អង់គ្លេស៖ ខ្សែការពារ David Luiz លែងនិយាយស្ដីរកលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Mikel Arteta ទៀតហើយបន្ទាប់ពីលោកគ្រូបានសច្ចាថានឹងបំផ្លាញអ្នកណាម្នាក់ដែលយកព័ត៌មានផ្ទៃក្នុងទៅចែកចាយប្រាប់អ្នកកាសែតទាក់ទិននឹងរឿងជម្លោះនៅលើទីលានហ្វឹកហាត់រវាង David Luiz និងមិត្តរួមក្រុមម្នាក់ទៀតគឺ Dani Cabellos ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿងរ៉ាវវាចាប់ផ្ដើមពី ខ្សែការពារសញ្ជាតិប្រេស៊ីល David Luiz និង Dani Cabellos បានឈ្លោះទាស់ទែងពាក្យសម្ដីគ្នាកំឡុងពេលហ្វឹកហាត់ទើបទាំងពីរនាក់ត្រូវបញ្ជូនឲ្យទៅផ្ទះវិញរៀងៗខ្លួនដែល ហេតុការណ៍កើតឡើងនៅខែវិច្ឆិកាកន្លងទៅ។


Cabellos ដែលជាភាគីពាក់ព័ន្ធបានបដិសេធរឿងអាស្រូវនោះប៉ុន្តែលោកគ្រូបង្វឹក Arteta ស្រាប់តែចេញមុខនិយាយពីព័ត៌មានដែលបែកធ្លាយនោះ។

លោកគ្រូបង្វឹករូបនេះបាននិយាយថា៖
ខ្ញុំមិនសប្បាយចិត្តទេពេលរឿងនោះកើតឡើង...ខ្ញុំនឹងវែករកមុខអ្នកទម្លាយរឿងផ្ទៃក្នុងនេះទៅប្រាប់អ្នកកាសែត នេះជារឿងដែលខ្ញុំស្មានមិនដល់ទាល់តែសោះ ពួកយើងត្រូវការភាពផ្ទាល់ខ្លួនហើយគ្រប់យ៉ាងត្រូវរក្សាទុកជាការណ៍សម្ងាត់ បើសិនខ្ញុំរកឃើញ ខ្ញុំនឹងចាត់ការពួកគេ។
Dani Cabellos បានចូលប្រកួតខ្លះអត់ខ្លះប៉ុន្តែ David Luiz បានចូលរួមសឹងតែគ្រប់ការប្រកួត រហូតដល់ពេលដែលរូបគេបុកក្បាលគ្នាជាមួយ Jimenez កំឡុងពេល Arsenal ប្រកួតជាមួយ Wolves ប៉ុន្តែយ៉ាងណាមិញ បើយោងតាម Football.London បានឲ្យដឹងថា ហេតុការណ៍ជម្លោះមួយនោះបានធ្វើឲ្យលោកគ្រូ Arteta ខឹងក្រោធខ្លាំងណាស់ ដែលមានអ្នកយកព័ត៌មាននេះទៅទម្លាយប្រាប់ពិភពខាងក្រៅ។ លោកគ្រូថែមទាំងសច្ចាស្បថថានឹង "បំផ្លាញ"អ្នកដែលទម្លាយរឿងនេះដែលគេជឿថាប្រហែលជាបុគ្គលិកក្លិប។

សារព័ត៌មាននេះក៏បានបង្ហើបដែរថាលោកគ្រូ Arteta លែងនិយាយជាមួយ Luiz ទៀតហើយដោយពួកគេកំពុងមើលមុខគ្នាមិនចំប្រមាណពីរបីសប្តាហ៍មកនេះ។
បន្ថែមពីនេះ មិនមែនមានតែ Luiz ទេ ដែលកំពុងមានទំនាក់ទំនងមិនល្អជាមួយលោក Arteta ជាក់ស្ដែង បើតាម Football.London នៅមានកីឡាករក្នុងក្រុម Arsenal មួយចំនួនទៀតកំពុងមិនបានសប្បាយចិត្តជាមួយលោក Arteta ពោលតាំងពីពេលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បន្ទោសកីឡាករ Nicolas Pepe រឿងទទួលបានកាតក្រហម កំឡុងពេលទល់នឹងក្រុម Leeds កាលពីខែវិច្ឆិកាមកម្ល៉េះ៕


ប្រភព៖ metro