ការអានពិតជាសំខាន់ណាស់សម្រាប់ជីវិតមិនថាសិស្ស និស្សិត កវី បណ្ឌិត អ្នកនិពន្ធ អ្នកជំនួញ ទេសុទ្ធតែត្រូវការណាស់ការអាន ហើយសង្គមជាតិណាដែលសម្បូរទៅដោយអ្នកអានសង្គមជាតិនោះនឹងដើរទៅមុខបានលឿនជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាពទៀតផង។ ប៉ុន្ដែក៏មានផងដែរ អ្នកអានសៀវភៅមិនទាន់បានប៉ុន្មានផងចេះងងុយគេងរហូតយុវជនយើងខ្លះនិយាយលេងទៀតថា ការអានគឺជាថ្នាំងងុយគេងដ៏មានប្រសិទ្ធភាពទៀតផង។ ខាងក្រោមនេះគឺជាកន្លះមួយចំនួនដើម្បីឲ្យការអានរបស់អ្នកមិនងងុយគេងហើយមានប្រសិទ្ធភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អានសៀវភៅដែលអ្នកចូលចិត្ត

សួរខ្លួនអ្នកមើលថាបើអ្នកកំពុងមើលរឿងភាគណាដែលអ្នកចូលចិត្ត តើអ្នកងងុយគេងឬទេ? ពិតណាស់គឺអត់ងងុយទេថែមទាំងចាំសាច់រឿងបានល្អទៀតផងទោះចង់ឲ្យអធិប្បាយឲ្យស្ដាប់ក៏បាន។ ចំណែកការអានសៀវភៅក៏ដូចគ្នាដែរបើអ្នកអានសៀវភៅដែលអ្នកចូលចិត្តអ្នកនឹងអ្នកជក់ចិត្តនឹកការអានហើយស្រលាញ់ចូលចិត្តវាមិនខាន កុំថាឡើយសៀវភៅដែលអ្នកចូលចិត្តជាសៀវភៅបែបប្រលោមលោកក្ដីក៏មានប្រយោជន៍របស់វាដែរ ព្រោះប្រលោមលោកនីមួយៗអ្នកនិពន្ធសុទ្ធតែបង្កប់នូវគំនិតអប់រំរបស់តថភាពសង្គមណាមួយសម្រាប់យើងយកមកថ្លឹងថ្លែងពិចារណាទុកជាមេរៀនជីវិតទៀតផង។ ជាពិសេសយុវជនដែលខ្វះខាតនូវបទពិសោធន៍ជីវិតដែលគួរតែអានវាសម្រាប់ជាប្រទីតបំភ្លឺផ្លូវនៃជីវិតដែលយើងទៅមិនទាន់ដល់។
២. អានសៀវភៅណាដែលទាក់ទងនឹងរឿងដែលអ្នកកំពុងចង់ដឹង

ប្រសិនបើអ្នកកំពុងចង់ដឹងពីរឿងរកសុី ឬ ប្រភេទអាជីវកម្មណាមួយ សូមកុំទាន់ទៅអានសៀវភៅចិត្តសាស្ដ្រអី ព្រោះវានឹងធ្វើឲ្យអ្នកងងុយគេងដូចកំពុងរៀនមុខវិជ្ជាគណិត ពេលគ្រូពន្យល់ច្រើនដងហើយអត់យល់ចឹង។ ម្ល៉េះហើយពេលអ្នកកំពុងចង់ដឹង ឬចង់ស្វែងយល់ពីអ្វីសូមស្វែងរកសៀវភៅដែលទាក់ទងនឹងរឿងនោះមកអាន។ ប្រយោជន៍នៃការបានអាននូវអ្វីដែលយើងកំពុងចង់ដឹងពីវាពិតជាមានប្រសិទ្ធភាពខ្ពស់ណាស់ ព្រោះខួរក្បាលយើងបាននឹងចងចាំវាបានល្អ។
៣. កុំអានពេលអារម្មណ៍អ្នកមិនល្អ

បើអ្នកកំពុងមានអារម្មណ៍តប់ប្រមល់វិលវល់រកថាមិនត្រូវហើយ សូមកុំបង្ខំចិត្តអ្នកឲ្យបន្ដអានអីព្រោះវាមិនសូវមានប្រយោជន៍ឡើយ។ ខួរក្បាលយើងពិតជាមិនអាចទទួលអ្វីបានច្រើនឡើយបើយើងកំពុងមានអារម្មណ៍បែបនឹងដូចច្នេះហើយអ្នកគួរសម្រាកស្ដាប់ភ្លេងឬចម្រៀងដែលអ្នកចូលចិត្ត ញុំាទឹកត្រជាក់រួចប្រមូលអារម្មណ៍ឡើងវិញហើយចាប់កាន់សៀវភៅនោះផ្ដើមអានម្ដងទៀតនោះទើបការអាចមានប្រសិទ្ធភាព។
៤. រើសបរិយាកាសសម្រាប់ការអាន

បរិយាកាសនៃការអានពិតជាមានសារៈសំខានណាស់ ដូចនេះអ្នកគួរនៅឲ្យឆ្ងាយឬស្វែងរកកន្លែណាដែលមិនមានការរំខាននានាហើយមានខ្យល់អាកាសនឹងពន្លឺគ្រប់គ្រាន់ប្រកបដោយផាសុភាព តែមិនត្រូវមានផាសុខភាពពេកទេ ព្រោះវាអាចឲ្យអ្នកងងុយគេងទៅវិញទេ។
ប្រយោជន៍នៃការអានពិតជាល្អសម្រាប់ជីវិតយើងណាស់ហើយអ្នកគួរតែអានទោះបីតិចក្ដីច្រើនក្ដីរហូតដល់វាក្លាជាទម្លាប់នៃជីវិតប្រចាំថ្ងៃ។ បើអ្នកនៅតែយល់ថាការអានសៀវភៅងងុយគេង ហើយមិនព្រមព្យាយាមអានទៀតនោះអ្នកនឹងគេងលក់ជាមួយសុបិនអាក្រក់ ឈឺចាប់ពេញមួយជីវិតមិនខាន។ មនុស្សឆ្លាតពិតគេតែយកការអានទុកជាការកម្សាន្ដជំនួសឲ្យការលេងហ្គេមឬទៅធ្វើរឿងដែលគ្មានប្រយោជន៍ផ្សេងៗ ព្រោះបើអ្នកចេះអានពិតវានឹងផ្ដល់នូវការសប្បាយដូចគ្នាហើយទទួលបានចំណេះដឹងផ្សេងៗទេផង៕