្រោះពេលគាត់តែងនាំជោគជ័យមកឲ្យក្លឹប ទោះមានអ្នកខ្លះនិយាយថាគាត់មិនជោគជ័យនៅ Manchester United ក៏ដោយ...។
គួររម្លឹកផងដែរថា Luka Modric បានបង្ហាញខ្លួនឲ្យក្លិប Real Madrid បាន ១៣ដង នៅរដូវកាលនេះនិងស៊ុតបញ្ចូលទីបាន១គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១គ្រាប់ទៀត៕

ប្រភព៖ express